អស់បញ្ហាដើមដៃយារធ្លាក់ ចាស់មុនអាយុ ជាមួយក្បាច់យោហ្គាងាយៗទាំង ៥ នេះ
- 2021-04-30 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បញ្ហាដើមដៃយារធ្លាក់ ចាស់មុនអាយុ ជាមួយក្បាច់យោហ្គាងាយៗទាំង ៥ នេះ
មិនមែនតែស្បែកមុខទេដែលចេះយារធ្លាក់ សូម្បីតែស្បែកដៃក៏អាចមានស្នាមជ្រីវជ្រួញ និងមានសភាពយារធ្លាក់ដូចគ្នា បើអ្នកមិនបានយកចិត្តទុកដាក់ និងថែទាំវាឲ្យបានត្រឹមត្រូវ។ លើសពីនេះ ភាពយារធ្លាក់នៃស្បែកដៃគឺជាបញ្ហារំខានមួយសម្រាប់មិត្តនារីៗ តួយ៉ាងដូចជាលំបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ និងបញ្ហាចាស់មុនអាយុដែលអាចឈានដល់ការបាត់បង់ទំនុកចិត្តក៏មាន។
ដូចនេះ បើអ្នកសង្កេតឃើញថាស្បែកដៃរបស់អ្នកធំ និង ងាយយារធ្លាក់ គប្បីឆ្លៀតពេលទំនេរនៅផ្ទះដើម្បីអនុវត្តនូវក្បាច់យោហ្គាងាយៗទាំង ៥ នេះ កុំបីបង្អង់យូរ៖
១. Upward-Facing dog
ក្បាច់នេះមាននាទីជួយឲ្យដៃរបស់អ្នកមានកម្លាំង រឹងមាំ និង តឹងណែនល្អ។ អ្នកអាចធ្វើការបន្ថែមនូវក្បាច់ Vinyasa នេះនៅក្នុងលំហាត់ប្រាណរបស់អ្នកជាប្រចាំ និង ព្យាយាមអនុវត្តវាឲ្យបានពី ៥ទៅ១០ដងក្នុងមួយថ្ងៃ។
២. Chaturanga Dandasana
ក្បាច់នេះជំនួយពិសេសដល់លំនឹងដងខ្លួន និង កម្លាំងដៃ ធ្វើឲ្យអ្នកចេះប្រើប្រាស់នូវសាច់ដុំដើមដៃដើម្បីរក្សាលំនឹង និង កែងដៃសម្រាប់រុញខ្លួនឡើងពីដី។
៣. Downward-Facing dog
Downward-facing dog គឺជាក្បាច់មួយដែលអ្នកហាត់យោហ្គាចូលចិត្តសឹងគ្រប់គ្នា ព្រោះវាជាក្បាច់មូលដ្ឋានដែលត្រូវបានហាត់ច្រើនជាងក្បាច់ដទៃៗទៀត។ អត្ថប្រយោជន៍របស់ក្បាច់នេះគឺ វាជួយពន្លាតសរសៃពេញមួយដងខ្លួន ជាពិសេសធ្វើឲ្យសាច់ដុំដៃ និង ជើងរួមតូច មើលទៅមានលក្ខណៈស្រលនស្អាត។
៤. Yogi Pushups (អាវ៉ង់)
ក្បាច់នេះមានលក្ខណៈលំបាកបន្តិចសម្រាប់អ្នកទើបចាប់ផ្ដើមរៀនហាត់យោហ្គាដំបូង តែនឹងមានភាពងាយស្រួលក្រោយហាត់បានមួយរយៈ។ ក្បាច់នេះមានគុណប្រយោជន៍ដល់រាងកាយទាំងមូលតែម្ដង និងជាពិសេសធ្វើឲ្យផ្នែកដើមដៃមានសភាពរឹងមាំ និងតឹងណែន មិនងាយយារធ្លាក់។ អ្នកអាចហាត់វាពី ៥ទៅ១០ដងក្នុង១ថ្ងៃ នៅក្នុងលំហាត់ប្រាណជាប្រចាំរបស់អ្នក។
៥. Plank
ក្បាច់ចុងក្រោយនេះតម្រូវឲ្យប្រើឆ្អឹងដៃ ដើមទ្រូង ខ្នង និង ស្មា តែផ្ដោតលើកម្លាំងដៃខ្លាំង ព្រោះវាមាននាទីជួយឆ្អឹងដៃ និង សាច់ដុំដៃរឹងមាំ ព្រមទាំងធ្វើឲ្យស្បែកដៃរួមតូច កាត់បន្ថយស្នាមជ្រីវជ្រួញ និង ស្បែកយារធ្លាក់៕
ចុចអានបន្ត៖ - ឈានចូលខ្ទង់ ៣០ ក៏នៅឃើញក្មេងដែរ បើចេះរើសម៉ូដសក់ឱ្យត្រូវតាមគន្លឹះទាំងនេះ