កម្ម៉ង់ទិញ iPhone 12 Promax តែទទួលបានដុំថ្មទម្ងន់កន្លះគីឡូទៅវិញ
- 2020-12-15 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ម៉ង់ទិញ iPhone 12 Promax តែទទួលបានដុំថ្មទម្ងន់កន្លះគីឡូទៅវិញ
នារីម្នាក់មកពីប្រទេសវៀតណាមបានសម្ដែងការខឹងជាខ្លាំង នៅពេលខ្លួនចំណាយលុយជាច្រើនដើម្បីទូរសព្ទសេរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple តែបែរជាទទួលបានដុំថ្មទៅវិញ។
មុននេះបន្តិច នៅលើបណ្ដាញសង្គមវៀតណាមបានល្បីកក្រើកនូវហេតុការណ៍ដ៏មិនគួរឲ្យជឿមួយនោះគឺ នារីម្នាក់ឈ្មោះ Phuong មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកម្ម៉ង់ទិញទូរសព្ទ iPhone 12 Promax 256GB មួយគ្រឿង ពីហាងទូរសព្ទដែលមានឈ្មោះថា Di Dong Viet ដោយទូរសព្ទមានមានតម្លៃ ៣២លានដុង ( ១៣៨០ដុល្លារ)។
ក្រោយពេលកម្ម៉ង់មួយថ្ងៃ នៅថ្ងៃបន្ទាប់ មានក្រុមហ៊ុនដឹកជញ្ជូនមួយទៀត ដឹកឥវ៉ាន់ឲ្យភ្ញៀវខាងលើ។ ដោយសារតែខ្លួនមិននៅ ទើបបុគ្គលិកនៅហាងរបស់នារីរូបនេះ ទទួលជំនួសដោយមិនមានស៊ីញ៉េទទួលអ្វីទាំងអស់។ រឿងដែលហួសចិត្តកើតឡើង នៅពេលនារីជាម្ចាស់ទូរសព្ទមកដល់ ហើយបើកមើល ទើបដឹងថា ទូរសព្ទដែលខ្លួនទទួលនេះ គឺជាដុំថ្មមួយដុំទម្ងន់ជិតកន្លះគីឡូ។
ក្រោយពេលរឿងនេះ បែកធ្លាយខ្លាំងពេក តំណាងរបស់ក្រុមហ៊ុនលក់ទូរសព្ទខាងលើ បានចេញមុខបកស្រាយថា ការវេចខ្ចប់របស់បុគ្គលិកខ្លួនទាំងស្រុងគឺត្រូវបានធ្វើក្រោមការពិនិត្យរបស់កាមេរ៉ាសុវត្ថិភាព គឺមិនមានថ្លោះធ្លោយឡើយ។ យ៉ាងណាក្ដី កំឡុងពេលស្វែងរកទូរសព្ទនេះមកវិញ ខាងក្រុមហ៊ុនបានបញ្ចេញទូរសព្ទថ្មី ហើយប្ដូរឲ្យនារីខាងលើហើយ។ មុននោះដែរ មានករណី iPhone 12 Promax មួយដើមទៀតនៅទីក្រុងហាណូយត្រូវប្ដូរជាប្រអប់គូល័រផាត់ពណ៌វិញផងដែរ៕