ចំនុចដែលអ្នកគួរកែប្រែ ដើម្បីរៀបចំជីវិតអោយកាន់តែជោគជ័យសម្រាប់ឆ្នាំថ្មី

  • 2021-04-23 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកមានអារម្មណ៏ថាច្របូលច្របល់ ពិបាកបែងចែកអោយដាច់រវាងជីវិតការងារ និង ជីវិតរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលធ្វើការពីផ្ទះ អ្វីដែលអ្នកគួរតែប្រាប់ខ្លួនឯងដំបូងគេនោះគឺ វាជារឿងធម្មតានោះទេ។ ទម្លាប់កាលពីមុន ជាច្រើនរបស់អ្នកអាចនឹងត្រូវផ្លាស់ប្ដូរ ដូចជាការទៅហាត់ប្រាណ នៅក្លឹបហាត់ប្រាណ ញ៉ាំកាហ្វេនៅហាងកាហ្វេជាដើម នៅពេលដែលតម្រូវអោយមានការផ្លាស់ប្ដូរភ្លាមៗបែប ទម្រាំតែបង្កើតបានទម្លាប់ថ្មី មិនមែនជារឿងងាយស្រួលនោះទេ។ ខាងក្រោមនេះជាវិធីងាយៗ សម្រាប់អ្នកដែលមានអារម្មណ៏ថាជីវិតអ្នករញ៉េរញ៉ៃ បាត់លំនឹងនៅក្នុងពេលនេះ៖

ពេលព្រឹក

  • ចាប់ផ្ដើមថ្ងៃថ្មីដោយមិនប្រើប្រាស់ទូរសព្វភ្លាមៗ

  • បង្កើតទម្លាប់ ៣ ទៅ​៥ សកម្មភាពដែលអ្នកត្រូវតែធ្វើជារៀងរាល់ថ្មី៖ មិនចាំបាច់លំបាក ស្មុគស្មាញពេកក៏បាន ទម្លាប់តូចៗនោះអាចជាការឆុងកាហ្វេ មុជទឹកសម្អាតខ្លួន ជាដើម។

  • រៀបចំខ្លួន ដើម្បីបំពេញការងារ៖ គួរតែចៀសវាងស្លៀកពាក់ខោអាវគេងយល់ក្នុងពេលធ្វើការ ព្រោះការស្លៀកពាក់បែបនេះ អាចធ្វើអោយខួរក្បាលគិតថា អ្នកស្ថិតនៅក្នុងពេលសំរាកនៅឡើយ។

  • ចាប់ផ្ដើមដោយគោលដៅប្រចាំថ្ងៃដែលអ្នកពេញចិត្តនឹងធ្វើបំផុត៖ អ្នកវិទ្យាសាស្រ្តភាគច្រើនបានយល់ស្របថា ចំនុចដែលពិបាកបំផុតក្មុងការធ្វើការងារអ្វីមួយ ជាចំនុចចាប់ផ្ដើមនេះហើយ តែបើសិនជាអ្នកអាចបោកបញ្ឆោតខ្លួនឯង ដោយការធ្វើអ្វីដែលពេញចិត្តមុននោះ អ្នកអាចនឹងបានដោះស្រាយនូវជំហានដែលពិបាកជាងគេរួចស្រេចទៅហើយ។

  • ចាប់ផ្ដើមធ្វើរឿងដែលស៊ាំញ៉ាំ តែគេចមិនបាន

  • បង្កើត To-do List៖ មិនថាជាការងារកំប៉ិចកំប៉ុក ឬ តូចតាចយ៉ាងណានោះទេ ការបង្កើតអោយមានតារាងយ៉ាងច្បាស់លាស់បែបនេះ អាចជួយអោយអ្នកមានអារម្មណ៏ថា អ្នកអាចប្រមាណដឹងការងារនៅក្នុងដៃទាំងប៉ុន្មាន ដឹងថាគួរចំនាយពេលប៉ុន្មាន ហើយគួរតែសម្រេចវានៅពេលណា។

ពេលល្ងាច

  • បញ្ចប់ការងារប្រចាំថ្ងៃ៖ មិនខុសពីអ្វីដែលអ្នកបានធ្វើនៅពេលព្រឹក ដើម្បីដាស់តឿនខ្លូនឯងអោយធ្វើការនោះទេ ពេលល្ងាចក៏ត្រូវតែមានការដាស់តឿន អោយអ្នកសម្រាកពីការងារដូចគ្នា។ អ្នកអាចកំណត់ម៉ោងពេលដែលអ្នកត្រូវតែដើរចេញពីមុនកុំព្យូរទ័រ ហើយងាកមករកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកវិញ។

  • រៀបចំតុធ្វើការ៖ បើសិនជាអ្នកព្យាយាមកំណត់ម៉ោងពេលហើយនៅតែគ្មានប្រសិទ្ធីភាពទេនោះ អ្នកអាចសាកល្បងរៀបចំទុកដាក់តុធ្វើការ ដោយបិទសៀវភៅ បិទកុំព្យូរទ័រ ដើម្បីត្រៀមលក្ខណះសម្រាប់ថ្ងៃស្អែក។ ការអនុវត្តបែបនេះអាចជាការផ្ដល់សញ្ញាទៅកាន់ខូរក្បាលអ្នកថា ដល់ម៉ោងសម្រាកពីការងារហើយ។

  • ផ្លាស់ប្ដូរសម្លៀកបំពាក់៖ ផ្ទុយពីការស្លៀកពាក់ខោអាវអោយបានសមរម្យនាពេលព្រឹក ដល់ពេលល្ងាច អ្នកគួរតែផ្លាស់មកស្លៀកខោអាវនៅផ្ទះ ដើម្បីដាស់តឿនខ្លួនឯងថាអាចសម្រាកបានហើយ។

ប្រភព៖ FastForwardAmy ប្រែ​សម្រួល៖ Iv Madalen