ទម្លាប់៥យ៉ាង ជួយឱ្យស្រីៗមើលទៅថ្លៃថ្នូរ ទៅណាមកណាក៏មានតែអ្នកចោមរោមស្រឡាញ់
- 2021-01-16 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់៥យ៉ាង ជួយឱ្យស្រីៗមើលទៅថ្លៃថ្នូរ ទៅណាមកណាក៏មានតែអ្នកចោមរោមស្រឡាញ់
រូបរាងខាងក្រៅ និងកាយវិការគឺជាចំណុចទាក់ទាញដំបូងគេសម្រាប់មនុស្សផ្ទុយភេទ។ ហេតុនេះហើយ ក្រៅពីការតុតែងខ្លួន នារីៗត្រូវដឹងពីទម្លាប់មួយចំនួនដែលនាំឱ្យអ្នកជុំវិញខ្លួនស្រលាញ់ចូលចិត្ត និងឱ្យតម្លៃមកលើខ្លួនអ្នក។
ចូលចិត្តញញឹម រួសរាយ
ក្រឡេកដំបូង ស្នាមញញឹមគឺជាព្រួយថ្ពក់បេះដូងបុរសទៅហើយ។ នារីដែលចូលចិត្តញញឹមច្រើន រួសរាយរាក់ទាក់ មិនធ្វើមុខក្រញូវតែងមានគេចូលចិត្ត លេងសើចជាមួយមិនចេះដាច់ឡើយ។
ជម្នះការលំបាក មិនចេះរអ៊ូរទាំ
មិនថាការងារលំបាកយ៉ាងណា បើនារីណាដែលប្រើកម្លាំងខ្លួនឯង ដោយមិនរអ៊ូរទាំ ឬទោះបីបរាជ័យក៏មិនបន្ទោសអ្នកណា នាងតែងត្រូវបានគេឱ្យតម្លៃ ស្រឡាញ់ចូលចិត្ត។ ក្រៅពីនេះ នាងបានបង្ហាញឱ្យឃើញពីជំនឿចិត្តលើខ្លួនឯង សមត្ថភាពពុះពារលើការងារដែលបុរសជាច្រើនប្រាថ្នាចង់បាន។
តែងគិតមុននិយាយ
ទោះបីជាមនុស្សរួសរាយ ឆាប់ចុះសម្រុងនឹងអ្នកដទៃ តែបើអ្នកជានារីដែលនិយាយដោយមិនបានគិតមុន ក៏មិនសូវមានឱ្យតម្លៃដែរ ព្រោះការនិយាយដោយមិនបានគិតច្រើនតែនាំឱ្យមានកំហុស ឬនាំទុក្ខដាក់ខ្លួនទៅវិញ។ នារីដែលអ្នកគ្រប់គ្នាឱ្យតម្លៃ គឺមុននិយាយស្ដី ឬវិនិច្ឆ័យអ្វីមួយតែងប្រើការគិតបានល្អិតល្អន់ ដឹងឫសគល់ច្បាស់លាស់ និងមានហេតុផល។
ជានារីក្លាហាន ហ៊ានឆ្លើយគ្រប់សំណួរ
ចំណុចនេះសំដៅលើភាពឆ្លាតវៃរបស់នារីម្នាក់។ មិនចាំបាច់ដល់រៀនបានខ្ពង់ខ្ពស់ ប៉ុន្តែបើនាងមានចំណេះដឹង ឬមានការគិតបានជ្រៅជ្រះ និងឆ្លាតវៃឆាប់ចាប់បានចំណុចខ្លឹមនៃសំណួរ។ វាបង្ហាញពីទំនុកចិត្តរបស់នាង និងនាំឱ្យអ្នកជុំវិញខ្លួនកោតសរសើរ ស្រឡាញ់រាប់អាន។
ចេះចែករំលែក ដឹងទុក្ខធុរៈអ្នកដទៃ
សមានចិត្តរបស់មនុស្សគឺជាភាពទាក់ទាញមួយទៀតដែលមិនថា មនុស្សផ្ទុយភេទ សូម្បីមនុស្សភេទដូចគ្នាក៏ស្រលាញ់ចង់បាន។ សកម្មភាពមួយចំនួនដែលកើតពីទម្លាប់នៃការចេះចែករំលែក ឬយល់ពីអ្នកដទៃ អាចជាការបរិច្ចាគឈាម ការចែកសម្លៀកបំពាក់ចាស់ៗដល់អ្នកទុរគត ឬសកម្មភាពសង្គមផ្សេងទៀត៕