ពិតទេដែល Yang Mi ត្រូវ​ក្រុមការងារ​រៀប​កន្លែង​អន់​ជាង​តារា​ប្អូន​ជំនាន់​ក្រោយ?

  • 2021-10-19 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​រយៈ​ពេល​ចូល​សិល្បៈ​ច្រើន​ជាង ក៏​ដូច​ជា​មាន​វ័យ​ច្រើន​ជាង​ក៏​ដោយ តែ​ដោយ​សារ​តែ​មាន​ពាន​រង្វាន់​តិច​ជាង តារា​សម្ដែង​ស្រី Yang Mi ត្រូវ​រៀប​អង្គុយ​ក្រោយ​ តារា​ស្រី Zhou Dongyu។ មុននេះ​បន្តិច កម្មវិធី New Chapter Night ដែល​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​ជួរ​មុខ Vogue ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន។ ដោយ​សារ​តែ​ជា​កម្មវិធី​លំដាប់​ប្រចាំ​ឆ្នាំ ដូច​នេះ​ហើយ មាន​តែ​តារា​លំដាប់ A ប៉ុណ្ណោះ ទើប​​ត្រូវ​បាន​អញ្ជើញ។ ក្រៅពី​កំពូល​ម៉ូដែល​ប៉ុន្មាន​រូប​ដែល​មាន​វត្តមាន​នោះ ក៏​គេ​សង្កេត​ឃើញ​មាន​តារា​សម្ដែង​មួយ​ចំនួន​ផងដែរ។

តារា​សម្ដែង​ស្រី​ដែល​មាន​សំបុត្រ​អញ្ជើញ​រួម​មាន Tang Wei, Tong Yao, Victoria Song, Zhou Dongyu, Janine Zhang និង Yang Mi។ បណ្ដាញ​ព័ត៌មាន 163 បាន​ឲ្យ​ដឹង​ថា ដោយ​សារ Vogue គឺ​ជា​ទស្សនាវដ្ដី​ដែល​តឹង​ជាង​គេ​សម្រាប់​រាល់​ការ​រៀប​ចំ ដូច​នេះ​ហើយ លំដាប់​ដើរ​ចូល​កម្មវិធី ក៏​ដូចជា​កន្លែង​អង្គុយ​របស់​តារា​ទាំង​អស់​គឺ​ត្រូវ​បាន​ក្រុមការងារ​រៀប ដោយមិន​អាច​ផ្លាស់​ប្ដូរ​បាន។

ជាក់​ស្ដែង តារា​សម្ដែង​ស្រី​ចាស់​វស្សា និង​មាន​ឥទ្ធិពល​ជាង​គេ Tang Wei គឺ​ជា​អ្នក​ដើរ​ចូល​កម្មវិធី​ចុង​ក្រោយ​គេ ហើយ​កន្លែង​ថត​ក៏​នៅ​ចំណុច​កណ្ដាល​ដូច​គ្នា។ បន្ទាប់​មក​ទៀត គឺ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង Zhou Dongyu។ ទោះបី​ជា​មាន​វ័យ​តិច​ ក៏​ដូច​ជា​ប្រឡូក​សិល្បៈ​ក្រោយ​​គេ​មែន​ពិត តែ​សម្រាប់​ពាន​រង្វាន់​ធំ​ជាង​គេ​ទាំង​៣​របស់​ប្រទេស​ចិន រួម​មាន Golden Horse, Golden Rooster និង Hong Kong Film Award នោះ​គឺ​នាង​ទទួល​បាន​ទាំង​អស់​ហើយ។ ដូច​នេះ នាង​ត្រូវ​រៀប​លើ​តារា​រៀម​ច្បង​ដូច​ជា Tong Yao, Victoria Song និង Yang Mi។ តាម​នោះ​ដែរ ទោះ​បី​ជា​ប្រជាប្រិយ​ភាព​មិន​ខុស​គ្នា​ច្រើន​ក៏​ដោយ តែ​ដោយ​សារ​តែ​ Yang Mi មិនទាន់​មាន​ពាន​ក្នុង​ចំណោម​ពាន​ធំ​ទាំង​៣​ខាង​លើ ដូច​នេះ​នាង​ត្រូវ​រៀប​ឲ្យ​អង្គុយ​ក្រោយ​ ចាញ់​តារា​ស្រករ​ក្រោយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម