រឿងរ៉ាវប្រឈមនៃជីវិតជាស្ត្រីដែលពិភពលោកបង្កើនការយកចិត្តទុកដាក់
- 2020-10-13 06:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវប្រឈមនៃជីវិតជាស្ត្រីដែលពិភពលោកបង្កើនការយកចិត្តទុកដាក់
ប្រសិនបើអ្នកកំពុងអានអត្ថបទមួយនេះ អ្នកប្រហែលជាប្លែកអារម្មណ៍បន្តិចហើយ នូវរឿងរ៉ាវនានា ដែលមិនសូវមានអ្នកលើកយកមកនិយាយអំពីស្ត្រី។ យើងគ្រប់គ្នាតែងចង់បានការរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានការអប់រំត្រឹមត្រូវ មានអាហារញុំាគ្រប់គ្រាន់ និងមានសុខភាពល្អ។
ទន្ទឹមនឹងនេះ មានក្មេងស្រីរាប់លាននាក់នៅជុំវិញពិភពលោក មិនអាចមានលទ្ធភាពទទួលបានចំណុចខាងលើ ដែលនេះជាការលំបាក និងប្រឈមរបស់ពួកគេ។
យោងទៅតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ ចំនួនក្មេងស្រីជាង ១៣០ លាននាក់ទូទាំងពិភពលោក មិនបានទទួលបានការអប់រំគ្រប់គ្រាន់ឡើយ។ ចំណែកក្មេងស្រីជាង ១២ លាននាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ បានរៀបការជារៀងរាល់ឆ្នាំ ដោយហើយផលខុសៗគ្នា។ ក្នុងនោះផងដែល ក្មេងស្រីប្រមាណ ១៥ លាននាក់ដែលមានអាយុពី ១៥-១៩ ឆ្នាំបានរងនូវការរំលោភបំពានផ្លូវភេទ។
ទិន្នន័យពីអង្គការសហប្រជាជាតិបានបង្ហាញទៀតថា៖ ការរំលោភបំពានផ្លូវភេទ បានកើតឡើងចំពោះស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី ៣នាក់នៅទូទាំងពិភពលោក។ ក្រៅពីនោះអំពើហិង្សាក្នុងគ្រួសារ ក៏បានដូចជាមានការកើនឡើង ចាប់តាំងពីការផ្ទុះឡើងខណៈ មានការរីកដាលនៃការចម្លងជំងឺ COVID-១៩។
ដើម្បីបង្កើនការយកចិត្តទុកដាក់ និងបង្ហាញពីមានសារៈសំខាន់ណាស់ចំពោះកុមារី ទើបមានការប្រារព្ធ ទិវាកុមារីអន្តរជាតិ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែតុលា។ រំលឹកត្រលប់ទៅក្រោយវិញ ទិវិវានេះ បានរៀបចំក្នុងឆ្នាំ ១៩៩៥ នៅឯសន្និសីទពិភពលោកនៅទីក្រុងប៉េកាំង។ បន្ទាប់អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការ សម្រេចយកថ្ងៃទី ១១ ខែតុលា ជាទិវាកុមារីអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលក្មេងស្រីនៅជុំវិញពិភពលោក កំពុងជួបប្រទះ និងដើម្បីបំពេញសិទ្ធិសេរីភាពសម្រាប់ពួកគេផងដែរ។
សិទ្ធិសេរីភាពដែលស្ត្រីយើងមួយចំនួនធំកំពុងទទួលបានសព្វថ្ងៃនេះ គឺជាលទ្ធផលដែលបានមកពីការតស៊ូលះបង់របស់ស្ត្រីជាច្រើនមកពីជុំវិញពិភពលោក ដែលបានសហការគ្នាប្រយុទ្ធប្រឆាំងការរើសអើង និងរំលោភបំពាន ដើម្បីសិទ្ធសេរីភាពស្មើៗគ្នា និងអនាគតល្អប្រសើរ និងត្រូវបានគេទទួលស្គាល់ជាសកល។
ការផ្តល់អំណាចដល់ស្ត្រី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចូលរួមចំណែកដល់ការអភិវឌ្ឍ ការផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា។ អ្វីដែលសំខាន់គឺការទទួលបានសិទិ្ធជាមូលដ្ឋាន ដែលស្ត្រី ត្រូវទទួលបាន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាដែលយើងកំពុងប្រឈម។
រីករាយទិវាកុមារីអន្តរជាតិ!
រូបភាព៖ Pixabay
ដកស្រង់ពី ប្រភព៖ Voices of Youth Cambodia