Angelababy ត្រូវគេវាយតម្លៃថាស្អាតចាញ់ក្រុមមិត្តភ័ក្ដិអ្នកមាន ដែលមិនមែនជាតារា
- 2020-10-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelababy ត្រូវគេវាយតម្លៃថាស្អាតចាញ់ក្រុមមិត្តភ័ក្ដិអ្នកមាន ដែលមិនមែនជាតារា
ក្រុមមិត្តភ័ក្ដិជិតស្និទ្ធរបស់តារាសម្ដែងស្រីជួរមុខចិន Angelababy បង្ករការចាប់អារម្មណ៍ មិនត្រឹមតែដោយសារសម្រស់ស្រស់ស្អាតនោះទេ គឺថែមទាំងមានកំណើតពីត្រកូលអភិជនទាំងអស់។
បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះចិន Angelababy បានជួបជុំក្រុមមិត្តភ័ក្ដិដើម្បីអបអរខួបកំណើតមិត្តម្នាក់ក្នុងចំណោមពួកគេ។ នាងត្រូវបានគេសរសើរថា មានមុខតូចស្អាតដូចសព្វមួយដងដែរ។
តែអ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះគឺ ប្រពន្ធរបស់ Huang Xiaoming មិនបានឈរនៅចំណុច center (ចំណុចកណ្ដាល) ឡើយ ដែលខុសពីក្រុមមិត្តភ័ក្ដិនានា។ ត្បិតនៅពេលក្រុមមិត្តភ័ក្ដិផ្សេងៗ បើមានតារាណាម្នាក់ នោះតារារូបនោះនឹងឈរកណ្ដាល ដើម្បីឲ្យមើលឃើញមានសោភណ្ឌភាពស្អាត។
Sina បានបញ្ចេញមតិថា មូលហេតុដែលក្រុមមិត្តភ័ក្ដិនេះមិនចាំបាច់ឲ្យ ស្រីស្អាតវ័យ ៣១ឆ្នាំ ឈរកណ្ដាលនោះគឺ មកពីមិត្តរបស់សិល្បការិនីរូបនេះ មានសម្រស់មិនចាញ់នាងឡើយ ដោយខ្លះអាចលេចធ្លោជាងនាងក៏មាន។
ប្រភពដដែលបានបន្ថែមថា មិនត្រឹមតែមានសម្រស់ស្អាតនោះទេ ក្រុមមិត្តភ័ក្ដិជិតស្និទ្ធរបស់ Baby ថែមទាំងមានដើមកំណើតពីត្រកូលអភិជនទាំងអស់។ ជាក់ស្ដែង នៅក្នុងចំណោមនេះ មានអ្នកនាងឈ្មោះ Wang Yi Zhou កូនស្រីធំរបស់សហព័ន្ធអចលនទ្រព្យ Nissin ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យ និងផ្សារទំនើបរាប់រយនៅទូទាំងប្រទេសចិន។
រីឯអ្នកដែលនៅចំណុចកណ្ដាលគឺអ្នកនាង Liu Lin ទូតសុឆន្ទៈរបស់ក្រណាត់សូត្រអាមេរិក Manito។ សម្រាប់អ្នកដែលឈរក្បែរ Angelababy គឺកូនប្រសារស្រីនៃនាយកក្រុមហ៊ុនស្បែកជើង Red Dragonfly។ Sina បានបញ្ចប់អត្ថបទរបស់ខ្លួនដោយលើកឡើងថា ក្រុមមិត្តភ័ក្ដិរបស់សិល្បការិនីរូបនេះ ប្រៀបដូចជានៅក្នុងភាពយន្ត ដោយមិនត្រឹមតែស្អាតៗទេ គឺមានកប់ពពកតែម្ដង៕