ទំនាក់ទំនងនៅតែរក្សាបានល្អដូចដើម ទោះអ្នកនិងមិត្តភក្កិរស់នៅឆ្ងាយពីគ្នាក៏ដោយ

  • 2020-09-23 04:11:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 19

ទំនាក់​ទំនង​មួយ​កើត​ឡើង ​មិន​ងាយ​នោះ​ទេ ។ ​ដូច្នេះ ​​បើ​អ្នក​ចង់​រក្សា​មិត្ត​ភាព​ឲ្យ​បាន​យូរ ​ទោះ​អ្នក​និង​មិត្ត ​លែង​នៅ​ជិត​គ្នា​ទៀត ​គួរ​សាក​ល្បង​អនុវត្ត​វិធី​សាស្រ្ត​នេះ​។

១. ចេះ​សុំ​ទោស និង​ ចេះ​អរគុណ

​សម្រាប់​ពាក្យ​ " សុំ​ទោស​" ​និង​ពាក្យ "​អរគុណ​" ​ពិត​ជា​មាន​​ន័យ​ខ្លាំង​ណាស់ ​សូម្បី​​តែ​វា​ត្រឹម​ជា​ពាក្យ​ខ្លី​ក៏​ដោយ។ ​តែ​វា​គឺ​ជា​​ពាក្យ​​ភ្ញាក់​ផ្អើល​មួយ ​ដែល​មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​និយាយ។ មិន​​ថា ​ជាមួយ​គ្រួសារ ​មិត្ត​ភក្កិ ​​មិត្ត​រួម​ការងារ ​មនុស្ស​ជា​ទី​ស្រលាញ់ ​ឬ​អ្នក​ដទៃ​ក៏​ដោយ។ បើសិន​ជា​អ្នក​​ក្លាហាន ​និង​​ដឹង​ពី​ពេល​វេលា​និ​យាយ​ពាក្យ​ទាំង​នេះ ​ច្បាស់​ជា​មិន​ងាយ​មាន​បញ្ហា​អ្វី​ឡើយ ដោយសារ​តែ​​ពួក​គេ​នឹង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ចេញ​ពី​បេះ​ដូង​តែ​ម្តង។

​ពាក្យ​ "​សុំ​ទោស​" ​២​ម៉ាត់​នេះ ​វា​មិន​ធ្វើ​ឲ្យ​អ្នក​បាត់​តម្លៃ ​ហើយ​​ក៏​មិន​មែន​មាន​ន័យ​ថា ​អ្នក​ពិត​ជា​សាង​កំហុស​នោះ​ដែរ។ ​ចំណែក​ពាក្យ ​"​អរគុណ​" វិញ ​វា​នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​កាន់​តែ​ល្អ​ប្រសើរ ​ដោយសារ​តែ​អ្នក​បាន​បង្ហាញ​ពី​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ ​និង​ចេះ​ដឹង​គុណ។

២. ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​គ្មាន​ចិត្ត​ប្រជែង​

​ជា​ការ​ពិត ​នរណា​ក៏​ចង់​មាន​​អ្នក​ដទៃ​គាំ​ទ្រ​រូប​គេ​ដែរ។ ​មិន​ថា​​ពេល​មាន​បញ្ហា​ត្រូវ​ការ​​ជំនួយ ឬ​ធ្វើ​អ្វី​បាន​ល្អ​នោះ​ឡើយ។ ​ដោយ​គ្រាន់​តែ​មាន​អ្នក​ចាំ​ស្តាប់ ​ព្យាយាម​យល់ ​និង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​នោះ​គ្រប់​គ្រាន់​ហើយ ​ព្រោះ​វា​​ជា​ការ​បង្កើត​ថាម​ពល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ​​ពេល​នៅ​ក្បែរ​គ្នា ​ពួក​គេ​គ្មាន​អារម្មណ៍​ថា​ដូច​ត្រូវ​បង្ខំ ​នឿ​យហត់ ​ឬ​​ហត់​ចិត្ត​នោះ​ទេ។ ​

៣. យល់​ពី​គ្នា​ទៅ​​វិញ​ទៅ​មក ​និង​ចេះ​ឲ្យ​ដំបូន្មាន​ដល់​គ្នា ដោយសារ​តែ​​ពាក្យ​ថា ​"​ ​មិត្ត​ភក្កិ​"

​ក្នុង​នាម​ជា​មិត្ត ​ការ​ឲ្យ​ដំបូន្មាន​ដល់​គ្នា ​ពិត​ជា​សំខាន់​ណាស់ នៅ​ពេល​ដែល​យើង​មាន​បញ្ហា ​ឬ​ក៏​ចង់​ប្រឹក្សា​យោ​បល់ ចង់​ចែក​រំលែក​រឿង​ណា​មួយ​ជា​មួយ​មិត្ត ទាំង​ដែល​យើង​មិន​ហ៊ាន​ប្រាប់​ដល់​សង្សារ ឬ​ជជែក​ជាមួយ​គ្រួសារ​ឲ្យ​បាន​ដឹង​ផង។ ​ដូច្នេះ ​បើ​អ្នក​ជា​មិត្ត​ពិត​ប្រាកដ ​គួរ​តែ​ហ៊ាន​ឲ្យ​ដំបូ​ន្មាន ​ឬ​ស្តាប់​ពួក​គេ ​ព្យាយាម​យល់​ពី​គ្នា​ឲ្យ​បាន​ច្រើន។ ​ចេះ​ជឿ​ជាក់​លើ​គ្នា ​មិន​យក​រឿង​ក្នុង​ចិត្ត​ទៅ​និយាយ​ប្រាប់​គេ​បន្ត​នោះ​ដែរ។ ​​នេះ​ហើយ ទើប​ហៅ​ថា Best Friend ​។

៤. ​ចេះ​បង្កើត​ពេល​វេលា​ដែល​ធ្លាប់​សប្បាយ​រីក​រាយ​​ជាមួយ​គ្នា

​ជឿ​ថា ​មនុស្ស​ជា​​ច្រើន​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​​ពេល​វេលា​សប្បាយ​ជាមួយ​គ្នា​ ​និយាយ​រឿង​អតីត​ដែល​ជា​បរិយាកាស​គួរ​ឲ្យ​អស់​សំណើច​ជាមួយ​មិត្ត​ភក្កិ គ្រួសារ ដៃ​គូ ​ជា​ដើម។ ព្យាយាម​ជជែក​​លេង​​បើក​មើល​រូប​ថត ឬ​ក៏​​រំលឹក​អនុស្សាវរីយ៍​កាល​ពី​អតីត​ឲ្យ​បាន​ច្រើន​ជាមួយ​គ្នា ។ ដូច្នេះ ​គួរ​តែ​រៀប​គម្រោង​​ដើរ​លេង ដើម្បី​ឲ្យ​សប្បាយ​រីក​រាយ ​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​មិន​ថា​ពេ​ល​វេលា​អតីត​ ឬ​ពេល​បច្ចុប្បន្ន ​នឹង​នៅ​តែ​ជា​ពេល​វេលា​ល្អ​ជាមួយ​គ្នា​ជា​និច្ច៕ ​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា