គន្លឹះរក្សាគ្រឿងអលង្ការកាឡៃឲ្យនៅតែឆើតឆាយ មិនងាយហើរពណ៍

  • 2020-09-29 08:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿង​អលង្ការ​កាឡៃ ភាគ​ច្រើន​ត្រូវ​​បាន​គេ​រចនា​យ៉ាង​ទាក់​ទាញ​ជាមួយ​ម៉ូដ​មិន​ចេះ​ស៊ាំ​ភ្នែក។ ​អាស្រ័យ​បែប​នេះ​ហើយ ​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​និយម​ទិញ​គ្រឿង​អលង្ការ​បែប​នេះ ​ទុក​​ពាក់​ពេល​ទៅ​ណា​ម្តង​ៗ​។ ​យ៉ាង​ណា​ក៏​ដោយ ​វា​មាន​គុណ​វិបត្តិ​មួយ​ឆាប់​ខ្មៅ ​មិន​ភ្លឺ​ចែង​ចាំង​បាន​យូរ ប្រសិន​បើ​អ្នក​​ទុក​ដាក់​វា​មិន​បាន​ត្រឹម​ត្រូវ។

ដូច្នេះ ​ថ្ងៃ​នេះ​កញ្ញា ​សូម​ប្រាប់​អ្នក​ពី​វិធី​សម្អាត​គ្រឿង​អលង្ការ​កាឡៃ ​​តាម​វិធី​ខាង​ក្រោម​៖

  • ​ដាក់​វា​ក្នុង​ប្រអប់​​ផ្សេង​ៗ​​គ្នា៖ ចៀស​វាង​កុំ​ឲ្យ​ត្រូវ​ខ្យល់ ​ព្រោះ​វា​ងាយ​នឹង​ហើរ​ពណ៍ ​មិន​ចែង​ចាំង។ ​ត្រូវ​ចាំ​ថា ​កុំ​ដាក់​​គ្រឿង​អលង្ការ​ពណ៍​​ខុស​គ្នា​ក្នុង​ប្រអប់​តែ​មួយ។ ​លើស​ពី​នេះ ​ដើម្បី​កាត់​បន្ថយ​ស្នាម​ឆ្កូត​ ​អ្នក​គួរ​ដាក់​ក្រដាស​ជូត​មាត់ ឬ​ក្រណាត់​តូច​ក្រាល​ក្នុង​ប្រអប់​តែ​ម្តង ​ជា​ការ​ល្អ​។
  • កុំ​ទុក​គ្រឿង​អលង្ការ​ឲ្យ​​សើម៖ ពេល​អ្នក​ងូត​ទឹក ​ហែល​ទឹក ​​លាង​ដៃ ​ឬ​សកម្មភាព​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ទឹក ​គប្បី​ដោះ​គ្រឿង​អលង្ការ​ទុក​មួយ​ឡែក​សិន ដើម្បី​កុំ​ឲ្យ​វា​ឆាប់​ច្រេះ។

  • ​កុំ​ឲ្យ​​ផលិត​ផល​​​ថែ​ស្បែក​មាន​ជាតិ​សំណើម​ប៉ះ​នឹង​គ្រឿង​អលង្ការ៖ ​ដោយសារ​តែ​ផលិត​ផល​ទាំ​ង​នោះ ដូច​ជា​ឡេ ​ទឹក​អប់ … ​​វា​ងាយ​នឹង​បំផ្លាញ​គ្រឿង​អលង្ការ​​បំ​ផុត។

  • ​កុំ​ពាក់​គ្រឿង​អលង្ការ​ពេល​កំពុង​ហាត់​ប្រាណ ​៖ ​ញើស​ចេញ​ពី​ការ​ហាត់​ប្រាណ ​​នឹង​ធ្វើ​ឲ្យ​គ្រឿង​អលង្ការ​របស់​អ្នក​ក្លាយ​ជា​ខ្មៅ​ស្រអាប់។

​ក្រៅ​ពី​​នេះ ​អ្នក​ក៏​គួរ​លាង​សម្អា​គ្រឿង​អលង្ការ​របស់​អ្នក​រាល់​បី​ខែ​ម្តង ​ឬ​ក៏​លាង​​នៅ​ពេល​វា​ចាប់​ផ្តើម​ឡើង​ពណ៍​ស្រអាប់។ ​ដូច្នេះ ​អ្នក​អាច​លាង​វា​ដោយ​ប្រើ​មធ្យោបាយ​ដូច​ជា​៖

  • ប្រើ​សំឡី​ជក់ ឬ​ថ្នាំ​ដុស​ធ្មេញ​លាង​គ្រឿង​អលង្ការ ព្រោះ​សារធាតុ​ទាំង​២​នេះ​នឹង​ជួយ​សម្អាត​កន្លែង​ដែល​មាន​ស្នាម​ប្រឡាក់​បាន​យ៉ាង​ល្អ​។
  • ​​យក​គ្រឿង​អលង្ការ​ត្រាំ​ក្នុង​ទឹក​ក្រូច​ឆ្មា​លាយ​ជាមួយ​អំបិល​រយៈ​ពេល​មួយ​យប់ ​បន្ទាប់​មក​​ស្រង់​វា​ជូត​ឲ្យ​ស្ងួត។ ឬ​អ្នក​អាច​​ច្របាច់​ទឹក​ក្រូច​ឆ្មា​យក​មក​ជូត​​ពី​លើ​គ្រឿង​អលង្ការ​ក៏​បាន។

  • ​ត្រាំ​ក្នុង​ទឹក​ខ្មេះ​ពណ៍​ស ​ហើយ​​លាង​ទឹក​ចេញ​ដោយ​​ប្រើ​​​ច្រាស​ទន់​ដុស​ផ្ទៃ​គ្រឿង​អលង្ការ។ ​ទឹក​ខ្មេះ​ពណ៍​ស ​មាន​សមត្ថភាព​ជួយ​ឲ្យ​គ្រឿង​អលង្ការ​របស់​អ្នក​វិល​ត្រលប់​មក​សភាព​ចែង​ចាំងដូច​ថ្មី​បាន។

  • ​យក​សាប៊ូ​កក់​សក់​កូន​ក្មេង​លាយ​ជាមួយ​ទឹក​ធម្មតា​​បន្តិច ហើយ​យក​ច្រាស​ទន់​​ដុស​គ្រឿង​អលង្ការ​ថ្នម​ៗ ។

​ទាំង​អស់​នេះ នឹង​ជួយ​ឲ្យ​ខ្សែ​ក ​ខ្សែ​ដៃ ​និង​ចិញ្ចៀន​របស់​អ្នក ​នៅ​តែ​រក្សា​បាន​ភាព​ចែង​ចាំង​ជា​និរន្ត ប្រៀប​ដូច​របស់​ពិត​ៗ​ដូច្នោះ​ដែរ។ ​តោះ ​ប្រញាប់​សម្អាត​គ្រឿង​អលង្ការ​របស់​អ្នក​ឥលូវ​នេះ ​តាម​វិធី​សាស្រ្ត​ខាង​លើ​ដែល​កញ្ញា​បាន​ណែ​​នាំ​ណា៕

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម