មនុស្សស្រីមិនត្រូវការលុយរបស់បុរសទេ ត្រឹមផ្តល់ក្តីសុខឲ្យនាងគឺគ្រាប់គ្រាន់ហើយ
- 2021-10-09 14:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមិនត្រូវការលុយរបស់បុរសទេ ត្រឹមផ្តល់ក្តីសុខឲ្យនាងគឺគ្រាប់គ្រាន់ហើយ
ក្នុងជីវិតរបស់មនុស្សស្រី មិនត្រូវការអ្វីអស្ចារ្យច្រើនពេកទេ នាងក៏មិនត្រូវការផ្ទះធំខ្ពស់ ទ្រព្យសម្បត្តិច្រើនពេកដែរ។ សំខាន់ គ្រាន់តែមានស្ងប់សុខជាមួយស្វាមីល្អម្នាក់ រួមនឹងកូនៗចេះស្តាប់បង្គាប់ នោះគឺគ្រប់គ្រាន់ហើយ។
សម្រាប់មនុស្សស្រី បែបផែននៃការរស់នៅរបស់នាងខុសៗគ្នា។ ខ្លះ ចង់រស់នៅជាមួយប្រាក់កាក់ច្រើន ជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ។ ខ្លះគ្រាន់តែចង់មានភាពសប្បាយរីករាយនិងការជឿជាក់នៅពេលពួកគេដើរក្នុងសង្គម និងធ្វើអ្វីដែលពួកគេចង់ធ្វើ។ ខ្លះទៀត គ្រាន់តែរស់នៅក្នុងផ្ទះមួយដ៏ស្ងប់ស្ងាត់ ចម្អិនអាហារសម្រាប់ប្តីរបស់នាងនិងកូនៗ ដោយរសជាតិឆ្ងាញ់ពិសា នោះហើយគឺជាសុភមង្គលនិងភាពស្ងប់សុខដែលនាងត្រូវការ។
ពិតណាស់ មនុស្សស្រីវ័យក្មេង នាងមានមហិច្ចតាច្រើននៅក្នុងចិត្តរបស់នាង។ នាងមានក្តីស្រមៃ ហើយនាងចង់ទទួលបានសមិទ្ធផលល្អបំផុតក្នុងជីវិតមួយនេះ។ នាងតែងតែចង់ក្លាយជាមនុស្សល្អ ចង់ក្លាយជាមនុស្សមានតម្លៃ និងមានសមត្ថភាពក្នុងកែវភ្នែករបស់មនុស្សគ្រប់រូប។ បើនិយាយពីរបៀបរើសគូស្រករវិញ ក៏នាងចង់បានបុរសដែលជា role model នៃមហាជនគ្រប់គ្នា ជាកូនអ្នកមាន រ៉ូមែនទិក ចេះស្ទីលតែងខ្លួន ជាដើម។ លើសពីនេះ ក្មេងស្រីអាយុ១៨-២២ ឆ្នាំ ច្រើនគិតថា បើនាងមានលុយច្រើន ស្រស់ស្អាតដូចតារាម៉ូដែល ឬតារាភាពយន្ត ជីវិតរបស់នាងនឹងអាចរកក្តីសុខឃើញមិនខាន។
យ៉ាងណាក៏ដោយ បើនិយាយពីមនុស្សស្រីចាស់ទុំផ្នែកគំនិតដែលធ្លាប់ឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនក្នុងជីវិត ការគិតរបស់នាង នឹងអាចខុសពីនេះ។ នាងនឹងមិនត្រូវការលុយច្រើនពេកឡើយ ហើយនាងក៏មិនចង់ក្លាយជាអ្នកមានស្តុកអ្វីដែរ អ្វីដែលនាងត្រូវការគឺ ស្ងប់សុខ ប៉ុណ្ណោះ។ បើមើលទៅពាក្យនេះហាក់សាមញ្ញពេកណាស់ ប៉ុន្តែសួរថា តើមានមនុស្សស្រីប៉ុន្មាននាក់ដែលអាចស្វែងរកវាបានក្នុងជីវិតរបស់ពួកគេ?
ស្ងប់សុខនេះ គឺនៅពេលជីវិតមានបញ្ហាយ៉ាងណា ក៏នៅមានបុរសម្នាក់នៅតែស្រលាញ់នាងលើសអ្វីទាំងអស់។ ស្ងប់សុខ គឺនៅពេលមនុស្សស្រីចេញពីក្រុមហ៊ុនត្រលប់មកផ្ទះវិញ នាងស្គាល់ថានោះគឺជាផ្ទះ ផ្ទះដែលពោរពេញដោយភាពកក់ក្តៅដែលកំពុងរង់ចាំនាងមកដល់។ ស្ងប់សុខ គឺនៅពេលមនុស្សស្រីសម្លឹងឃើញកូនៗធំធាត់ឡើងដោយក្តីសប្បាយរីករាយ ហើយរូបភាពដ៏អស្ចារ្យទៀតនោះ គឺនាងឃើញប្តីកំពុងតែលេងប្រលែងជាមួយ និងថ្នាក់ថ្នមកូនៗ។
ដូច្នេះហើយ ភាពស្រស់ស្អាតនិងល្បីល្បាញ វាមិនមែនជាក្តីសុខសំខាន់របស់នាងនោះទេ។ ពេលខ្លះ ដោយសារតែតាមរកទ្រព្យសម្បត្តិ វាបានក្លាយជាភាពនឿយហត់មួយរហូតធ្វើឲ្យភ្លេចអស់ផ្ទះសម្បែង។ ហើយចុងក្រោយ គោលដៅក្នុងជីវិត គឺប្រាកដជាមិនសុំអ្វីច្រើនក្រៅពីភាពរីករាយ និងសុភមង្គលនោះដែរ។
ដូច្នេះហើយ ទើបគេនិយាយថា សម្រាប់មនុស្សស្រីដែលមានបទពិសោធន៍ច្រើនក្នុងជីវិត នាងមើលទៅកាន់តែមានភាពសាមញ្ញ។ នាងមិនចង់បានអ្វីច្រើនហួសប្រមាណទេ ត្រឹមតែភាពស្ងប់សុខ រួមរស់ជាមួយប្តីល្អម្នាក់ និងកូនៗ គឺគ្រប់គ្រាន់ហើយ៕