Huang Xiaoming សុខចិត្ត​ដក​ខ្លួន​ចេញ​ពី​កម្មវិធី​ធំ ដោយ​សារ​ខ្លាចប្រពន្ធ​ជាប់​ឈ្មោះ​ជា​អ្នក​ទី​៣

  • 2021-01-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​ចិន Huang Xiaoming និង Angelababy រង​រឿង​អាស្រូវ​ជា​ទម្ងន់ ក្រោយ​ពេល​តារា​សម្ដែង​ប្រុស​រូប​នេះ​ទទួល​សំណើរ​ចូលរួម​កម្មវិធី​ជាមួយ​មិត្ត​ស្រី​ចាស់។

កាល​ពី​ថ្ងៃ​ទី ១១ ខែមករា បណ្ដាញ​ព័ត៌មាន Sina បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ប្រភព​មួយ​នេះ​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់ A ចិន Huang Xiaoming នឹងដក​ខ្លួន​ចេញ​ពី​កម្មវិធី Sisters who make waves ដែល​នៅ​ក្នុង​កម្មវិធី​នោះ លោក​គឺជា​ពិធីករ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រុស​ស្អាត​៤៤ឆ្នាំ ត្រូវ​ដក​ខ្លួន​ចេញ​ពី​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​នេះ​គឺ​មក​ពី នៅ​ក្នុង​កម្មវិធី​នេះ មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​ស្រី Li Feier ដែលជា​អតីត​មិត្ត​ស្រី​របស់​តួ​​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍។

នៅ​ក្នុង​ភាគ​ដំបូង​ៗ របស់​កម្មវិធី​ អ្នក​ទាំង​២​មាន​ភាព​ជិតស្និទ្ធិ​នឹង​គ្នា​ ដែល​ធ្វើ​ឲ្យ​ព័ត៌មាន Angelababy គឺ​ជា​អ្នក​ទី​៣ បំបែក​បំបាក់​ស្នេហា​របស់​អ្នកទាំង​២។ ដោយ​សារ​តែ​ព័ត៌មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើសលុប ហើយ Huang Xiaoming មិន​ចេញ​មុខ​បក​ស្រាយ​ទៀត​នោះ Baby បាន​ឡើង​បក​ស្រាយ​ខ្លួន​ឯង​ថា៖ នៅពេល​ទើប​ស្គាល់​គ្នា Huang Xiaoming ​ប្រាប់​ខ្ញុំ​ថា​គាត់​នៅ​ទំនេរ រហូត​ដល់ Li Feier ចោទ​ខ្ញុំ​ថា​ជា​អ្នក​ទី​៣​ទើប​ខ្ញុំ​ទៅ​សួរ​គាត់ ហើយ​គាត់ប្រាប់​ថា​ពួក​គេ​បាន​បែក​គ្នា​បាត់​ហើយ។

ក្រោយ​ពេល​ប្រពន្ធ​ចេញ​មុខ​បកស្រាយ Xiaoming ក៏​បាន​បក​ស្រាយ​បន្ថែម​ថា ពាក្យ​ចចាមអារ៉ាម​ដែល​ថា Baby ជា​ជន​ទី​៣​គឺ​ខុស​ទាំង​ស្រុង។ នៅ​ពេល​នេះ ដើម្បី​កុំ​ឲ្យ​រឿង​វែង​ឆ្ងាយ តារា​ប្រុស​ជួរ​មុខ​ខាង​លើ​បាន​ដក​ខ្លួន​ចេញ​ពី​កម្មវិធី​តែ​ម្ដង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel