បកស្រាយហេតុអ្វីទេវតាឆ្នាំឆ្លូវមិនគង់លើសត្វគោ បែរគង់លើខ្នងគទ្រភ(សត្វលា)

  • 2021-04-06 11:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ផេក ទេវធីតាសង្រ្កាន្ត ជាការ​បកស្រាយចម្ងល់​ "ហេតុអ្វីទេវតាឆ្នាំឆ្លូវ​មិនគង់លើ​សត្វគោ បែរ​ជាគង់ផ្ទំបិទព្រះនេត្រលើ​ខ្នង​គទ្រភ (សត្វលា)​ ជាយានជំនិះទៅវិញ​" ដោយផ្អែកលើកត្តា២ចំណុចនេះ៖

១. អំពីបុត្រីកបិលមហាព្រហ្ម

គ្រប់គ្នាតែងតែគិតថា​រាល់ពេលចូលឆ្នាំ ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីបតែងមានយានជំនិះជាសត្វតំណាងអោយឆ្នាំនោះ​ ឧទាហរណ៍​៖​ ឆ្នាំជូត​ ជិះកណ្តុរ​ ឆ្នាំឆ្លូវ​ ជិះគោ​ ឆ្នាំខាល​ ជិះខ្លា​ ឬ​ ឆ្នាំថោះ​ ជិះទន្សាយ​...​ តែការពិតមិនដូច្នោះឡើយព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ៧អង្គនោះទេ​មិនមែន​១២​អង្គតាមឆ្នាំទាំង​ ១២ឡើយ។ ទេពធីតាទាំង៧អង្គនោះតែងឆ្លាស់វេនគ្នាទទួលភារកិច្ចបន្តបន្ទាប់ក្នុងការគ្រប់​គ្រងភពផែនដីនេះដែលកំនត់ទៅតាមថ្ងៃនីមួយៗ​ទៅតាមជំនឿ​ និងលំអានពីបុរាណកាលមក​។ ឯទេវតា​ទាំង​ ៧​ អង្គនោះគឺ៖

•ថ្ងៃអាទិត្យទេវតានាមនាង​ ទុង្សាទេវី​ ដែលមានយានជំនិះជាសុបណ្ណរាជ​ (ស្តេចគ្រុឌ)​

•ថ្ងៃចន្ទទេវតានាមនាង​ គោរាគទេវី​ ដែលមានយានជំនិះជាព្យគ្ឃ:​ (ខ្លាធំ)​

•ថ្ងៃអង្គារ៍ទេវតានាមនាង​ រាក្យសាទេវី​ ដែលមានយានជំនិះជាអស្សតរ​ (សេះ)​ ឬ​ សុករ:​ (ជ្រូក)

•ថ្ងៃពុធទេវតានាមនាង​ មណ្ឌាទេវី​ ដែលមានយានជំនិះជាគទ្រភ​ (លា)

•ថ្ងៃព្រហស្បត្តិ៍ទេវតានាមនាង​ កិរិណីទេវី​ ដែលមានយាន​ជំនិះជាគជសារ​ (ដំរី)

•ថ្ងៃសុក្រទេវតានាមនាង​ កិមិរាទេវី​ ដែលមានយានជំនិះជាមហិសារាជ​ (ស្តេចក្របី)​

•ថ្ងៃសៅរ៍ទេវតានាមនាង​ មហោទរាទេវី​ ដែលមានយាន​ជំនិះ​ជាមយូរ​ (ក្ងោក)

ចំណាំ៖​ នេះគឺជាព្រះនាមបុត្រីកបិលមហាព្រហ្មទាំង​ ៧ ឬដែលយើងស្គាល់ទូទៅថាជា​ "ទេពធីតាសង្ក្រាន្ត"

២. អំពីអាការ:ទេវតា

រីឯអាការ:ទេវតាគឺត្រូវបានកំណត់ទៅតាមម៉ោងពេលវេលាចន្លោះទាំង​៤នេះ៖

•​ បើវេលាសង្ក្រាន្តចំចន្លោះ​ពេល​ព្រឹកបំព្រាងព្រះសុរិយារះឃើញក្រយៅដៃច្បាស់​ រហូត​ដល់​ ថ្ងៃត្រង់​ ទេវតា​ដែលនឹងយាងចុះមកនោះគឺគង់ឈរលើខ្នងពាហន:​ដោយមិនមានកាន់ខ្សែបង្ហៀរឡើយ

• បើវេលាសង្ក្រាន្តចំចន្លោះ​ពេលថ្ងៃត្រង់​ រហូតដល់ព្រលប់​សុរិយាជ្រេទេរអស្តង្គតទៅ ទេវតាដែលនឹងយាងចុះមកគឺគង់ពាក់ឆៀងលើខ្នងពាហន:​

• បើវេលាសង្ក្រាន្តចំចន្លោះ​ពេលសុរិយាអស្តង្គត​ រហូត​ទៅទល់នឹងពាក់កណ្តាលអាធ្រា​ត​ (ព្រះចន្ទដើរ​ត្រង់ពីលើ) នោះទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបើកព្រះនេត្រលើខ្នងពាហន:

•​ បើវេលាសង្ក្រាន្តចំពេលពាក់កណ្តាលអធ្រាត​ រហូត​ដល់ព្រលឹមស្រាងថ្ងៃរះភ្លឺវិញ​ ទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់ដូចធម្មតា

ចំណាំ៖​ ទាំង៤​ចំណុចខាងលើនេះសុទ្ធសឹងជាអាការ:​ ដែលលំអានមានចែង

«សរុបសេចក្តីមក​ក្នុងឆ្នាំឆ្លូវនេះសង្ក្រាន្តចូលមកចំថ្ងៃ​ពុធ​ វេលា​ម៉ោង​ ០៤:០០​នាទី​ទាបភ្លឺ​​ ហេតុនេះហើយ​ទើបត្រូវលើវេន​ទេពធីតាព្រះនាមមណ្ឌាទេវី​ ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលមាន​សត្វលាជាយាន្តជំនិះ​ ព្រមទាំងយាងចុះមកក្នុងអាការ:ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់ជាសុខសម្រាន្តដូច្នេះ» ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម