កូវីដធ្វើឲ្យតារា​សម្ដែង​ស្រី​ហុងកុងម្នាក់មកធ្វើជាសន្តិសុខ ព្រោះ​គ្មាន​រឿង​ថ្មី​ថត

  • 2021-06-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ ១៩ តារា​សម្ដែង​ស្រី​ហុងកុង Yang Qi ត្រូវ​សុំ​គេ​ធ្វើ​ការ​ពលកម្ម​ដើម្បី​រក​ចំណូល​មក​ចិញ្ចឹម​ក្រពះ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​​​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Apple Daily បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​​ហុងកុង Yang Qi បាន​ចែក​រំលែក​អំពី​ជីវិត​របស់​នៅ​របស់​នាង ខណៈ​ហុងកុង​កំពុង​មាន​វិបត្តិកូវីដ។

ស្រី​ស្អាត​ខាង​លើ​បាន​ប្រាប់​បន្ថែម​ថា មួយ​ឆ្នាំ​កន្លង​មក​នេះ គឺ​នាង​មិន​មាន​ការងារ​ថ្មី​ធ្វើ​ឡើយ គឺ​អត់​មាន​គម្រោង​ភាពយន្ត​ថ្មី​អ្វី​សោះ​តែ​ម្ដង។ ដើម្បី​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង នាង​បាន​សុំ​ធ្វើ​ជា​សន្តិសុខ​នៅ​សាកលវិទ្យាល័យ​មួយ។ មុន​ពេល​បាន​ការងារ​ជាប់​លាប់​ជា​សន្តិសុខ​នេះ នាង​បាន​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ជា​ច្រើន​កន្លែង​ដូច​ជា រោង​ចក្រផលិត​ទៀន រត់​តុ​អាហារ និង​លក់​ផ្កា​ជា​ដើម។ យ៉ាងណាក្ដី ការងារ​ទាំង​​នោះ​ក៏​ត្រូវ​បាន​បញ្ឈប់​ព្រោះ​តែ គ្មាន​អតិថិជន។

ស្រី​ស្អាត ៣៧​ឆ្នាំ​បាន​សារភាព​ថា ដោយ​សារ​តែ​គ្មាន​ជម្រើស​ការងារ​ច្រើន​ទេ​ ដូច​នេះ​នាង​មាន​អារម្មណ៍​ថា​ដឹង​គុណ​ខ្លាំង​ណាស់ នៅ​ពេល​សាកលវិទ្យាល័យ​​​មួយ​នេះ ព្រម​ទទួល​នាង​ធ្វើ​ជា​សន្តិសុខ។

“ជំងឺ​រាតត្បាត​ខ្លាំង ខ្ញុំ និង​មិត្តភ័ក្ដិ​សុទ្ធ​តែ​បាត់​បង់​ការងារ​ទាំង​អស់ ដូច​នេះ​ហើយ ពេល​នេះ​មាន​ការងារ​ធ្វើ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ទោះ​ចំណូល​មិន​ច្រើន​ដូច​មុន​ក៏​ដោយ តែ​យ៉ាង​ណា​ក៏​ខ្ញុំ​មាន​សមត្ថភាព​ចិញ្ចឹម​ខ្លួន​ឯង​ដែរ។

Yang Qi មុន​នោះ​បាន​ថត​រឿង​ជា​ច្រើន​ឲ្យផលិតកម្ម TVB តែ​ដោយ​សារ​តែ​គ្មាន​ការងារ​ធ្វើ តារា​កើត​ឆ្នាំ ១៩៨៤ និង​មិត្តភ័ក្ដិ​ផ្សេង​ទៀត​ត្រូវ​រក​ការងារ​ពលកម្ម​ធ្វើ ព្រោះ​អស់​ការងារ​ក្នុង​សិល្បៈ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម