ច្រៀងខ្មែរក៏ពិរោះ! ភាសាបរទេសវិញក៏ល្អ ស្តាប់ចៅស្រីលោកតា ស៊ីន ស៊ីសាមុត និយាយពីមរតកចម្រៀងជីតាខ្លួន ជូនលោកទូតអាមេរិក!
- 2021-02-12 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រៀងខ្មែរក៏ពិរោះ! ភាសាបរទេសវិញក៏ល្អ ស្តាប់ចៅស្រីលោកតា ស៊ីន ស៊ីសាមុត និយាយពីមរតកចម្រៀងជីតាខ្លួន ជូនលោកទូតអាមេរិក!
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នាអំពីវិស័យតន្ត្រីនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង។
**ចុចត្រង់នេះ ដើម្បីមើលវីដេអូ៖** [កិច្ចសន្ទនា រវាងលោកទូត និងសុជ្ឈតា ទាំងស្រុង](https://www.facebook.com/us.embassy.phnom.penh/videos/555560315403975)
លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់ពេញនិយម ស្តាប់ចម្រៀងលោក នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបានបាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី ។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃនេះ បទចម្រៀងរបស់លោក នៅតែពិរោះរណ្តំចិត្ត របស់មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ»។
សុជ្ឈតា ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាងបានដឹងឮរឿងរ៉ាវគាត់ តាមជីដូនបង្កើតនាង ដែលរស់នៅខេត្តស្ទឹងត្រែង។
កញ្ញានិយាយថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេងសៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំនៅខាងក្រៅ ហើយប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទងនឹងការនិពន្ធបទចម្រៀងរបស់គាត់»។
សុជាតា បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញនៅថ្ងៃទី ១៩ ខែកុម្ភៈ ។ នាងឲ្យដឹងថា ៖ «ខ្ញុំប្រើពាក្យសាមញ្ញ ហើយត្រង់ៗ ក្នុងបទចម្រៀងទាំងនេះ ពីព្រោះខ្ញុំចង់ឲ្យទស្សនិកជន ងាយយល់»។
ប្រភពអត្ថបទ៖ សេចក្តីប្រកាសព័ត៌មាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា