៥ តិចនិក​លាប​សក់​នៅ​ផ្ទះ​ឲ្យ​បាន​ស្អាត​ដូច​នៅ​សាឡន​ថ្លៃៗ សន្សំ​លុយ​បានច្រើន

  • 2020-12-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​កាល​ចុង​ឆ្នាំ​ចូល​មក​ដល់ មិន​ថា​អ្នក​ណា​ក៏​មាន​បំណង​ចង់​តែង​ខ្លួន​ដើម្បី​ដើរ​លេង ក៏​ដូច​ជា​ទទួល​ឆ្នាំ​ថ្មី។ ជាមួយ​តិចនិក​លាប​សក់​ងាយ​ៗ​នៅ​ផ្ទះ​ខាង​ក្រោម​ អ្នក​អាច​សន្សំ​លុយ​បាន​យ៉ាង​ច្រើន​ពី​ការ​ទៅ​លាប​នៅ​សាឡន​ធំ​ៗ។

១. មិន​កក់​សក់​មុន​ពេល​លាប

អ្នក​ត្រូវ​ដឹង​ថា មុន​ពេល​លាប​សក់​មួយ​ថ្ងៃ អ្នក​មិន​គួរ​លាប​សក់​ឡើយ​ដើម្បី​ឲ្យ​ប្រេង​ធម្មជាតិ​នៃ​សក់​ជួយ​ការពារ​សក់​យើង​ មិន​ឲ្យ​សក់​ខូច​ខ្លាំង​នៅ​ពេល​លាប​សក់​ពណ៌​ភ្លឺ​ៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​មិន​កក់​សក់​មុន នឹង​ជួយ​ឲ្យ​ថ្នាំ​ជ្រាប​បាន​ល្អ​ជាង​ ងាយ​ចេញ​ដូច​ពណ៌​ដែល​នៅ​លើ​ប្រអប់​ថ្នាំ។

២. សិត​សក់​ឲ្យ​ស្អាត​មុន​ពេល​លាប

ដើម្បី​ជៀសវាង​ករណី​ថ្នាំ​ចេញ​មិន​ស្មើ​ពណ៌ ជំពាក់ និង​ដាច់​សក់​ពេល​លាប អ្នក​ត្រូវ​សិត​សក់​ឲ្យ​រាប និង​ស្អាត​​ ស្មើ​ល្អ​មុន​ពេល​លាប​ដើម្បី​ទទួល​បាន​លទ្ធផល​ខ្ពស់​បំផុត។

៣. ថែ​សក់​ឲ្យ​ដល់​មុន​ពេល​លាប​ ១​សប្ដាហ៍

ទោះ​ជា​ថ្នាំ​ប្រភេទ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ថ្នាំ​លាប​សក់​នៅ​តែ​មាន​ផ្ទុក​ជាតិ​គីមី​ដែល​ធ្វើ​​ឲ្យ​ខូច​សរសៃ​សក់​។ ដូច​នេះ​ហើយ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ឲ្យ​បាន​ទាប​បំផុត អ្នក​ត្រូវ​អប់ និង​ប្រើ​ប្រេង​ថែ​រក្សា​សក់​ឲ្យ​បាន​ជាប់​ល្អ មុន​ពេល​លាប​១​សប្ដាហ៍ ដើម្បី​កុំ​ឲ្យ​បញ្ហា​ខូច​សក់​កើត​មាន​ឡើង។

៤. សីតុណ្ហភាព​នៅ​ពេល​លាប

សីតុណ្ហភាព​ក៏​ពាក់ព័ន្ធ​នឹង​លទ្ធផល​ចេញ​ពណ៌​របស់​អ្នក​ដូច​គ្នា ដោយ​នៅ​ពេល​ដែល​សីតុណ្ហភាព​ចុះ​ទាប​ខ្លាំង​ពេក ពោល​គឺ​ទាប​ជាង ២៥​អង្សារ គឺ​ថ្នាំ​នឹង​មិន​ជ្រាប​ចូល​សក់​បាន​ល្អ​នោះ​ឡើយ ដោយ​សីតុណ្ហភាព​ដែល​ល្អ​​បំផុត​ដើម្បី​ពណ៌​ស្អាត​នោះ​គឺ ២៥ ទៅ​ដល់ ២៧​អង្សារ។

៥. លាប​គល់​សក់​ក្រោយ​គេ

ប្រសិន​បើ​អ្នក​លាប​សក់​ពី​គល់​មុន នោះ​នៅ​ពេល​លាប​ហើយ កន្លែង​ត្រង់​ស្បែក​ក្បាល​នឹង​មាន​ពណ៌​ភ្លឺ​ជាង​កន្លែង​ដទៃ ដែល​មើល​ទៅ​មិន​ស្អាត​។ ដូច​នេះ​ហើយ​ដើម្បី​ទទួល​បាន​ពណ៌​ស្អាត អ្នក​គួរ​លាប​ពី​ស្បែក​ក្បាល ៣​សង់​ទីម៉ែត្រ ហើយ​នៅ​ពេល​លាប​ហើយអស់ ទើប​ត្រលប់​មក​លាប​នៅ​គល់​សក់​វិញ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម