Fan Bingbing ចាក​ចេញ​ពាក់​កណ្ដាល​កម្មវិធី ព្រោះ​ត្រូវ​ម្ចាស់​កម្មវិធី​ធ្វើ​​ឲ្យ​អាម៉ាស​ជា​ខ្លាំង

  • 2020-10-19 03:04:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 34

បណ្ដាញ​ព័ត៌មា​ន​ចិន រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing ត្រូវ​បាន​អាម៉ាស​មុខ​ជា​ខ្លាំង ដោយ​សារ​ក្រុមការងារ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Hua Ding បាន​រំសាយ​ការ​ឡើង​ប្រគល់​រង្វាន់​របស់​នាង​ដោយ​មិន​បាន​ប្រាប់​មុន។

បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន ព្រម​ទាំង​ក្រុម​ការងារ​របស់​ខ្លួន​បាន​ចាក​ចេញ​ពី​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Hua Ding នៅ​ពេល​កម្មវិធី​ទើប​តែ​ចាប់​ផ្ដើម​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ដោយ​សារ ក្រុម​ការងារ​ខាង​លើ​បាន​លុប​ឈ្មោះ​នាង​ចេញ​ពី​តារាង​អ្នក​ឡើង​ប្រគល់​ពាន​រង្វាន់។

ជាក់​ស្ដែង បើ​តាម​គ្រោង​ទុក ក្រោយ​ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម និង​ឆ្លើយ​បទ​សម្ភាសន៍​រួច ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ​ត្រូវ​ឡើង​ប្រគល់​ពាន​រង្វាន់​មួយ​ទៀត។ យ៉ាងណាក្ដី ក្រោយ​ពេល​ធ្វើ​ទាំង​២​​នោះ​ហើយ នាង​ត្រូវ​ក្រុម​ការងារ​មក​​ផ្ដល់​ដំណឹង​ថា នាង​មិន​បាច់​ឡើង​ប្រគល់​រង្វាន់​​ទេ គឺ​អង្គុយ​ដល់​ចប់​កម្មវិធី​គឺ​បាន​ហើយ។

តួ​រឿង​ព្រះនាង​យេយេ ក្រោយ​ពេល​ដឹង​ថា​គេ​រំសាយ​កម្មវិធី​របស់​ខ្លួន​ភ្លាម បាន​ដើរ​ចេញ​ពី​រោង​មហោស្រព​ភ្លាម​ទាំង​ខឹង​សម្បារ​ ព្រោះ​នាង​គិត​ថា​ខ្លួន​ត្រូវ​បាន​គេ​មិន​ឲ្យ​តម្លៃ។

យោង​តាម​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន ការ​ដែល​នាង​ត្រូវ​គេ​រំសាយ​កម្មវិធី​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា ដោយសារ​រយៈ​ពេល​ដែល​នាង​ត្រូវ​ហាម​ឡើង​ប៉ុស្តិ៍​មិន​ទាន់​ផុត​ស្រួល​បួល ត្បិត​ទាល់​តែ​ដាច់​ឆ្នាំ​ទើប​ផុត ដោយ​សារ​រឿង​អាស្រូវ​គេ​ចពន្ធ។ ហេតុ​នេះ​ហើយ កម្មវិធី​អញ្ជើញ​តារា​នេះ​មក​ ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel