កំហុស​​​ឆ្គង​ ៤​យ៉ាង​របស់​​ឪពុក​ម្ដាយ​​ ដែល​ធ្វើ​ឲ្យ​កូន​លួច​​យំ​​ម្នាក់​​ឯង​​​នៅ​ពេល​​គេង​

  • 2020-09-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឪពុក​ម្តាយ​ណា​ក៏​ស្រឡាញ់​កូន​ ហើយ​តែង​តែ​មិន​ចង់​ឃើញ​កូន​ពិបាក​ចិត្ត​ ភ័យ​​ខ្លាច​ ឫ​​លួច​យំ​ម្នាក់​ឯង​ដែរ​។​ ប៉ុន្តែ​ម្តាយ​ឪពុក​មួយ​​ចំនួន​ពិត​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ទង្វើ និង​កាយវិការ​របស់​ខ្លួន​​​បាន​ជះ​ឥទ្ធិពល​ ដល់​​អារម្មណ៍​របស់​កូន ដែល​ធ្វើ​ឲ្យ​ពួក​គេ​តក់ស្លុត​ បាក់​ស្បាត​ និង​លួច​យំ​ម្នាក់​ឯង​នៅ​ពេល​យប់​ដោយ​មិន​​ហ៊ាន​ហារ​មាត់​ប្រាប់​។​ ដូច្នេះ​ដើម្បី​ចៀស​វាង​​​កំហុស​​ឆ្គង​​បែប​នេះ​​ ​ ​ឪពុក​ម្តាយ​​គួរតែ​​​មក​​ពិចារណា​​ឡើង​វិញ​ នូវ​​ទង្វើ​​ខាង​ក្រោម​នេះ​​​​៖

១. អ្នក​​ឲ្យ​កូន​មើល​ ព័ត៌មាន​ រឿង ឫ​ហេតុការណ៍​រន្ធត់​

កូន​ក្មេង​មិន​ទាន់​អាច​គ្រប់​គ្រង​អារម្មណ៍​ និង​ភាព​តក់ស្លុត​របស់​ខ្លួន​បាន​ទេ​។​ ​ទោះ​បី​អ្នក​ប្រាប់​ពួក​គេ​ថា​រឿង​នោះ​​​កើត​ឡើង​​នៅ​ប្រទេស​ផ្សេង ឫ​គ្រាប់​តែ​ជា​ការ​សម្ដែង​ក៏​ដោយ​ ក៏​ពួក​គេ​​ស្រមៃ​ថា​ប្រហែល​ពួក​គេ​អាច​ជួប​រឿង​នោះ​នៅ​ថ្ងៃ​ណា​មួយ​​ ដូច្នេះ​​ពេល​ពួក​គេ​ចូល​គេង​ រូប​រន្ធត់​ទាំង​នោះ​និង​តាម​លង​បន្លាច​ រហូត​ធ្វើ​ឲ្យ​ពួក​គេ​យំ​ដោយ​មិន​ហ៊ាន​ស្រែក​ប្រាប់​​​អ្នក​។

រូបតំណាង

**២. ឪពុក​ម្តាយ​ឈ្លោះ​ប្រកែក​គ្នា​​​​**

វា​ជា​សម្ពាធ​មួយ​ដ៏​ធ្ងន់​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ​មិន​គួរ​ផ្តល់​ឲ្យ​កូន​​។​ ក្មេង​ណា​ក៏​ដោយ​ ពួក​គាត់​ស្អប់​​ខ្លាំង​នូវ​សម្រែក​ឮៗ​ ស្នូរ​វាយ​ដំ បោក​ប្រាស់​ ពាក្យ​អសុ​រស ដែល​​​ឪពុក​ម្តាយ​បង្ក​នៅ​ពេល​​ពួក​គាត់​ឈ្លោះ​គ្នា​​​​។ ​ជញ្ជាំង​ផ្ទះ​មិន​អាច​ទប់​ សម្លេង​ទាំង​នោះ​ទេ​ ដូច្នេះ​អ្នក​គួរ​តែ​ដោះ​ស្រាយ​​ការ​ខ្វែង​គំនិត​គ្នា​ ដោយ​សន្តិវិធី​ ឫ​នាំ​គ្នា​ចេញ​ទៅ​​ទី​ឆ្ងាយ​ ដើម្បី​កុំ​ឲ្យ​កូន​តូច​ឮ​​​។​

៣. ការ​លែង​លះ​គ្នា​

វា​ជា​រឿង​ដែល​អាក្រក់​បំផុត​ ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​រស់​មិន​ដូច​ស្លាប់ ព្រម​ទាំង​ក្លាយ​ជា​មនុស្ស​ដែល​​លែង​មាន​ជំនឿ​លើ​អ្នក​ណា​ទាំង​អស់​។ ពួក​គេ​នឹង​លួច​យំ រាល់​យប់​ព្រោះ​មិន​ចង់​បាត់​បង់​អ្នក​ណា​ម្នាក់​រវាង​អ្នក​ទាំង​ពីរ​ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​ ព្រោះ​​ការ​អង្វរ​ក​ និង​សម្ដី​របស់​ពួក​គេ​គ្មាន​ឥទ្ធិពល​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​។​

៤. អ្នក​​ជេរ ឫ​​វាយ​កូន​

អំពើ​​ហិង្សា​ទាំង​ឡាយ​គួរ​តែ​កុំ​ធ្វើ​មក​លើ​ក្មេង​ឲ្យ​សោះ​។​ វា​ធ្វើ​ឲ្យ​ក្មេង​​ខ្លាច​រហូត​ ដល់​បាក់​ស្បាត​ និង​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ពួក​គេ​ខ្លាំង​។ ការ​​ខ្លាច​កំហុស​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​លែង​ហ៊ាន​ទទួល​ខុស​ត្រូវ​ និង​លែង​មាន​ភាព​ស្និទ្ធស្នាល​​ជា​មួយ​ឪពុក​ម្តាយ​។ ពេល​ខ្លះ​ កូន​អ្នក​អាច​អន់​​ចិត្ត​ ហើយ​លួច​យំ​ម្នាក់​ឯង​ ដោយ​គិត​ថា​ អ្នក​លែង​ស្រឡាញ់​ពួក​គាត់​ដូច​មុន​ ដោយ​សា​ការ​ជេរ​ និង​វាយ​ដុំ​របស់​អ្នក​។

រូបតំណាង

សរុប​សេចក្តី​មក​ ធ្វើ​ជា​ឪពុក​ម្តាយ​គឺ​ជា​ទំនួល​ខុសត្រូវ​មួយ​ដ៏​ធំ ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន​​។​ ​ក្មេង​​គួរ​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពេញ​លេញ​​ពី​ឪពុក​ម្តាយ​។​ រឿង​ដែល​នាំ​ឲ្យ​​កូន​យំ ពិបាក​ចិត្ត​​អ្នក​គួរ​តែ​​បញ្ឈប់​ភ្លាម ដើម្បី​ជួយ​​ឲ្យ​ការ​លូតលាស់​ផ្នែក​រាង​កាយ​ ព្រមទាំង​ស្មារតី​របស់​ពួក​គេ​​មាន​ភាព​ល្អ​ប្រសើរ​៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម