ត្រូវឆ្នោត១៥លានដុល្លារស្មានតែសំណាង តែចាយអស់ប្រែជាបាក់ទឹកចិត្ត ចង់សម្លាប់ខ្លួនវិញ
- 2021-06-11 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវឆ្នោត១៥លានដុល្លារស្មានតែសំណាង តែចាយអស់ប្រែជាបាក់ទឹកចិត្ត ចង់សម្លាប់ខ្លួនវិញ
ធ្លាប់ជាបុគ្គលធ្វើឲ្យគេជឿជាក់ថា ពិតជាមានមនុស្សត្រូវឆ្នោតរាប់សិបលានដុល្លារពិតមែន តែនារីរូបនេះ បានឲ្យដឹងថា ប្រសិនជាអាច នាងសុំមិនឈ្នះឆ្នោតចំនួនទឹកលុយដ៏មហិមារនេះវិញ។
កាលពីខែតុលាឆ្នាំ ២០១៨ នារីម្នាក់ឈ្មោះ Xin Xiaodai មកពីប្រទេសចិន ត្រឹមតែមួយយប់បានល្បីទូទាំងប្រទេស ក្រោយពេលនាងឈ្នះឆ្នោតឡើងដល់ ១០០លានយាន់ (១៥,៦លានដុល្លារ)។ ចាប់ពីពេលនោះមក នារីវ័យ២៧ឆ្នាំ កំពុងធ្វើការក្រុមហ៊ុនបានផ្លាស់ប្ដូរជីវិតខ្លួនទាំងស្រុង។
ក្រោយពេលឈ្នះឆ្នោតនេះ នាងបានបង្ហោះលើបណ្ដាញសង្គមថា៖ ចឹងចាប់ពីពេលនេះតទៅ គឺលែងត្រូវធ្វើការហើយមែនទេ? ក្រោយមកនាងបានឈប់ពីការងារ IT របស់ខ្លួន ហើយចាប់ផ្ដើមដើរទេសចរណ៍ ជុំវិញពិភពលោក។ ស្មានតែជីវិតលែងលំបាកចាប់ពីពេលនោះហើយ តែក្រោយតែ៣ឆ្នាំ សាមីខ្លួនបានចែករំលែកពីជីវិតរបស់នាង ហើយធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។
តាមនោះដែរ លុយដែលនាងឈ្នះនោះ ភាគច្រើនគឺជា Voucher និង Coupon មិនមែនជាលុយសុទ្ធឡើយ ដែលធ្វើឲ្យនាងមិនងាយចាយនោះទេ។ ដោយនៅក្នុងនោះ គឺឥតថ្លៃតែចំណាយសណ្ឋាគារ និងហូបចុកប៉ុណ្ណោះ ហើយថ្លៃយន្តហោះគឺនាងចេញខ្លួនឯង។ ក្រោយពេលចាយរង្វាន់នេះហើយ នាងក៏កំពុងធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិសជិត៤ម៉ឺនដុល្លារ។
ក្រោយពេលឈប់ធ្វើការយូរ នារីរូបនេះបានភ្លេចការងារ ដែលធ្វើឲ្យនាងទៅសម្ភាសន៍គ្មានអ្នកទទួល។ នារីវ័យ៣០ឆ្នាំនៅពេលនេះ ស្ដាយរយៈពេលដែលខ្លួនដើរលេងយ៉ាងខ្លាំង ព្រោះពេលនេះ ទាំងលុយ និងការងារគឺនាងគ្មានទាំងអស់។ នាងបានស្រមៃថា ប្រសិនបើពេលនោះ នាងមិនឈ្នះឆ្នោតនេះ ប្រហែលជាពេលនេះ នាងគ្មានបញ្ហាបាក់ទឹកចិត្តដូចសព្វថ្ងៃឡើយ។ Xiaodai បានបញ្ចប់បទសម្ភាសន៍ដោយលើកឡើងថា ពេលខ្លះ ដោយសារតែទាល់ច្រកពេក នាងធ្លាប់គិតថា លែងចង់រស់នៅទៀតផង តែបានគ្រួសារ និងមិត្តភ័ក្ដិផ្ដល់កម្លាំងចិត្ត ទើបនាងគិតឡើងវិញ និងព្យាយាមរកការងារធ្វើឡើងវិញ៕