តារា​ស្រី​ហុងកុង ពេលអាយុ ១៣​ឆ្នាំ ត្រូវ​យាយ​បង្កើត​ចាក់​ថ្នាំ​មិន​ឲ្យ​ធំ​ធាត់ ដើម្បី​បន្ត​រក​លុយ

  • 2020-08-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សង្កេត​ឃើញ​ចៅ​ស្រី​កំពុង​រក​លុយ​បាន​ច្រើន​ពេក ហើយ​ខ្លាច​បាត់​បង់​ឱកាស​នេះ យាយ​របស់​តារា​សម្ដែង និង​ចម្រៀង​ស្រី​ហុងកុង Qi Bao Ru បាន​ប្រើ​វិធី​ដែល​គ្មាន​អ្នក​ណា​ហ៊ាន​នឹក​ស្មាន​ដល់។

ធ្លាប់​ជា​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​នៅ​ទសវត្សន៍​ឆ្នាំ ៨០ និង​៩០ តារា​ស្រី​ល្បី​ឈ្មោះ​ហុងកុង Qi Bao Ru មាន​យុវភាព​ខុស​ពី​ក្មេង​ៗ​នានា​រួម​ជំនាន់​នឹង​ខ្លួន។ ដោយ​មាន​ដុង​សិល្បៈ​ពី​កំណើត តារា​វ័យ​ក្មេង​រូប​នេះ បាន​ចាប់​ផ្ដើម​រក​លុយ​បាន​តាំង​ពី​អាយុ ៣​ឆ្នាំ​មក​ម្ល៉េះ។ នៅ​ក្នុង​គ្រួសារ ទោះ​បី​ជា​មាន​អាយុ​តិច​ជាង​គេ​មែន​ពិត តែ​នាង​គឺ​ជា​អ្នក​រក​បាន​ចំណូល​ច្រើន​ជាង​គេ។

តាម​ការ​ពិត​ នាង​កើត​ក្នុង​គ្រួសារ​ដែល​ឲ្យ​តម្លៃ​តែ​កូន​ប្រុស និង​មើល​ងាយ​កូន​ស្រី ដោយ​ជារឿយ​ៗ នាង​តែ​ង​ត្រូវ​ឪពុក​វាយ​ដោយ​គ្មាន​ហេតុផល។ គ្រួសារ​នាង ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ ក្រោយ​នាង​ចូល​សម្ដែង និង​រក​បាន​លុយ។

ដល់​អាយុ ១៣​ឆ្នាំ​ ដូច​នឹង​ក្មេង​ស្រី​នា​នា​ នាង​ចាប់​ផ្ដើម​បែក​សាច់ ក្លាយ​ជា​ស្រី​ក្រមុំ។ ដោយ​ឃើញ​ថា​ចៅ​ស្រី ជិត​ក្លាយ​ជា​មនុស្ស​ស្រី​ពេញ​លេញ បាត់​បង់​ឱកាស​សម្ដែង​តួ​​កូន​ក្មេង​ទៀត។ លោក​យាយ​ខាង​ឪពុក​របស់​នាង​ បាន​ចាប់​នាង​ចាក់​ថ្នាំ​ពន្យារ​ភាព​លូត​លាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​កម្ពស់​ត្រឹម​តែ ១.៤៩​ម មក​ដល់​សព្វ​ថ្ងៃ។

មិន​ត្រឹម​តែ​យាយ​បង្កើត​ធ្វើ​បាប​ទេ នៅ​អាយុ ១៩​ឆ្នាំ នាង​សម្រេច​ការ​ប្ដី​ដែល​មាន​អាយុ​លើស​នាង​៩​ឆ្នាំ ទោះ​ត្រូវ​គ្រួសារ​ហាម​ឃាត់។ ក្រោយ​មាន​កូន​២​នាក់ ប្ដី​នាង​ជំពាក់​បំណុល​វ័ណ្ឌក ហើយ​ក៏​លែងលះ​គ្នា។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ប្ដី​នាង​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

ជីវិត​ដល់​ផ្លូវ​ទាល់ នាង​យក​ស្រា​ធ្វើ​ជា​មិត្ត កូន​ៗ​គ្មាន​អ្នក​ណា​មើល ចុង​បញ្ចប់​ កូន​ច្បង​ក៏​លេង​ថ្នាំ។ ពេល​ឃើញ​កូន​បែប​នេះ អតីត​តារា​សម្ដែង​ស្រី​ទើប​ភ្ញាក់​ខ្លួន​ កែ​ខ្លួន​ឡើង​វិញ។ ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន​ថ្មី​ៗ​នេះ Qi Bao Ru បាន​ប្រាប់​ថា ជីវិត​ខ្លួន​ជួប​តែ​រឿង​ទុក្ខ​សោក មិន​ដែល​ស្គាល់​ឡើយ​រឿង​រីករាយ​ដូច​ក្មេង​ដទៃ តាំង​ពី​តូច​មក​ម្ល៉េះ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម