របៀប​រៀបចំ​ហុងស៊ុយ​ទុក​ដាក់​ទូទឹកកក ឲ្យ​លាភ​ហូរ​ចូល​ផ្ទះ​អត់​ដាច់ ធ្វើ​អ្វី​ក៏​បាន​សម្រេច

  • 2021-06-29 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទូទឹកកក​គឺ​ជា​របស់​ប្រើប្រាស់​ដ៏​សំខាន់​របស់​គ្រួសារ​គ្រប់​គ្នា ដែល​សឹង​តែ​ខ្វះ​មិន​បាន តែ​​ប្រសិនបើ​រៀបចំ​ទុក​ដាក់​របស់​នេះ​មិន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​រឿង​មិន​ល្អ​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​រៀបចំ​ទូទឹកកក​ឲ្យ​មាន​លាភ​សំណាង​ហូរ​ចូល​ផ្ទះ។

១. ទូទឹក​កក​ហាម​ទុក​ឲ្យ​ទូលាយ

នៅ​ក្នុង​តម្រា​ហុងស៊ុយ ទូទឹកកក​ប្រៀប​បាន​ដូច​ជា​ឃ្លាំង​ទ្រព្យ​ដែរ ដូច​នេះ​ហើយ ការ​ដែល​ស្ដុក​ឥវ៉ាន់​​ឲ្យ​ពេញ​ទូទឹកកក នឹង​ជួយ​ឲ្យ​យីអ៊ុន​របស់​ម្ចាស់​ផ្ទះ និង​សមាជិក​នៅ​ក្នុង​គ្រួសារ ឡើង​ទៅ​តាម​ទំនិញ​ដែល​ស្ដុក​នៅ​ក្នុង​ទូ​ដូច​គ្នា​ដែរ។ គេ​ជឿជាក់​ថា ក្នុង​ទូ​របស់​ហូបចុក​កាន់​តែ​ច្រើន លាភ​សំណាង​របស់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ក៏​កើន​ឡើង​តាម​នោះ​ដែរ។ អាស្រ័យហេតុនេះ​ហើយ អ្នក​ទាំង​អស់​​គ្នា គួរ​ជៀសវាង​ការ​ទុក​ទូទឹក​កក​ឲ្យ​ទទេ​ស្អាត​ឲ្យ​សោះ។

២. ហាម​ដាក់​របស់​ធ្ងន់​លើ​ទូ

មនុស្ស​មិន​តិច​ឡើយ ដោយ​សារ​តែ​គិត​ថា នៅ​លើ​ក្បាល​ទូ​គឺ​ជា​កន្លែង​ដ៏​ទំនង​សម្រាប់​ដាក់​ឥវ៉ាន់​នានា ដូច្នេះ​ហើយ ក៏​យក​ឥវ៉ាន់​មិន​តិច​នោះ​ទេ ​មក​ដាក់​នៅ​ទី​នេះ រហូត​ដល់​ថ្នាក់​មាន​អ្នក​ដាក់​ម៉ាស៊ីន​​កម្ដៅ​អាហារ​ដាក់​​ទី​នេះ​ទៀត​ផង។ ការ​ដែល​ហាម​មិន​ឲ្យ​ដាក់​របស់​​ធ្ងន់​លើ​ទូ​ គឺ​មក​ពី​គេ​ជឿ​ថា នៅ​ពេល​ទូ​ទ្រ​ទម្ងន់​ធ្ងន់​ខ្លាំង​ពេក អ្នក​រស់​នៅ​ក្នុង​ផ្ទះ ក៏​មាន​​អារម្មណ៍​ហប់​ណែន ពិបាក​រស់​នៅ​ដូច​គ្នា ព្រោះ​វា​មិន​ជ្រះ​ស្រឡះ​ខួរក្បាល ប្រៀប​បាន​ដូច​​មាន​គេ​យក​អ្វី​មក​សង្កត់។

៣. ហាម​ដាក់​ទូទឹក​កក​ក្បែរ​ចង្ក្រាន

នៅ​ក្នុង​តម្រា​ហុងស៊ុយ ទូទឹក​កក​មាន​ធាតុ​ទឹក និង​ចង្ក្រាន​មាន​ធាតុ​ភ្លើង ធាតុ​ទាំង​២ គឺ​ឆុង​គ្នា​ខ្លាំង ដាក់​ក្បែរ​​គ្នា ក្រៅ​ពី​មាន​គ្រោះ​ហានិភ័យ ព្រោះ​ភ្លើង​នៅ​ជិត​ហ្គាស​នោះ ជំនឿ​ហុងស៊ុយ​ក៏​ជឿ​ថា ការ​រៀប​ចំបែប​នេះ ក៏​ធ្វើ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​មាន​រឿង​ក្ដៅ​ក្រហាយ​ឥត​ឈប់ ឈ្លោះ​ប្រកែក​គ្នា​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត។ ដូច​នេះ​ហើយ ដើម្បី​ជៀស​វាង​រឿង​​នេះ​ អ្នក​គួរ​គប្បី ដាក់​ចង្ក្រាន និង​ទូទឹកកក កាន់​តែ​ឆ្ងាយ​ពី​គ្នា កាន់​តែ​ល្អ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel