កំពុងផ្ទុះកូវីដមែនពិត តែ យ៉ាង គួរ នៅតែជះលុយ៦៤លានដុល្លារ ទិញវីឡាដ៏ស្កឹមស្កៃ
- 2021-03-30 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងផ្ទុះកូវីដមែនពិត តែ យ៉ាង គួរ នៅតែជះលុយ៦៤លានដុល្លារ ទិញវីឡាដ៏ស្កឹមស្កៃ
ទោះបីជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពពិបាកដោយសារវិបត្តិកជំងឺកូវីដ ១៩មែនពិត តែកំពូលតារាសម្ដែងប្រុសហុងកុង Louis Koo នៅតែចំណាយលុយជាច្រើនដើម្បីវិនិយោគលើអចលនទ្រព្យ។
កាលពីថ្ងៃទី ២៩ ខែមីនាកន្លងទៅនេះ បណ្ដាញព័ត៌មាន HK01 បានរាយការណ៍ថា កំពូលតារាសម្ដែងជើងចាស់ហុងកុង Louis Koo ទើបតែចំណាយលុយ ៦៤លានដុល្លារ ដើម្បីទិញផ្ទះមួយខ្នងនៅក្នុងបុរីលំដាប់ខ្ពស់ Double Cove ស្ថិតក្នុងតំបន់ Ma On Shan ក្រុងហុងកុង។
តាមនោះដែរ វីឡានេះ មើលសម្ដៅទៅសមុទ្រ និងមានទីតាំងនៅលើភ្នំ ហើយមានទំហំ ២៧៨ម៉ែត្រការ៉េ កម្ពស់៤ជាន់ ដោយនៅក្នុងផ្ទះមានជណ្ដើរយន្តផងដែរ។ តំបន់នេះក៏ជាផ្ទះរបស់កំពូលតារាផ្សេងទៀតដូចជា Tavia Yeung ជាដើម។
មនុស្សជាច្រើនបានលាន់មាត់សរសើរ ប្រុសស្អាតវ័យ៥០ឆ្នាំ ត្បិតខណៈតារាដទៃកំពុងតែពិបាកក្នុងការរកការងារ ព្រោះវិបត្តិកូវីដនោះ លោកនៅតែមានលុយច្រើនដើម្បីវិនិយោគលើអចលនទ្រព្យ។
យ៉ាងណាក្ដី ផ្ទះមួយខ្នងនេះ មិនមែនជាអចលនទ្រព្យដែលថ្លៃជាងគេរបស់តួរឿង ទេពឥន្ទ្រីបក្សីស្នេហ៍ឡើយ ដោយកាលពីឆ្នាំ ២០១៧ លោកបានចំណាយលុយ ៧៥លានដុល្លារ នៅតំបន់ Deep Water Bay ហើយអញ្ជើញប៉ាម៉ាក់មកនៅជាមួយ ត្បិតលោកគ្មានប្រពន្ធកូន។
សព្វថ្ងៃនេះ តារាកើតឆ្នាំ ១៩៧០ កំពុងមានតួនាទីជាប្រធានសមាគមសិល្បករហុងកុង និងកំពុងព្យាយាមដាស់ស្ថានភាពដ៏អាប់អួររបស់វិស័យសិល្បៈហុងកុងឡើងវិញ៕