នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ទម្លាយចំណុចសំខាន់ដែលអាចឲ្យក្រុមហ៊ុនអាចឈរជើងបានមកដល់សព្វថ្ងៃ
- 2021-09-20 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ទម្លាយចំណុចសំខាន់ដែលអាចឲ្យក្រុមហ៊ុនអាចឈរជើងបានមកដល់សព្វថ្ងៃ
លោក សោម សម្បត្តិ បានវិវត្តន៍ខ្លួនពីកូនកំព្រារតាំងពីកុមារភាព រៀនបានត្រឹមថ្នាក់ទី ៦ តស៊ូរហូតជោគជ័យក្នុងជីវិតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយ។ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint រូបនេះបានលាតត្រដាងគ្មានសល់អំពីប្រវត្តិនៃក្រុមហ៊ុនរបស់លោកនៅក្នុងកម្មវិធី Starting Up សប្ដាហ៍ទី៥នេះ។
ឆ្លើយតបនឹងសំណួរបស់អ្នកសម្របសម្រួលកម្មវិធីទាំងពីររូបលោក សោម សម្បត្តិ បានចាប់អារម្មណ៍លើមុខជំនួញផលិតថ្នាំលាប ដោយសារលោកមើលឃើញឱកាស និងក្នុងសម័យនោះ នៅក្នុងប្រទេសខ្មែរមិនទាន់អ្នកជំនួញណា ផលិតថ្នាំលាបដើម្បីលក់នៅឡើយ។ លោកបន្តទៀតថាកាលចាប់ផ្តើមអាជីវកម្មក្រុមហ៊ុនថ្នាំលាប Cam-Paint ដំបូងលោកជួបប្រទះនូវការលំបាកជាច្រើន ដូចជាកត្តាបច្ចេកទេស កត្តាទីផ្សារ និងកត្តាខ្វះដើមទុនជាដើម។
ពាណិជ្ជករជើងចាស់សម្បូរបទពិសោធន៍រូបនេះបានថ្លែងឱ្យដឹងទៀតថា ដោយសារតែលោកជួបប្រទះការខ្វះខាតលុយកាក់ ពេលចាប់ផ្តើមក្រុមហ៊ុនដំបូងទាមទារឲ្យលោកមានការប៉ិនប្រសព្វក្នុងការបង្វិលលុយ។ លោកបញ្ជាក់ថាបើសិនជាលោកមិនមានភាពខ្លាំងក្នុងការបង្វិលលុយនោះទេ ប្រហែលជាក្រុមហ៊ុនរបស់លោកត្រូវដួលរលំតាំងពីយូរមកហើយ។
អ្នកសម្របសម្រួលកម្មវិធីទាំង ២ រូបបានសួរនូវសំណួរមួយទាក់ទងនឹងចំណុចសំខាន់របស់ក្រុមហ៊ុន Cam-Paint ទៅកាន់លោក សោម សម្បត្តិ។ ម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាបដ៏ធំនៅក្នុងស្រុករូបនេះបានឆ្លើយតបនឹងសំណួរថា ចំណុចសំខាន់របស់ក្រុមហ៊ុន Cam-Paint គឺគុណភាពនៃផលិតរបស់ក្រុមហ៊ុនលោក។ លោកបានធ្វើការប្រៀបធៀបថា កាលណាក្រុមហ៊ុនមួយមានផលិតផលដែលមានគុណភាពល្អ នោះប្រៀបបានដូចជាមនុស្សដែលមានបេះដូងល្អដូចគ្នា ធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានយូរ ហើយថែមទាំងជោគជ័យខ្លាំងថែមទៀត៕
សូមទស្សនាវីដេអសម្ភាសខាងក្រោមនេះ៖