មនុស្សស្រីរឹងមាំ ឆ្លាតវៃធ្លាប់ធ្វើរឿងនេះ ជីវិតតែងរីករាយ ទោះមានមារចង់ផ្ចាញ់ក៏ទៅមិនរួចដែរ

  • អង្គារ, 1 មិថុនា 2021 12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីរឹងមាំ និងមានភាពឆ្លាតវៃតែងមានគន្លឹះសម្រាប់ខ្លួនឯងជានិច្ច ដើម្បីរក្សាលំនឹងជីវិត មិនថាធ្លាប់ជួបរឿងលំបាកលំបិនយ៉ាងណា។ នៅក្នុងជីវិតរស់នៅគេចមិនផុត អ្នកតែងមានអ្នកស្រលាញ់ និងស្អប់ ឬចង់ផ្ចាញ់អ្នក។ មនុស្សស្រីឆ្លាតវៃ គឺមានចំណុច៣នេះ ជាហេតុធ្វើឱ្យការរស់នៅប្រចាំថ្ងៃ ការងារ និងជីវិតស្នេហារបស់នាងក៏តែងរីករាយ និងរីកចម្រើនជានិច្ច ទោះមានអ្នកចង់គិតអាក្រក់ ក៏ទៅមិនរួចដែរ៖

១. ពូកែសង្កេត និងទប់ទល់វិញដោយភាពទន់ភ្លន់

មិនខុសទេ! នាងគឺតែងត្រូវបានគេហៅថាជាមនុស្សស្រីឆ្លាតវៃ មានជំនាញការសង្កេត និងចេះថ្លឹងថ្លែងរឿងរ៉ាវនានាដែលនាងបានឆ្លងកាត់។ នាងមិនងាយខឹងច្រឡោតតោនតូង ឬហៅថាខឹងដាច់ក្បាលដាច់កន្ទុយនោះទេ ព្រោះនាងយល់ និងដឹងយ៉ាងច្បាស់ពីហេតុ និងផលនៃបញ្ហា។ ដូច្នេះហើយ ទើបនារីប្រភេទនេះ តែងទទួលបានការរាប់អានស្រលាញ់ផងដែរ។ មិនថាមានបញ្ហាអ្វីក៏ដោយនារីប្រភេទនេះ តែងអាចទប់ទល់បានដោយភាពទន់ភ្លន់ រឿងធំក៏អាចក្លាយរឿងតូច រីឯរឿងតូចក៏កា្លយជាគ្មានរឿងអ្វីសោះតែម្តង។

២. មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមខ្ពស់

នារីប្រភេទរឹងមាំតែមិនរឹងរូស តែងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជានិច្ចចំពោះមនុស្សគ្រប់គ្នា។ នាងក៏ជាមនុស្សឧស្សាហ៍ព្យាយាមខ្ពស់ មិនសូវប្រកាន់ច្រើន និយាយទៅគឺអ្វីដែលនាងអាចធ្វើ ឬជួយបានគឺ រីករាយធ្វើជានិច្ច។ ហេតុនេះហើយ ទើបនាងតែងមានភាពរីករាយ ស្រស់ស្រាយ មិនចូលចិត្តបៀមទុក្ខ ឬគុំគួនអ្នកណានោះទេ។ សម្រាប់រឿងស្នេហា នារីប្រភេទនេះ គឺជាបុគ្គលដែលបុរសគ្រប់រូបតែងចង់បានជាគូជីវិត ព្រោះតែលក្ខណៈសាមញ្ញ តែបង្គប់នូវមន្តស្នេហ៍មិនសាបសូន្យទាំងនេះរបស់នាង។

៣. ចង់ចេះ និងស្វះស្វែងរៀនអ្វីថ្មីៗ

នាងជានារីម្នាក់ដែលមានភាពរស់រវ៉ើក ស្រស់ស្រាយច្រើនជាងទឹកស្រក់ភ្នែក។ ព្រោះតែនាងមានគោលដៅជីវិត មិនចេះខ្ជិលច្រអូស ជាហេតុធ្វើឱ្យនាងមានឱកាស និងមានសមត្ថភាពចាប់វាជាប់ តាមរយៈភាពឆ្លាតវៃរបស់នាង និងលក្ខណៈសម្បត្តិល្អៗ ដែលនាងមាន តាមរយៈការខិតខំដុះខាត់ចំណេះដឹង និងប្រឹងប្រែងរៀនសូត្រអ្វីថ្មីៗ។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី