រឿងទាំង ២ នេះដែលអ្នកត្រូវធ្វើបន្ទាប់ពីថ្ងៃចូលឆ្នាំចុងក្រោយ

  • 2021-04-21 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃចូលឆ្នាំក្នុងឆ្នាំនេះបានចាប់ផ្តើមពីថ្ងៃពុធរហូតដល់ថ្ងៃសុក្រ ហើយអ្នកនឹងមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សរុបទៅគឺបានច្រើនថ្ងៃក្នុងការសម្រាកជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ អ្នកអាចជួយធ្វើការងារផ្ទះរបស់គ្រួសារ ឬក៏ចម្អិនម្ហូបប្លែកៗឆ្ងាញ់ៗសម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារចំពោះអ្នកដែលនៅតាមបណ្ដាលខេត្ត។ ជាអកុសលដោយសារតែការបិទមិនឲ្យធ្វើដំណើរចាំតាំងពីដើមខែ មេសាមកនឹងបន្ដរហូតដល់ថ្ងៃទី ២៧ ខែនេះ អ្នកនៅក្នុងក្រុងមានផលវិបាកបន្តិច។ ទោះជាយ៉ាងណាក៏ដោយអ្នកក៏នៅតែអាចប្រារព្ធពិធីចូលឆ្នាំបាននៅក្នុងផ្ទះជាមួយគ្នាដោយភាពសប្បាយរីករាយ។

ដោយសារតែអ្នកមិនអាចធ្វើអ្វីបានក្រៅពីការគោរពតាមច្បាប់នៃ ៣កុំ ៣ការពារ វាអាចមានរយៈយូររួមទាំងថ្ងៃចុងសប្ដាហ៍នោះ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវរកប្រភេទហ្គេមលេងជាមួយក្រុមគ្រួសារកូនចៅបងប្អូននៅខាងក្នុងផ្ទះរបស់អ្នក។ ជាទូទៅថ្ងៃចុងក្រោយនៃចូលឆ្នាំខ្មែរគឺមានសារសំខាន់ណាស់ ជាពេលដែលធ្វើពិធីស្រស់ព្រះសម្រាប់ពរជ័យក្នុងឆ្នាំថ្មី។ ដោយសារតែឆ្នាំនេះអ្នកមិនអាចធ្វើវាបាន ដូចច្នេះមានរឿងពីរយ៉ាងដែលអ្នកចាំបាច់ត្រូវធ្វើនៅថ្ងៃចុងក្រោយ ឬបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរត្រូវបញ្ចប់៖

១. ការងូតទឹកឲ្យឪពុកម្តាយ លោកយាយលោកតានឹងបងៗ និងការទទួលបានការស្រោចទឹកពីអ្នកមានគុណទាំងពីរវិញ ចាស់ៗតែងតែនិយាយនឹងមានជំនឿថាការធ្វើបែបនេះអ្នកទទួលបានពរជ័យល្អប្រសើរជាងនៅឯវត្តទៅទៀត ពីព្រោះអ្នកទទួលវាបានពីអ្នកមានគុណទាំងពីរដែលជាពរជ័យដ៏សក្កសិទ្ធបំផុត។

២. កុំភ្លេចឲ្យសោះការសម្អាតផ្ទះសម្បែង ទាំងការដកចេញវិញរបស់របរតុបតែងលំអសម្រាប់ទទួលទេវតា លាងសម្អាតបោសជូតផ្ទះសម្បែងឲ្យបានស្អាតនឹងមានរបៀងរាបរយឡើយវិញ អ្នកជាមនុស្សដែលត្រូវធ្វើ កុំឲ្យឪពុកម្តាយឬលោកយាយលោកតាធ្វើឲ្យសោះ។

រឿងទាំងពីរខាងលើនេះពិតជាមានសារសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើនៅថ្ងៃចុងក្រោយ ឬបន្ទាប់ពីថ្ងៃចូលឆ្នាំ ហើយនៅលើចំណុចទីពីរវិញមិនចាំបាច់តែនៅក្នុងថ្ងៃពិធីបុណ្យនានាឡើយ អ្នកគួរតែធ្វើវាជាប្រចាំឲ្យបានញឹកញាប់ប្រសិនបើអ្នកកំពុងតែរស់នៅជាមួយពួកគាត់ ដូចច្នេះអ្នកនឹងទទួលបានពរជ័យល្អៗជារឿងរាល់ថ្ងៃ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម