ត្រចៀកកាំ​និយាយត្រង់ៗឲ្យ​តារា​ជំនាន់​ក្រោយ​ថា ពូកែ​សម្ដែង​នៅ​ក្នុង​ជីវិតខាង​ក្រៅ ជាង​នៅ​ក្នុង​រឿង​ទៅ​ទៀត

  • 2020-10-19 09:17:00
  • ចំនួនមតិ 8 | ចំនួនចែករំលែក 101

ការ​វាយត​ម្លៃ​ត្រង់​ៗ​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Zhao Wei ចំពោះ​តារា​សម្ដែង​ស្រី​​ថ្មី​២​រូប បាន​ធ្វើ​ឲ្យ​តារា​ជំនាន់​ក្រោយ​២​នាក់​នេះ ភ័យ​តក់​ស្លុត​មិន​ស្ទើរ​ឡើយ។

បច្ចុប្បន្ន តារា​សម្ដែងស្រី​ចាស់​វស្សា​ចិន Zhao Wei កំពុង​តែ​អង្គុយ​កៅ​អី​គណៈក​ម្មការ​កម្មវិធី​​ស្វែង​រក​តារា​សម្ដែង​ថ្មី I am Actor។ ដោយ​ទេព​កោសល្យ​ និង​ឥទ្ធិពល​របស់​ខ្លួន តួ​រឿង​ព្រះ​នាង​យេយេ​តែងតែ​ឲ្យ​ការ​វាយ​តម្លៃ​ត្រង់ ដោយ​មិន​ខ្លាច​ក្រែង​ចិត្ត​តារា​សម្ដែង​ស្រករ​ក្រោយ​ឡើយ។

នៅ​ក្នុង​ភាគ​ថ្មី​បំផុត របស់​កម្មវិធី​​នេះ​ក៏​ដូច​​គ្នា​ដែរ។ ជាក់​ស្ដែង តារា​សម្ដែង​ស្រី​ថ្មី​២​រូប​គឺ Li Xirui និង​ Meng Ziyi បាន​សម្ដែង​ឈុត​ឆាក​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត Tiny Times ដែល​មុន​នោះ​តួឯក​នៅ​ក្នុង​រឿង​នេះ​គឺ​កំពូល​តារា​សម្ដែង​ស្រី Yang Mi។

តារា​ស្រី​ថ្មី​ទាំង​២​ត្រូវ​គេ​រិះគន់​ថា សុទ្ធ​តែ​មិន​អាច​សម្ដែង​ឈុត​នេះ​បាន​ល្អ​ទាំង​អស់ ដោយ​គណកម្មការ Guo Jiaming បាន​ថា​ឲ្យ​ពួក​គេ​ចំ​ៗ​តែ​ម្ដង។ ទទួល​រង​ពាក្យ​រិះគន់​ទាំង​នេះ តារា​ស្រី​វ័យ​ក្មេង Li Xirui ចាប់​ផ្ដើម​បកស្រាយ​ហើយ​ក៏​យំ។ ឃើញ​មិត្ត​នៅ​ក្បែរ​យំ​ដូច​នេះ Meng Ziyi ក៏​ចង់​រលីងរលោង​តាម តែ​មិន​ទាន់​យំ​ផង​ក៏​ត្រូវ Zhao Wei កាក់​ទុក​មុន។

តាម​នោះ​ដែរ តួ​ត្រចៀកាំ​បាន​វាយ​តម្លៃ​ថា៖ "តាម​ការ​ពិត ខ្ញុំ​ឃើញ​ប្អូន​ៗ​សម្ដែង​ក៏​មិន​អន់​អី​ដែរ តែ​នៅ​ពេល​សម្ដែង​ក្នុង​រឿង​ចប់ ខ្ញុំ​ឃើញ​នៅ​ខាង​ក្រៅ​អ្នក​ទាំង​២​សម្ដែង​កាន់​តែ​ល្អ​ជាង​មុន​ទៀត។ ខ្ញុំ​ដឹងថា​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ពុត។ អ្នក​ទាំង​២​សម្ដែង​នៅ​ពេល​នេះ ពិត​ជា​ល្អ​ជាង​ក្នុង​រឿង​ឆ្ងាយ​ណាស់"។

ក្រោយ​ឮ​ដូច​នេះ ស្រី​ស្អាត​ទាំង​២​ទឹក​មុខ​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង​ព្រោះ​មិន​ដឹង​ថា រៀម​ច្បង​មើល​ឃើញ​ការ​សម្ដែង​របស់​ខ្លួន​ងាយ​យ៉ាង​នេះ។ នៅ​ពេល​នេះ អ្នក​ម្ដាយ​កូន​១​បាន​បន្ថែម​ថា៖ "នៅ​ពេលឃើញ Li Xirui យំ Meng Ziyi មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បាន​សម ព្រោះ​បើ​យំ​តាម​​នឹង​ត្រូវ​គេ​ថា​ធ្វើ​តាម​គេ តែ​បើ​មិន​យំ វា​មិន​សម។ ការ​វាយ​តម្លៃ​របស់ Zhao Wei ហាក់​ដូច​លេង​សើច​ផង ដូច​មែន​ទែន​ផង​ធ្វើ​ឲ្យ​គេ​ទប់​សំណើច​មិន​បាន។ នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​សរសើរ​​នាង​ថា ពិត​ជា​អ្នក​មាន​បទ​ពិសោធន៍​ខ្ពស់​មែន គ្រាន់​តែ​ក្រឡេក​ក៏ដឹង​ថា​អ្នក​ណា​សម្ដែង​ពិត អ្នក​ណា​ធ្វើ​ពុត​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel