សញ្ញាទាំង៨ដែលបង្ហាញថាមិត្តអ្នកជាសត្រូវនឹងអ្នក

  • 2020-10-14 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះអ្នកប្រហែលជាគិតពីមិត្តភក្តិដែលតែងតែនៅក្បែរអ្នកជាមនុស្សដែលយល់ពីអ្នកបំផុត តែធាតុពិតមិនមែនបែបនោះទេ គេគ្រាន់តែជាសត្រូវអ្នកប៉ុណ្ណោះ គេអាចជាគូប្រជែងអ្នក ហើយគេសង្ឃឹមថារឿងអាក្រក់នឹងកើតឡើងក្នុងជីវិតអ្នក។

ពេលនៅក្បែរអ្នក គេជាមនុស្សម្នាក់ដែលតែងតែនិយាយល្អ ហើយសង្ឃឹមថារឿងល្អៗនឹងកើតឡើងសម្រាប់អ្នក ទាំងដែលធាតុពិតគេនិយាយអាក្រក់ពីក្រោយខ្នងអ្នក ចង់អោយតែអ្នកទទួលបានតែភាពឈឺចាប់និងភាពបរាជ័យ។ ដូច្នេះធ្វើម្តេចទើបអាចដឹងថាមិត្តរបស់អ្នកជាមិត្តល្អឬជាសត្រូវរបស់អ្នក?

១. ចូលចិត្តចែករំលែកពីរឿងរបស់គេ

ពេលណាត់ជួបគ្នាម្តងណា មិត្តរបស់អ្នកភាគច្រើននិយាយពីរឿងផ្ទាល់ខ្លួនរបស់គេ ហើយបង្ហាញពីចំណុចល្អៗរបស់ខ្លួនឯង ដើម្បីជាទុនសម្រាប់អ្នកអាចពឹងគេអោយជួយអ្នកពេលអ្នកជួបបញ្ហា ហើយគេតែងតែចង់បានការតបស្នងពីអ្នកបន្ទាប់ពីគេជួយអ្នករួចរាល់ដូចជាប៉ាវញ៉ាំអី ជាកាដូ។ល។

២. ផ្តល់នូវភាពទាក់ទាញសម្រាប់អ្នក

សត្រូវរបស់អ្នកគេនឹងធ្វើជាមនុស្សម្នាក់ដែលល្អនៅពេលដែលជួបគ្នារាល់ដង។ គេពឹងអ្នកអោយជួយគេរហូត ប៉ុន្តែពេលអ្នកមានរឿង អ្នកមិនដែលឃើញវត្តមានរបស់គេបង្ហាញខ្លួនម្តងណាឡើយ។ ធម្មតាតែគេបានការទំនុកបម្រុងពីអ្នកហើយសម្រេចគ្រោងការរបស់គេ នោះគេមិនត្រូវការអ្នកទៀតទេ។

៣. តែងតែប្រាប់អ្នកពីភាពអវិជ្ជមាន

មិត្តភក្តិដែលល្អតែងផ្តល់នូវភាពល្អ ជំនឿជឿជាក់និងភាពវិជ្ជមានរាល់កិច្ចការដែលអ្នកចង់សម្រេច។ ប៉ុន្តែពេលដែលអ្នកនៅជាមួយទ្រុស្តមិត្តរបស់អ្នក គេតែងតែបដិសេធនូវរឿងដែលអ្នកចង់ធ្វើ ព្រមទាំងផ្តល់អារម្មណ៍មួយសម្រាប់អ្នកគឺភាពអវិជ្ជមាន គឺអ្នកមិនអាចធ្វើរឿងទាំងអស់នោះបានទេ។

៤. តែងតែចង់បំផ្លាញអ្នក

ជាការពិត គេមិនដែលចង់អោយអ្នកជោគជ័យក្នុងជីវិតអ្នកម្តងណាឡើយ ពីមុខអ្នកធ្វើជាអ្នកលើកទឹកចិត្តអ្នក តែគេកំពុងព្យាយាមបំផ្លាញអ្នកពីក្រោយខ្នង។ នៅពេលដែលអ្នកបរាជ័យ គេបែរជាសប្បាយចិត្ត ឯពេលដែលអ្នកសម្រេចបានរឿងណាមួយ គេខឹងនឹងអ្នកជាខ្លាំង។

៥. ធ្វើពុតថាជាការលេងសើច

សត្រូវរបស់អ្នកមិនដែលរិះគន់ ឬបង្ហាញពីកំហុសឆ្គងរបស់អ្នក ប៉ុន្តែគេបែរជាបណ្តោយអោយអ្នកប្រព្រឹត្ត ហើយនៅពេលដែលអ្នកឈឺចាប់ គេបែរជាគិតថាអ្នកហេតុអីត្រូវធ្វើបែបហ្នឹង វាដូចជាល្ងង់ណាស់។ តែនៅពេលដែលសួរគេ គេបែរឆ្លើយថាគេនិយាយលេងទេ កុំយកដាក់ខ្លួនពេក។

៦. មិនចូលចិត្តត្អូញត្អែរ

នៅពេលដែលអ្នកនិយាយពីទម្លាប់អាក្រក់ឬអ្វីដែលគេបានធ្វើខុស គេតែងតែខឹងច្រឡោត ហើយបែរជាទម្លាក់កំហុសអោយអ្នកវិញ។ គេគិតថាខ្លួនគេល្អគ្រប់គ្រាន់មិនចាំបាច់នរណាមកប្រាប់ទេ គេស្អប់ភាពត្អូញត្អែររបស់អ្នកដែលថាអោយគេរហូត។

៧. គិតថាមិនមានរឿងអីធំដុំ

នៅពេលដែលអ្នកជួបទុក្ខ គេបែរជាមិននៅក្បែរអ្នក ហើយពេលដែលបានជួបអ្នកគេនិយាយថារឿងប៉ុណ្ណឹងសោះ កុំពិបាកចិត្តពេក។ គេធ្លាប់ប្រាប់អ្នកថាបើសិនជាមានរឿងអីមិនសប្បាយចិត្ត គេនឹងនៅក្បែរនិងលួងលោមអ្នក តែវាមិនដូចអ្វីដែលគេនិយាយទេ។

៨. ចង់ដឹងពីភាពឈឺចាប់របស់អ្នក

ពេលអ្នករៀបរាប់ពីទុក្ខលំបាក គេចង់ដឹងដោយសួរពីនេះពីនោះ គេមិនមែនខ្វាយខ្វល់ទេ តែគេគ្រាន់តែចង់ដឹងថាអ្នកដុនដាបដល់ចំណុចណាហើយ។ គេចូលចិត្តស្តាប់ពីភាពទន់ខ្សោយរបស់អ្នក ហើយគេស្រមើស្រមឺពីអនាគតរបស់អ្នកនឹងរលាយអស់។ បើសិនអ្នកជួបមិត្តបែបនេះ អ្នកគួរតែជៀសអោយឆ្ងាយពីគេ ព្រោះថាអ្នកនៅក្បែរគេមិនបានផ្តល់អ្វីចម្រើនដល់អ្នកទេ មានតែបំផ្លាញអ្នក៕

រូបភាព៖ Pinterest

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម