អាថ៌កំបាំង​ ៧ យ៉ាងជួយឲ្យជីវិតស្រស់ថ្លា ពេញដោយថាមពល

  • 2021-03-30 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​មួយ​ជីវិត​មនុស្ស គ្មាន​ប្រាថ្នា​អ្វី​ ក្រៅ​ពី​សុខភាព​ល្អ សប្បាយចិត្ត នោះ​ទេ។ ​យ៉ា​ង​ណា​ក៏​ដោយ ​​វា​ក៏​មិន​ពិបាក​រក​ពេក​ដែរ ។ ​អ្នក​អាច​ទទួល​យក​វា​បាន ​ដោយ​ការ​ចេះ​អនុវត្ត​នូវ​រឿង​រ៉ាវ​៧​យ៉ាង​នេះ។

១. ហាត់​ប្រាណ​រាល់​ថ្ងៃ

ហាត់​ប្រាណ​ មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​រាង​កាយ​ទេ ​តែ​វា​ក៏​ល្អ​សម្រាប់​ខួរ​ក្បាល​ផង​ដែរ។ ​អ្នក​​អាច​ជ្រើស​វិធី​ដើរ​នៅ​លើ​ដង​ផ្លូវ ​ប្រសិន​បើ​ថ្ងៃ​ណាមួយ​​អ្នក​​មិន​បាន​ហាត់​ប្រាណ។ ​វា​ជួយ​បំបាត់​ស្រ្តេស ​​បញ្ចេញ​គំនិត​ថ្មី​ៗ​បាន​លឿន ​និង​ចៀស​ឆ្ងាយ​ពី​ជំ​ងឺ​ទៀត​ផង។

២. ជំរុញ​ខួរ​ក្បាល​និង​ចិត្ត​ឲ្យ​សកម្ម​ជា​និច្ច

ធ្វើ​រឿង​អ្វី​មួយ​តាម​សេចក្ដី​ត្រូវ​ការ​ ​គឺ​ជា​ការ​ពង្រឹង​ភាព​វៃ​ឆ្លាត​ដល់​ខួរ​ក្បាល។ ​គ្រាន់​តែ​ដើរ​លេង​តាម​ផ្សារ ​បើក​ឡាន ​ចម្អិន​អាហារ ​និង​ធ្វើ​អ្វី​ក៏​បាន​ដោយ​ខ្លួន​ឯង ក៏​ជា​ការ​ជម្រុញ​ខួរ​ក្បាល​មិន​ឲ្យ​ស្ពឹក​ស្រពន់​បាន​ដែរ។ ​នេះ​ជា​វិធី​មួយ​​ចៀស​វាង​ពី​ជំងឺ​វង្វេង​ស្មារតី​បាន​ទៀត​ផង។ អ្នក​ដឹង​ទេ បើ​សិន​អ្នក​គ្រាន់​ឃុំ​ខ្លួន​ឯង​ចោល​ក្នុង​ផ្ទះ ​នោះ​អ្នក​នឹង​ស្មុគ រហូត​គិត​អវិជ្ជមាន​ បាត់​បង់​​យុវភាព​និង​ផ្លូវ​ចិត្ត​ថែម​ទៀត។

៣. ​បង្កើត​ជីវិត​ឲ្យ​សាមញ្ញ

កុំ​ប្រឹង​រក​លុយ​ ធ្វើការ​រហូត​ទាល់​តែ​ជីវិត​​ពេញ​ដោយ​ស្រ្តេស។ ​តែ​គួរ​ជ្រើស​រើស​ការងារ​ណា​ដែល​អ្នក​រីករាយ​នឹង​ធ្វើ ត្រូវ​ចេះ​រក​ពេល​​វេលា​លំហែ​សម្រាប់​ខ្លួន​ឯង ហើយ​កុំ​ភ្លេច​រៀប​ចំ​ជីវិត​ឲ្យ​មាន​តុល្យភាព។ ​រឿង​ដ៏​សំខាន់​បំ​ផុត ​កុំ​យក​ខ្លួន​ឯង​ទៅ​កន្លែង​ដែល​ខ្លួន​ឯង​មិន​ចង់​ទៅ។ ត្រូវ​ចំណាយ​ពេល​វេលា​ទៅ​លើ​រឿង​ដែល​ជួយ​ឲ្យ​អ្នក​រីករាយ នោះ​ទើប​ជីវិត​មាន​ថាម​ពល​ជាង​មុន។

៤. ចេះ​​បែង​ចែក Good Stress និង Bad Stress

​អ្នក​ដឹង​អត់​ថា ស្រ្តេស​ ត្រូវ​បាន​បែង​ចែក​ជា​២​ប្រភេទ មួយ​គឺ Good Stress ​និង​មួយ​ទៀត​គឺ Bad Stress ។ Good Stress មាន​ន័យ​ថា​គឺ​សម្ពាធ​ដែល​ចេញ​ពី​ការ​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន​ឯង​ថា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

ចំណែក Bad Stress ​វិញ គឺ​​​រឿង​ដែល​មិន​អាច​គ្រប់​គ្រង​ដោយ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​ ដូច​ជា​ គិត​ច្រើន​ បារម្ភ​ជ្រុល​ជា​ដើម។

៥. កុំ​ឈ្លោះ​ជាមួយ​អ្នក​ដទៃ

ការ​បង្ហាញ​អារម្មណ៍​មួល​ម៉ៅ ​ច្រណែន ​ឬ​និយាយ​ដើម​ពី​អ្នក​ដទៃ ​គឺ​ជា​ការ​បង្កើត​ឲ្យ​ចិត្ត​គំនិត​ខ្លួន​ឯង​កាន់​តែ​អវិជ្ជមាន។ ​មិន​តែ​ប៉ុណ្ណោះ ​វា​ក៏​មិន​មែន​ជា​ផ្លូវ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​​នោះ​ទេ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​រួម​ទាំង​ទំនាក់​ទំនង​ថែម​ទៀត។

៦. ផ្តោត​​លើ​របប​អាហារ

ញ៉ាំ​អាហា​រ​ដែល​មាន​គុណ​ប្រយោជន៍​តិច​តួច​ វា​នឹង​ឆាប់​បំផ្លាញ​សុខភាព​រហូត​ក្លាយ​ជា​មាន​ជំ​ងឺ​។ ​ពិសេស​ជំ​ងឺ​ដែល​គេ​តែង​ជួប​​ប្រចាំ​​ថ្ងៃ ​គឺ​ទឹក​នោម​ផ្អែម ​ឡើង​ឈាម​ជា​ដើម។

៧. សម្រាក​ចិត្ត​កាយ​ឲ្យ​ជ្រះ​ថ្លា បន្ទាប់​មក​ជីវិត​នឹង​ភ្លឺ​ស្វាង

អ្នក​ត្រូវ​រក​ពេល​រក្សា​ផ្លូវ​ចិត្ត​ឲ្យ​បាន​ធូរ​ស្រាល ហើយ​ធ្វើ​វា​ដដែលៗ​ឲ្យ​ក្លាយ​ជា​ទម្លាប់។ លំហែ​ចិត្ត​​ដូច​ជា ងូត​ទឹក​ក្តៅ​ឧណ្ឌៗ ​ដើរ​ហាត់​ប្រាណ ​ជិះ​កង់ ​ស្តាប់​តន្រ្តី ជា​ដើម ​ដើម្បី​ស្រូប​យក​ថាម​ពល​ធម្មជាតិ​ដល់​រាង​កាយ៕

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម