មិនខ្វល់គេថាការងារសម្រាប់តែប្រុសៗ! ស្ត្រីខ្មែរម្នាក់ ពុះពារ៤ចំណុច ចាប់ជំនាញលំបាកដោយជោគជ័យ

  • 2021-03-30 10:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិស្វករ គឺ​ប្រភេទ​ការងារ​លំបាក​មួយ បើ​សម្រាប់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ប្រហែល​អាច​យល់​ច្បាស់​តែ​ម្ដង ព្រោះ​ថា​ វា​មិនមែន​​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ។ រហូតមានមតិខ្លះលើកឡើកថា ការងារនេះគឺសម្រាប់តែប្រុសៗទេ ទើបអាចធ្វើបាន។ យ៉ាង​នេះ​ក្ដី វា​ក៏​មាន​បង្កប់​ឱកាស​ល្អ​ៗ​ជា​ច្រើនដល់ស្ត្រីដែលមានភាពតស៊ូ ព្រោះ​ជា​ជំនាញ​ត្រូវ​ប៉ាន់​ស្រាប់ ក្នុង​ទីផ្សារ​សំណង់ អគារ​ច្រើន​នៅ​ប្រទេស​កម្ពុជា​។

កញ្ញា សួន សុជាតា ជា​និស្សិត​បញ្ចប់​ការ​សិក្សា​វិស្វករ​ផ្នែក​សំណង់​ស៊ីវិល នៅ​សាកល​វិទ្យាល័យ​ឯកជន​ល្បី​ឈ្មោះ​១ ក្នុង​រាជធានី​ភ្នំពេញ។ កញ្ញា​បានចាប់​ជំនាញ​ផ្នែក​ប្រព័ន្ធ​ធារាសាស្ត្រ។ ​បាន​ចែករំលែក​ ទុក​គ្រាន់​ជា​ផ្នែក​មួយ នៃ​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន ​ក្នុង​អាជីព​មួយ​នេះ។ អាជីព​វិស្វករ ​គឺ​ទាមទារ​ការ​តស៊ូ​ខ្លាំង​តាំង​ពី​ពេល​រៀន រហូត​ដល់​ចេញ​ធ្វើការ ដែល​ជា​ផ្នែក​មួយ​ពិបាក​សម្រាប់​ស្រីៗ មុន​ឈាន​ទៅ​មាន​ជំនាញ​ច្បាស់​លាស់​មួយ​ នេះបើតាមវិស្វករ​ស្រី​ខាងលើនេះ។

មាន​មូលហេតុ​ ៤ចំណុច ដែល​បង្ហាញ​ថា វិស្វករ​ជា​ជំនាញ​លំបាក ជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​បុរស​ច្រើន​ជាង​ស្ត្រី។ ប៉ុន្តែបើនារីព្យាយាមខ្ពស់ នោះនឹងមានភាពជោគជ័យ និងឱកាសច្រើន មិនចាញ់បុរស។

រូបតំណាង
ការដ្ឋានធ្វើការ៖ ប្រភពរូប កញ្ញា សួន សុជាតា

១. ការ​ប្រឈម​នៅ​ពេល​រៀន

មិនថា​មុខវិជ្ជា​អ្វី​ទេ គឺ​សុទ្ធ​មាន​ការ​លំបាក​ខុសៗគ្នា ប្រសិន​ជា​យើង​រៀន​យក​ច្បាស់ មិនមែន​លំ​ៗ ហើយ​មក​រៀន​ឲ្យ​តែ​គ្រូ​ឃើញ​មុខនោះ។ ងាក​មក​មុខ​ជំនាញ​វិស្វករ អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ គឺ​ច្បាស់​ដូច​ថ្ងៃ សិស្ស​ប្រុស​ៗ ខ្លះ​តែង​និយាយ​ថា ស្រាវជ្រាវ​ឡើង​ស្លក់​ភ្នែក​ ជ្រុះ​សក់ បើ​ស្រី​ៗ​វិញ ងាយ​ប្រឈម​ជាំ​ភ្នែក​ដូច​ខ្លា​ឃ្មុំ។

រូបតំណាង

ជា​ហេតុ​ថ្នាក់​រៀន​វិស្វករ គ្មាន ឬ​មិន​សូវ​សំបូរ​និស្សិត​ស្រី​ច្រើន ដែល​នៅ​ទ្រាំ​រៀន​ដល់​ចប់។ បើ​ថា​ថ្នាក់​ណា​មាន​សិស្ស​ស្រី ១ ឬ​២​នាក់ គឺ​កន្លង់​ (សិស្សប្រុស) ចោមរោម ញ៉េះញ៉ោះ ហើយ​ស្រួល​មិន​ស្រួល សុំស្តីដណ្តឹងការ​មុន​រៀន​ចប់បាត់​ក៏​មាន។ តែ​បើ​មាន​ស្រីៗ នៅ​រៀន​ដល់​ចប់ គឺ​ចេញ​មក​មាន​ការងារ​ល្អ​ច្រើន។

២. ឱកាស​ការងារ​មាន​ច្រើន និង​ចំណូល​អាច​រស់​ស្រួល

រូបតំណាង

អ្នកខ្លះ តែង​និយាយ​លេង​ថា មាន​តែ​អ្នក​សាច់​កម្ម​ទេ ទើប​អាច​តស៊ូ​ខ្លាំង​ រហូត​រៀន​ចប់​វិស្វករ​៥ឆ្នាំ។ ជា​ការ​ពិត មុខវិជ្ជា​នីមួយ​ៗ​នៃ​ជំនាញ​នេះ ត្រូវ​ការ​ការ​ស្រាវជ្រាវ​ច្រើន​ណាស់ រហូត​ដាច់​យប់​ក៏​មាន។ ស្រីៗ កម្លាំង​ខ្សោយ​ផង ណា​ខ្លាច​បង់​រូប​បង់​ឆោម​ផង ពិបាក​បន្តិច​ហើយ បើ​ចង់​ក្លាយ​ជា​វិស្វករ​។ តែ​បើ​អ្នក​អាច​ជម្នះ​ចំណុច​នេះ បាន​សម្រេច វិស្វករ​ស្រី ក៏​អាច​មាន​អាទិភាព​ល្អ​ដែរ ព្រោះ​ជា​ធម្មជាតិ​មនុស្ស​ស្រី​ គឺ​មាន​ភាព​ អត់ធ្មត់ ផ្ចិតផ្ចង់​ជាង​ប្រុស បូករួម​នឹង​អ្នក​មាន​ចំណេះ​ដឹង​វិស្វករ​ទៀត គឺ​កាន់​តែ​ល្អ​ទ្វេ​ដង។

រូបតំណាង

ជា​មធ្យម​វិស្វករ​បើ​ទើប​រៀន​ចប់​សកលវិទ្យាល័យ ចេញ​ធ្វើ​ការ​ថ្មីថ្មោង ក៏​មាន​ឱកាស​ចូល​ធ្វើការ​តាម​ក្រុម​ហ៊ុន​នានា​ ដែល​កំពុង​រីក​ដូច​ផ្សិត និង​ទទួល​បាន​ប្រាក់​ខែ​ខ្ទង់​ប្រហែល ៥០០ ទៅ​៧០០​ដុល្លារ។ ប្រសិន​អ្នក​មាន​បទពិសោធន៍​ច្រើន តាម​ជំនាញ​កម្រ​ទៀត គឺ​ប្រាក់​ចំណូល​ អាច​ហក់​ដល់​ចន្លោះ ២៥០០ ទៅ ៥០០០ដុល្លារ​ មួយ​ខែ​ៗ​ក៏​មាន។

៣. ស្រាវជ្រាវ​សឹង​ពេញ​មួយ​ជីវិត

រូបតំណាង

ជា​ការ​ពិត មិនថា​ពេល​រៀន ឬ​ចេញ​ធ្វើការ​ទេ​ហើយ​នោះ​ទេ វិស្វករ​ភាគ​ច្រើន​ គឺ​តែង​ជួប​បញ្ហា​ថ្មី​រហូត ទោះ​កាន់​តួនាទី​ណា​ក៏​ដោយ។ ឧទាហរណ៍​ថា វិស្វករ​ផ្នែក​ប្រព័ន្ធ​ធារាសាស្ត្រ​ ដូច​កញ្ញា​ សួន សុជាតា ទោះ​ចេញ​ធ្វើការ​ហើយ​ក៏ដោយ ចាំ​បាច់​ត្រូវ​ស្រាវជ្រាវ​បន្ថែម​លើ Structureឬ​រចនា​សម្ព័ន្ធ​របស់​ប្រឡាយ​ទឹក​ និង​ត្រូវ​ដឹង​ពី​មុខងារ​ផ្សេង​ៗ​ពាក់ព័ន្ធ​ជា​ច្រើន ដូច​សរសៃឈាម​ ទើប​ធ្វើការ​មិន​មេមម៉ាម។

ការដ្ឋានធ្វើការ៖ ប្រភពរូប កញ្ញា សួន សុជាតា

និយាយ​ទៅ​ បើ​ចូល​កាន់​តួនាទី​ជា​អ្នក​គ្រប់គ្រង​គេ​ មាន​ប្រាក់​ខែ​ខ្ទង់​ពាន់​ដុល្លារ​ក៏​ដោយ​ គឺ​រឹត​តែ​ស្រាវជ្រាវ​ទ្វេដង គេច​មិន​ផុត។

រូបតំណាង

៤. បរិយាកាស​ការងារ និង​បន្ទុក​គ្រួសារ

ធ្វើ​ការងារ​វិស្វករ ដូច​ចូល​សមរភូមិ​ប្រយុទ្ធ​អីចឹង​ដែរ មាន​ន័យ​ថា មិនមែន​ទៅ​កាប់​ចាក់​គ្នា​អី​ទេ គឺ​គ្រាន់​តែ​គ្មាន​ពេល​សម្រាក​ច្រើន​ដូច​អាជីព​ផ្សេង និង​គ្មាន​ពេល​តែង​ខ្លួន​ដូច​គេ។ ចំណុច​នេះ​ហើយ​ ដែល​វិស្វករ​ប្រុស​ តែង​មាន​ភាព​ងាយស្រួល​ជាង​ ព្រោះ​ធម្មជាតិ​មនុស្ស​ប្រុស​មាន​កម្លាំង​កំហែង​ និង​មិន​សូវ​ខ្វល់​រឿង​សម្រស់​ដូច​ស្រី។

រូបតំណាង

ម្យ៉ាង​វិញ​ទៀត​ពួកគេ មាន​ពេល​ច្រើន​ជាង ដើម្បី​ផ្ដោត​លើ​ការងារ មិន​ថា​យប់​ ឬ​ថ្ងៃ​ ទោះ​អ្នក​នៅ​លីវ ឬ​រៀបការ​ហើយ​ក៏​ដោយ។ ប៉ុន្តែ​បើ​ជា​វិស្វករ​ស្រី គឺ​អាច​ពិបាក ប្រសិន​បើ​ពួក​គេ​មាន​គ្រួសារ និង​មាន​កូន ហើយ​សម្រស់​ក៏​ទៅ​តាម​នឹង ឬ​ស្រុត​ចុះ​ជា​លំដាប់។ អ្វី​ដែល​កាន់​តែ​ពិបាក គឺ​វិស្វករ​ស្រីៗ ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​១​តង់​ ពេល​មាន​ផ្ទៃពោះ បន្ថែម​ពី​ការ​ទទួល​ខុស​ត្រូវ​ការងារ ទម្រាំ​គ្រប់​ខែ​សម្រាល​កូន។

រូបតំណាង

មិន​ទាន់​ចប់​ទេ ស្រីៗ​ក៏​ត្រូវ​ត្រៀម​ចិត្ត​ ត្រៀម​កាយ​មើល​ថែ​ពេល​កូន ក្រោយ​​កើត​មក​ផង​ដែរ។ ដូច្នេះ​ ដោយ​សារ​បន្ទុក​គ្រួសារ បូក​ថែម​នឹង​សំពាធ​ការងារ​ផង ពេល​ខ្លះ បើ​ទោះ​មាន​តួនាទី​ខ្ពស់ ចំណូល​កប់ ក៏​អាច​មាន​វិស្វករ​ស្រី​ខ្លះ បង្ខំ​ចិត្ត​លាឈប់​មួយ​រយៈ ​សុខចិត្ត​ប្ដូរ​អាជីព​ បន្ថយ​ការ​ទទួលខុស​ត្រូវ​ការងារ​មួយ​ផ្នែក ទៅ​រក​របរ​ផ្សេង ឬ​សម្រាក​នៅ​ផ្ទះ​មួយ​រយៈ​ក៏​មាន។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម