សេចក្ដីសុខកើនឡើងឯងៗ អោយតែរក្សាមនុស្ស ៤ ប្រភេទនេះក្បែរខ្លួន
- 2021-01-11 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេចក្ដីសុខកើនឡើងឯងៗ អោយតែរក្សាមនុស្ស ៤ ប្រភេទនេះក្បែរខ្លួន
សេចក្តីសុខអាចជាការប៉ងប្រាថ្នាធំរបស់មនុស្សលោកយើងនេះ ទ្រព្យសម្បត្តិអាចនឹងសំខាន់ពិតមែន តែការចង់បានជីវភាពធូរធារបែបនេះ ក៏កើតចេញពីចិត្តដែលគិតថាវាអាចនាំមកនូវសេចក្ដីសុខនេះដែរ។ អ្នកអាចរកសេចក្ដីសុខអោយខ្លួនឯងបានងាយៗ ដោយគ្រាន់តែរាប់អានមនុស្សទាំង ៤ ប្រភេទនេះ៖
១. មនុស្សមិនមានពុតត្បុត
ពេលដែលមានអាយុកាន់តែច្រើនទៅ មនុស្សភាគច្រើនមានអារម្មណ៏ថាពិបាកនឹងរាប់អាននរណាម្នាក់អោយស្មោះអស់ពីចិត្តខ្លាំងណាស់ អាចដោយសារថាធ្លាប់បានខកចិត្តព្រោះតែទុកចិត្តមនុស្សខុសជាច្រើនមកហើយ។ មេវៀនជីវិតបែបនេះហើយ ដែលធ្វើអោយមនុស្សភាគច្រើនប្រែប្រួល ធ្លាប់តែជាមនុស្សដែលឃើញអ្វី និយាយនោះ ក៏ក្លាយជាមនុស្សដែលចេះគិតគូរ ហើយមិនសូវជាហ៊ានបង្ហាញចិត្តគំនិតខ្លួនឯងអោយអ្នកដទៃបានដឹងនោះទេ។ ហេតុនេះហើយ មនុស្សដែលមិនមានពុតត្បុត ហើយមិនចេះតែយល់ព្រមតាមអ្នកដទៃកម្រនឹងបានជួបណាស់ បើសិនជាអ្នកមានសំណាងមានមនុស្សបែបនេះដើរចូលមកជីវិតអ្នកហើយនោះ កុំបណ្ដោយអោយដើរចេញទៅវិញអោយសោះ។
២. មនុស្សដែលមិនខ្លាចនឹងប្រាប់ពីអារម្មណ៏ពិតគេ
គ្មាននរណាម្នាក់ដែលមិនប្រាថ្នាចង់អោយផ្លូវជីវិតដែលខ្លួនដើរ រលោងស្រឹលគ្មានបញ្ហាសោះនោះទេ តែទោះបីអ្នកជាមនុស្សដែលខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិច្រើនយ៉ាងណា ក៏មិនអាចចៀសផុត ហើយគ្រប់គ្រងរឿងនេះបាននោះទេ។ ព្រោះតែបែបនេះហើយ ចាំបាច់ខ្លាំងណាស់ដែលមានមនុស្សដែលអ្នកពឹងពាក់បាន មិនខ្លាចនឹងប្រាប់ពីការយល់ឃើញពិតៗរបស់គេអោយអ្នកដឹងនោះ មិនឆ្លៀតឱកាសជាន់ពន្លេចអ្នកក្នុងពេលនោះ។
៣. មនុស្សដែលជួយអោយអ្នកលូតលាស់
ជីវិតមនុស្សម្នាក់មិនអាចនឹងលូតលាស់បានយ៉ាងពេញលេញ ដោយបន្តស្ថិតនៅកន្លែងមួយដែលខ្លួនមានអារម្មណ៏ស្រណុកសុខស្រួកបាននោះទេ។ ទោះជាអ្នកមានការប្តេជ្ញាចិត្តផ្ទាល់ខ្លួនខ្លាំងយ៉ាងណា ពេលដែលជួបប្រទះឧបសគ្គ អ្នកក៏ត្រូវមិត្តភក្តិ មនុស្សដែលជិតស្និទ្ធមកលើកទឹកចិត្ត ហើយប្រាប់អ្នកថាផ្លូវដែលអ្នកជ្រើសរើសដើរមួយនេះ ជាផ្លូវដ៏ត្រឹមត្រូវបំផុតហើយទោះជាពិបាកបន្តិចមែន។ ពេលខ្លះអារម្មណ៏បែបនេះ វាសំខាន់ជាងទ្រព្យសម្បត្តិ និង លុយកាក់អ្វីទៅទៀត។
៤. មនុស្សដែលចង់ឃើញអ្នកបានសុខពិតៗ
មិនមែនមនុស្សដែលសើចសប្បាយនៅនឹងមុខអ្នកទាំងអស់សុទ្ធ តែចង់ឃើញជីវិតអ្នកសុខថ្កើនថ្កានគ្រប់ៗគ្នានោះទេ ទោះបីជាមនុស្សអ្នករាប់អានជិតស្និទ្ធយ៉ាងណាក្ដី។ បើសិនជាអ្នកបានប្រទះមនុស្សបែបនេះ អ្នកអាចនឹងសំណាងជាងមានមនុស្សមនុស្សរាប់អាន រាប់មិនអស់ តែម្នាក់ពីរ ក៏គ្រប់គ្រាន់ទៅហើយ។