ជួបរឿងអាស្រូវច្រើន Zheng Shuang ប្រកាសលក់ផ្ទះតម្លៃ២៣លានដុល្លារ
- 2021-01-25 02:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបរឿងអាស្រូវច្រើន Zheng Shuang ប្រកាសលក់ផ្ទះតម្លៃ២៣លានដុល្លារ
ដោយសារតែត្រូវដាក់ចូលក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន តារាសម្ដែងស្រីល្បីឈ្មោះ Zheng Shuang លែងមានចំណូលតទៀត ដែលធ្វើឲ្យនាងបង្ខំចិត្តត្រូវលក់ផ្ទះដែលកំពុងបង់រំលោះ។
កាលពីថ្ងៃទី ២៤ ខែមករាមុននេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា កម្រងរូបភាពប្រកាសលក់ខុនដូលំដាប់ខ្ពស់ ត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម ក៏ដូចជាវិបសាយលក់អចលទ្រព្យជាច្រើន។ នៅក្នុងនោះដែរ ការទូទាត់លុយនៅពេលទិញផ្ទះនេះត្រូវបាននាងផ្ដោតជាចម្បង។
មុនពេលរឿងអាស្រូវស្រីស្អាត ២៩ឆ្នាំ ជួលគេកើតកូន ហើយមិនទទួលស្គាល់កើតឡើង នាងបានទិញខុនដូប្រភេទ Penthouse មានទំហំ ៦៣០ម៉ែត្រការ៉េ នៅក្នុងគម្រោង The Magic City Fuxing Long Royal ដែលស្ថិតក្នុងកណ្ដាលបេះដូងក្រុងសៀងហៃ។ ពីលើខុនដូនេះ នាងអាចមើលទេសភាពទីក្រុងសៀងហៃទាំងមូល។ តម្លៃខុនដូនេះគឺ ១៥០លានយាន់ (២៣.១ លានដុល្លារ)។
យ៉ាងណាក្ដី ផ្ទះមួយនេះ តួរឿង LOVE O2O មិនបានទិញដោយលុយសុទ្ធនោះទេ គឺនាងបង់រំលោះ ដោយក្នុង១ខែ ត្រូវបង់ ៦០ម៉ឺនយាន់ (៩២៨០០ ដុល្លារ)។ យ៉ាងណាក្ដី ដោយសារពេលនេះ អស់ចំណូល នាងលែងមានលទ្ធភាពបង់ផ្ទះហើយ។
នៅពេលនេះ នាងកំពុងប្រកាសលក់វិញ ក្នុងតម្លៃត្រឹមតែ ២០លាន មានន័យថាទាបជាងទីផ្សារ ៣លានដុល្លារ។ តែ Sina នៅតែគិតថា នាងនៅតែពិបាកលក់ចេញ ត្បិតក្រោយរឿងអាស្រូវរបស់នាង គេគិតថា ផ្ទះនេះប្រាកដជាហុងស៊ុយមិនល្អ។ នៅក្នុងការប្រកាសលក់ផ្ទះនេះ Zheng Shuang បានឲ្យដឹងថា នាងត្រូវការលុយសុទ្ធពេលទិញ និងត្រូវណាត់មុនពេលចង់មើលផ្ទះ ហើយអ្នកទិញត្រូវបញ្ជាក់ពីចំណូលរបស់ខ្លួន៕