រៀនបង្កើតក្តីសុខ រៀនញញឹមដោយខ្លួនឯងរាល់ថ្ងៃ តាមវិធីទាំងនេះ

  • 2020-12-24 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ មនុស្ស​គ្រប់​រូប​រមែង​ជួប​ប្រទះ​នូវ​បញ្ហា​ផ្សេងៗ​ ទទួល​រង​សម្ពាធ​ខុសៗ​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍។ ការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន អាច​នាំ​មក​នូវ​ក្តី​សុខ​​​សុភមង្គល​មក​ឲ្យ​ខ្លួន​ឯង។ បន្ថែម​ពី​នេះ​គួររៀន​ពី​វិធី​ល្អៗ ដើម្បី​បង្កើត​ភាព​សប្បាយ​រីក​រាយ​ មាន​ស្នាម​ញញឹម​ ពោរពេញ​ដោយ​កម្លាំង​ថាមពល​ពេញលេញ មិន​រារែក​នឹង​បញ្ហា​តូច​ធំ​ដែល​កើត​មាន​ចំពោះ​មុខ​រាល់​ថ្ងៃ។

​​១. ទុក​ពេក​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​ខ្លះ​​មុន​ពេល​ចូល​គេង

រូបតំណាង

សកម្មភាព​មមាញឹក​នៅ​ពេល​ថ្ងៃ បាន​ដាក់​ភាព​តឹង​តែង​មក​ឲ្យ​អ្នក​រួច​ហើយ។ ពេល​ខ្លះ​រហូត​ដល់​ខក​ម៉ោង​បាយ​ផង អស់​កម្លាំង​កំហែង​ផង បណ្តាល​ឲ្យ​អ្នក​ស្ត្រេស​ដោយ​មិន​ដឹង​ខ្លួន។ ព្យាយាម​អនុញ្ញាត​ឲ្យ​ខួរ​ក្បាល មាន​ពេល​សម្រាក​លំហែ​ខ្លះ​មុន​ពេល​ចូល​គេង។ ​ថែរក្សា​ទាំង​សុខភាព​និង​សម្រស់ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត បទ​ភ្លេច​ស្រទន់​​ និង​​អាច​បន្ថែម​នូវ​ទៀន​ក្រអូប ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់​ថ្លា។

២. ឆ្លៀត​ពេល​សម្អាត​រៀប​ចំ​ផ្ទះ​

​​​​​ពេល​រវល់​ជាមួយ​ការងារ​ខាង​ក្រៅ​ច្រើន​ពេក អាច​​​ធ្វើ​ឲ្យ​អ្នក​​​មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​​ជាមួយ​នឹង​ការងារ​ក្នុង​ផ្ទះ។ ខោអាវ​មិន​ទាន់​បោក​គក់​ របស់​របរ​រប៉ាត់​រប៉ាយ ធូលី​កខ្វក់ ជាហេតុ​​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​។ ហេតុ​នេះ​គួរ​ឆ្លៀត​ពេល​​រៀប​ចំ​បន្តិច​ៗ​ម្តង កាត់​បន្ថត​ការ​ពង្រាយ​និង​ទុក​កិច្ចការ​គរ​លើ​គ្នា​យូរ​ពេក​។ បោស​សម្អាត​​​ ប្រមែប្រមូល​​ឥវ៉ាន់​ដែល​មិន​ប្រើ​ប្រាស់​ឬ​មិន​ចាំ​បាច់​បោះ​ចោល ក្នុង​មួយ​អាទិត្យ​ម្តង​។ នៅ​ពេល​ដែល​ផ្ទះ​សម្បែង​មាន​អនាម័យ ​ស្រឡះ​​ល្អ​គួរ​ឲ្យ​ចង់​រស់​នៅ ចិត្ត​​របស់​អ្នក​ក៏​ស្រស់​ស្រាយ​ស្រឡះ​ទៅ​តាម​ហ្នឹង​ដែរ។

៣. កត់ត្រា​ទុក​នូវ​រឿង​ល្អ​ៗ​ដែល​បាន​កើតឡើង​ចំពោះ​អ្នក​រាល់​ថ្ងៃ

រូបតំណាង

បញ្ហា​ស្មុគស្មាញ​ទុក​នៅ​មួយ​ឡែក​សិន ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ផ្តោត​អារម្មណ៍​លើ​រឿង​រ៉ាវ​ល្អ​ៗ​ដែល​បាន​កើត​ឡើ្ង​ចំពោះ​អ្នក​។ កត់​ត្រា​ទុក​រាល់​ថ្ងៃ​ មុន​ពេល​ចូល​គេង​ ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​តែ​​សន្សំ​គំនិត​សុទិដ្ឋិនិយម​ និង​អាច​បង្កើត​សុភមង្គល​ឲ្យ​ខ្លួន​ឯង​រៀង​រាល់​ថ្ងៃ​ ដោយ​ពុំ​ចាំ​បាច់​ពឹង​ពាក់​លើ​អ្នក​ដទៃ​នោះ​ទេ​។

​​៤. ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស​ គឺ​ជា​វិធី​ដ៏​ល្អ​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​ ភាព​តាន​តឹង​នានា​ បាន​យ៉ាង​ពិត​ប្រាកដ។ ទោះ​បី​រវល់​យ៉ាង​ណា​ ក៏​ត្រូវ​​មាន​ពេល​វេលា​សម្រាប់​ហាត់​ប្រាណ​នៅ​ផ្ទះ ឬ​ដោយ​ការ​ដើរ រត់​ ស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​ខាង​ក្រៅ​កាន់​តែ​ល្អ។

៥. ញ៉ាំ​អាហារ​ឆ្ងាញ់ៗ

ការ​​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ផ្អែម និង​មាន​រសជាតិ​ឆ្ងាញ់ ជា​ពេល​វេលា​ដែល​អ្នក​មាន​​ក្តី​សុខ​បំផុត។ ថ្វី​ត្បិត​អាហារ​​ឆ្ងាញ់​ៗ​មួយ​ចំនួន​ញ៉ាំ​ច្រើន​មិន​ល្អ​ចំពោះ​សុខភាព​ ប៉ុន្តែ​​​មិន​មែន​មាន​ន័យ​ថា​ត្រូវ​ជៀស​ឲ្យ​ផុត​នោះ​ទេ​។ អ្នក​អាច​ញ៉ាំ​ក្នុង​បរិមាណ​សមរម្យ​ល្មម ព្រោះ​សូម្បី​តែ​រឿង​តូច​តាច​បែប​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​បាន​ដែរ។

៦. ចំណាយ​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ

រូបតំណាង

ក្រុម​គ្រួសារ​ សាច់ញាតិ​ បងប្អូន ជា​ផ្នែក​សំខាន់​​មួយ​ដែល​អាច​ជួយ​ផ្តល់​សុភមង្គល ស្នាម​ញញឹម​សម្រាប់​អ្នក។ យ៉ាង​ណា​មិន​គួរ​បណ្តោយ​ឲ្យ​​ភាព​រវល់​នឹង​ការងារ មាន​ឥទ្ធិពល​ដាក់​គម្លាត​ឲ្យ​អ្នក​នៅ​ដាច់​ឆ្ងាយ​ពី​ទំនាក់ទំនង​ក្នុង​គ្រួសារ​ដាច់ខាត​។ ចំណាយ​ពេល​ញ៉ាំ​អាហារ​ជុំ​គ្នា និយាយ​លេង​ជាមួយ​គ្នា ចែក​រំលែក​រឿងរ៉ាវ​ទៅ​វិញ​ទៅ​មក បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​។

​​៧. ផ្តល់​អំណោយ​ដល់​ខ្លួន​ឯង

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ចំពោះ​លទ្ធផល​​អ្វី​មួយ​ដែល​ទទួល​បាន​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ អ្នក​​អាច​ទិញ​កាដូ​ទុក​ជា​អំណោយ​សម្រាប់​ខ្លួន​ឯង។ ការ​ធ្វើ​បែប​នេះ​ អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​តម្លៃ​​នៃ​ភាព​អំណត់​តស៊ូ លះបង់ និង​មាន​កម្លាំង​ចិត្ត​កាន់​តែ​រឹង​មាំ​ ក្នុង​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ ប្រកប​ដោយ​ក្តី​រីករាយ​។

ប្រភព៖ akerufeed ប្រែសម្រួល៖ ដេត ឈុនអ៊ី