កំហុសទាំង៧ ពីតិចនិកថែមុខខុសក្បួន ធ្វើឲ្យមុខឡើងមុន
- 2020-09-22 04:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសទាំង៧ ពីតិចនិកថែមុខខុសក្បួន ធ្វើឲ្យមុខឡើងមុន
តើអ្នកធ្លាប់កត់សម្គាល់ថា មួយរយៈនេះមុខរបស់អ្នកស្រាប់តែឡើងមុនមិនឈប់ឬអត់? នេះបណ្តាលមកពី ការថែរក្សាមុខរបស់ខុសក្បួន ទើបធ្វើឲ្យអ្នកត្រូវជួបសុបិនអាក្រក់បែបនេះ។
១. ប្រើទឹកជូតមុខមិនត្រូវប្រភេទស្បែកមុខ
ថ្វីបើទឹកជូតគ្រឿងសម្អាងមុខ អាចជម្រះបានធូលីដី និងលាងមុខបានល្អក៏ដោយ តែបើស្បែករបស់អ្នកប្រភេទ sensitive នោះគ្រឿងផ្សំមួយចំនួនដែលវាមិនត្រូវធាតុ នឹងបង្កជាស្បែកស្បែកស្ងូត។ នេះជាឱកាសដែលធ្វើឲ្យស្បែកងាយរោល កន្ទួលនិងរលាក ព្រមទាំងបណ្តាលឲ្យរន្ធរោមកកស្ទះថែមទៀត។
២. ប្រើឡេការពារកម្តៅថ្ងៃខុស
ទោះជាឡេការពារកម្តៅថ្ងៃជួយប្រយុទ្ធប្រឆាំងស្បែកអ្នកពីពន្លឺព្រះអាទិត្យក៏ដោយ តែវាក៏ជាកត្តារួមផ្សំធ្វើឲ្យកើតមុនផងដែរ។ ម្ល៉ោះហើយ ឡេការពារកម្តៅថ្ងៃមួយចំនួនដែលមានគ្រឿងផ្សំពីប្រេងរុក្ខជាតិ នឹងធ្វើឲ្យស្បែកងាយរោលរលាកបំផុត។ វិធីដ៏ល្អបំផុត គឺត្រូវការពារស្បែករបស់អ្នក ដោយរក្សាសំណើមអំឡុងពេលថ្ងៃឲ្យបានគ្រប់គ្រាន់ ព្រមទាំងឡេមាន SPF ដើម្បីការពារស្បែក។
៣. មិនជូតវ៉ែនតា
បើជាញឹកញាប់ អ្នកតែងមានលេចស្នាមកន្ទួលក្រហម អុជ និងមុនឡើងជាខ្សែលើខ្ទង់ច្រមុះ បញ្ហាអាចមកពីកង្វះការជូតសម្អាតដងវ៉ែនតារបស់អ្នក។ ជួនកាល ដងវ៉ែនតាមានសភាពតឹងណែនពេក រហូតប៉ះខ្ទប់នឹងស្បែក ធ្វើឲ្យកោសិការងាប់នៅបរិវេណរន្ធញើសបាន។ ម្ល៉ោះហើយ អ្នកគួរលៃលក ឲ្យសក្កិសមនៃប្រវែងដងវ់ែនតា ដើម្បីការពាររន្ធរោមរបស់អ្នកពីការកកស្ទះ។
៤. លាងមុខច្រើនដងពេក
គ្រូពេទ្យជំនាញខាងសើរស្បែកពន្យល់ថា ការលាងមុខញឹកញាប់ពេក នឹងធ្វើឲ្យស្បែកមុខគ្មានតុល្យភាព។ ម្យ៉ាងទៀត ការប្រើផលិតផលដែលបំបាត់ជាតិខ្លាញ់លើមុខច្រើនពេក នឹងទៅជាស្បែកស្ងួតវិញ ហើយធ្វើឲ្យក្រពេញប្រេងរបស់អ្នកទៅជាលើស និងបែក ដែលបណ្តាលឲ្យកើតមុនផងដែរ។
៥. ប្រើផលិតផលសក់ ច្រើនពេក
ផលិតផលរក្សាសក់មួយចំនួននឹងជួយថែសក់របស់អ្នក តែវានឹងផ្តល់មុនឲ្យអ្នកវិញ។ ពិសេស សាប៊ូកក់សក់ ឬក្រែមបន្ទន់សក់ រួមនឹងផលិតផលធ្វើម៉ូដសក់ខុសៗគ្នាខ្លះ ដែលបម្លែងជាមុនលើថ្ងាសរបស់អ្នក ដោយសារវាអាចធ្វើឲ្យរន្ធញើសស្ទះ ហើយស្បែករោលក្រហមបាន។
៦. លុបមុខជាមួយទឹកក្តៅមិនស្រាកស្រាន្ត
ទឹកក្តៅអាចបំផ្លាញរបាំងស្បែកមុខបាន ដែលជាហេតុវាក៏អាចបំផ្លាញជាតិប្រេងធម្មជាតិឲ្យប្រែជាស្បែកស្ងូត និងងាយកើតមុនផងដែរ។
៧. អត់លាងសម្អាតស្បែក ក្រោយបញ្ចេញញើសច្រើន
ការមិនងូតទឹកក្រោយពីហាត់ប្រាណរួច វាងាយនឹងឲ្យបាក់តេរីតោងជាប់លើស្បែក ដោយសារជាតិញើសទៅកកកុញរន្ធរោម ដែលបណ្តាលឲ្យកើតមុនក្បាលខ្មៅ។ អ្នកជំនាញផ្នែកសើស្បែកពន្យល់ថា ការងូតទឹកក្នុងពេលត្រឹមត្រូវក្រោយហាត់ប្រាណរួច អាចបំបាត់ជាតិញើស ប្រេង និងសារធាតុកខ្ចក់បាន។
ដូច្នេះហើយ បើអ្នកកំពុងសាងកំហុសដោយចំណុចខាងលើ គួរកែទម្លាប់ទាំងនេះចេញ ដើម្បីចៀសវាងមុនក្បាលខ្មៅ និងមុនរោលក្រហមជាដើម៕