ជោគជ័យថ្មីដំបូងបង្អស់សម្រាប់ស្ត្រីខ្មែរ! លោកស្រីសួលី សារ៉ូ នឹងជាប់ឆ្នោតកាន់តួនាទីដ៏សំខាន់់នៅឡុងប៊ិច

  • 2020-12-01 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គិតមកដល់ពេលបច្ចុប្បន្ននេះមានប្រជាជនអាមេរិកកាំង ដែលមានសញ្ជាតិខ្មែរប្រមាណ ៧ ម៉ឺននាក់កំពុងរស់នៅក្នុងទីក្រុងឡុង ប៊ិច សហរដ្ឋអាមេរិក ប៉ុន្តែនេះជាលើកដំបូង ដែលមានជនជាតិខ្មែរ ហើយជាស្ត្រីទទួលបានការគាំទ្រច្រើន តាមរយៈការបោះឆ្នោត ដើម្បីចូលកាន់តួនាទីជាអ្នកដឹកនាំសំខាន់១រូប។ នោះគឺលោកស្រីបណ្ឌិត សួលី សារ៉ូ។

ជោគជ័យដ័ធំធេងមួយនេះ បានមកពីការខិតខំប្រឹងប្រែង ព្រមទាំងការគាំទ្រពីសំណាក់ប្រជាជន ដែលរស់នៅតំបន់នោះស្រាប់ នៃសង្កាត់ទី​៦ (the Sixth District) គួបផ្សំនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធដែលលោកស្រីមាន ក្នុងការស្វែងយល់ពីតម្រូវការ និង ទុក្ខលំបាកប្រជាជនក្នុងតំបន់នោះ។ ក្រៅពីជាអ្នកនាំពាក្យអោយការិយាល័យព្រឹទ្ធសភា និង ជាប្រធានគណៈកម្មការបណ្តឹងពលរដ្ឋប៉ូលីសនៅទីក្រុងឡងប៊ិចហើយ លោកស្រីក៏ជាសមាជិកមហាវិទ្យាល័យនៅសាលាកិច្ចការសង្គម នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុង Los Angeles និងអ្នកឯកទេសអភិវឌ្ឍន៍គម្រោង អភិរក្សសម្រាប់សាន់កាព្រីស និងទន្លេនៅ Los Angeles និងតំបន់អភិរក្សភ្នំ (RMC) ថែមទៀត។

លោកស្រីមានឆន្ទៈខ្ពស់ និង តែងតែចូលរួមការងារដើម្បីសមធម៌ សម្រាប់ Working Family ឬហៅថាក្រុមគ្រួសារដែលមានសមាជិកពេញកម្លាំងពលកម្ម ការងារជាមួយយុវជន ឬជនអន្តោប្រវេសន៍ និងស្ត្រី។ លោកស្រីក៏ធ្លាប់បានចាប់ផ្ដើមពីសហជីព សម្រាប់អ្នកបោសសំអាត និងបុគ្គលិកសុខាភិបាល ដើម្បីទាមទារប្រាក់ឈ្នួល និង លក្ខខណ្ឌការងារយ៉ាងសមស្រប។ បន្ទាប់មកក៏បន្តទៅធ្វើជានាយកប្រតិបត្តិដំបូង​ នៃក្រុមនារីខ្មែរ ក្នុងសកម្មភាពអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជន ដើម្បីលើកកម្ពស់ការអប់រំនៅតាមសាលារៀន និងសហគមន៍របស់ពួកគេ។

ក្រោយមកទៀត បណ្ឌិត សួលី សារ៉ូ បានចូលរួមក្នុងគម្រោង Health Access ដែលជួយអោយប្រជាជនគ្រប់រូប អាចទទួលបានសេវាកម្មថែទាំសុខភាពស្មើៗគ្នាៗ សម្រាប់ជនជាតិអាមេរិក ដែលមានដើមកំណើតកាត់អាស៊ី។ លោកស្រីក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិស្ត្រីសម្រាប់ស្ត្រី ហៅកាត់ (WfWF) ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ស្ថិតនៅក្រោម អង្គការពាណិជ្ជកម្មយុត្តិធម៌ ពិភពលោក (WFTO) ។ ក្នុងពេលជាមួយគ្នានេះលោកស្រី មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្តាញវិជ្ជាជីវៈអាស៊ី អាមេរិក និងប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅទីក្រុង ឡុង ប៊ិច។

គួររំលឹកថា លោកស្រីបានធំដឹងក្តីឡើងនៅក្នុងជំរុំភៀសខ្លួន អំលុងរបបខ្មែរក្រហម។ លោកស្រី សួលី បានបរិញ្ញាបត្រផ្នែកជីវវិទ្យា ផ្តោតលើការអភិវឌ្ឍកោសិកាម៉ូលេគុល ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុង Santa Cruz ។ បន្ថែមពីនេះ លោកស្រីបានទទួលសញ្ញាប័ត្រថ្នាក់ អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ឡុងប៊ិច និងបណ្ឌិតផ្នែកអប់រំ ក្នុងភាពជាអ្នកដឹកនាំស្ថាប័ន មកពីសាកលវិទ្យាល័យឡាវេនផងដែរ។

ប្រភព៖ CambodiaTownCalifornia ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម