វិធីក្នុងការជ្រើសរើសបុរសល្អធ្វើជាប្តី

  • 2021-02-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលនិយាយអំពីការជ្រើសរើសបុរសល្អដើម្បីយកមករៀបការជាមួយនោះវាពិតជារឿងសំខាន់ណាស់។ ការរៀបការមិនមែនជាការលេងសើចនោះទេ វាគឺជាការលះបង់មួយដ៏ធំក្នុងឆាកជីវិតរបស់អ្នក បើរើសខុសអ្នកនឹងទទួលបានតែទុក្ខសោក ការឈឺចាប់ ហើយបើរើសត្រូវនោះអ្នកនឹងទទួលបានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍។ ដូចច្នេះអ្នកត្រូវមានការប្រាកដប្រជាថា តើបុរសបែបណាដែលអ្នកចង់ចំណាយពេលពេញមួយជីវិតជាមួយ?

អ្នកប្រាកដជាបានគិតរួចហើយថាដៃគូអនាគតរបស់អ្នកត្រូវតែជា បុរសខ្ពស់សង្សារ មានមន្តស្នេហ៍ ជាអ្នកមាន ឬក៏ជាសុភាពបុរសគ្រប់លក្ខណ៍ដែលអាចផ្តល់សេចក្តីសុខពេញលេញឲ្យខ្លួនបាន។

ហើយទាំងនេះជាវិធីដែលអាចជួយអ្នកឲ្យជ្រើសរើសបុរសដែលសក្កសមជាមួយនឹងអ្នក៖

  • ជ្រើសរើសដោយផ្អែកទៅលើបុគ្គលិកលក្ខណៈរបស់គេ ត្រូវគ្នាឬមានលក្ខណៈស្រដៀងទៅនឹងបុគ្គលិកលក្ខណៈរបស់អ្នកដែរ
  • ជាបុរសដែលតែងតែផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយផ្លូវចិត្តចំពោះអ្នកមិនថាមានរឿងអ្វីកើតឡើងក៏ដោយគេនឹងមិនបោះបង់អ្នកចោលដាច់ខាត
  • បុរសដែលមើលឃើញពីគុណតម្លៃរបស់អ្នក និងតែងតែលើកវាឡើងមកបង្ហាញ ឬនិយាយប្រាប់អ្នកជានិច្ច
  • ជាបុរសដែលបានចាត់ទុកអ្នកថាគឺជាមិត្តសម្លាញ់ស្លាប់រស់
  • ជាបុរសដែលអ្នកមានទំនាក់ទំនងល្អក្នុងសង្គមខាងក្រៅ ជាមួយគ្រួសារនឹងមិត្តភក្តិ
  • ត្រូវតែជាបុរសដែលមានការយល់ដឹងខ្ពស់ទាក់ទងទៅនឹងជីវិតរស់នៅ ទោះបីមិនបានរានសូត្រជ្រៅជ្រះក៏ដោយ និងតែងតែមានចរិតស្ងប់ជានិច្ចទោះគេមានកំហឹងយ៉ាងណាក៏ដោយ ចេះគិតវែងឆ្ងាយ ចេះដោះស្រាយដោយសន្តិវិធី

អ្នកអាចធ្វើការស្រមើស្រមៃតាមដែលអ្នកចង់ តាមការឃើញរបស់អ្នក តែចាំថាជីវិតពិតពិតនោះវាមិនដូចគ្នាទេ។ អ្នកមិនអាចដឹងឡើយថាគូស្នេហ៍មួយគូដែលមានសុភមង្គលនោះបានឆ្ងងកាត់អ្វីខ្លះ និងមានរឿងពីក្រោយខ្នងអ្វីខ្លះបានកើតឡើយ។ ដូចច្នេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ តែអ្នកទាំងពីរព្យាយាមកសាងសុភមង្គលឲ្យអស់ពីសម្ថតភាព៕

ប្រភពរូបភាព៖ Pexels, Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den