សុភមង្គលគ្រួសារមិនបាច់មើលអីឆ្ងាយឡើយ មើលត្រឹមពេលហូបបាយជុំគ្នា គឺល្មមអាចដឹងបានហើយ!
- 2020-07-30 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុភមង្គលគ្រួសារមិនបាច់មើលអីឆ្ងាយឡើយ មើលត្រឹមពេលហូបបាយជុំគ្នា គឺល្មមអាចដឹងបានហើយ!
ម្សិលមិញ ប្តីរបស់ខ្ញុំបានទៅប្រជុំក្រុមការងារ ហើយពេលត្រលប់មកផ្ទះវិញ ស្រាប់តែគាត់និយាយថា ៖ "ហុងនិងប្រពន្ធរបស់គេ ប្រហែលអាចនឹងលែងលះគ្នាឆាប់ៗ"។
ក្រោយពីស្តាប់ឮអ៊ីចឹងរួច ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ ហុង គឺជាមិត្តរួមការងាររបស់ប្តីខ្ញុំ ហើយមានម្តងនោះ ខ្ញុំបានជួបគាត់និងភរិយាដែរ កាលពីឆ្នាំមុន។ បើនិយាយទៅ ឆ្នាំមុនក្រុមហ៊ុនបានរៀបចំពិធីជប់លៀងសម្រាប់បុគ្គលិកនាបំណាច់ឆ្នាំ ហើយបុគ្គលិកទាំងអស់អាចនាំក្រុមគ្រួសារចូលរួមបាន។
នៅថ្ងៃនោះ ហុងក៏បានយកប្រពន្ធមកចូលរួមផងដែរ។ នាងជាមនុស្សស្រីសុភាព ទន់ភ្លន់ និងមានរាងស្លីមគួរឲ្យស្រលាញ់ថែមទៀតផង។ គ្រប់គ្នា លួចសរសើរនាងមិនដាច់ពីមាត់ឡើយ។ ខ្ញុំចាំបានថា នៅថ្ងៃនោះ ប្តីប្រពន្ធហុងអង្គុយរួមតុជាមួយប្តី រួមទាំងខ្ញុំថែមទៀតផង។ នៅលើតុ មានម្ហូបឆ្ងាញ់ៗច្រើនមុខណាស់។ ហុងបានស្វាគមន៍អ្នករួមតុទាំងអស់ ឲ្យចាប់ផ្តើមអញ្ចើញហូបអាហារ ហើយគាត់ក៏រីករាយនឹងដួសម្ហូបដាក់ចានយ៉ាងឆ្ងាញ់ពិសារផងដែរ។ មើលទៅម្ហូបនៅថ្ងៃនោះ ពិតជាត្រូវមាត់ហុងណាស់ គាត់ហូបបានច្រើនតាំងពីម្ហូបវគ្គដំបូងតែម្តង។ តែចម្លែកចំពោះប្រពន្ធរបស់ហុងវិញ ដែលអង្គុយក្បែរប្តីរបស់នាង ហាក់ហូបតែម្ហូបដដែរៗនៅពីមុខរបស់នាងប៉ុណ្ណោះ។
ការពិតទៅ មានម្ហូបឆ្ងាញ់ៗដែលគេដាក់នៅចំកណ្តាលតុ សុទ្ធតែអាហារដែលប្រពន្ធហុងចង់ញ៉ាំ។ តែនាងស្លៀករ៉ូប ហើយអាហារទាំងនោះក៏នៅឆ្ងាយដៃ ជាហេតុធ្វើឲ្យប្រពន្ធរបស់ហុងពិបាកឈោងដួសខ្លាំងណាស់។ ពេលនោះ នាងក៏បានប្រាប់ប្តីរបស់ខ្លួនដែរ ថាឲ្យជួយដួសម្ហូបទាំងនោះសម្រាប់នាងផង។ ហួសពីការរំពឹងទុក ហុងបែរជាមិនដួសឲ្យនាងទៅវិញ និងថែមទាំងនិយាយថា៖ "បើអូនឯងចង់ញ៉ាំ អូនគួរដួសវាដោយខ្លួនឯង! អូនឯងមែនអត់ដៃឯណា"។
ឮប្តីឆ្លើយដាក់បែបនេះ នាងបង្ហាញទឹកមុខស្រពាប់ស្រពោនហើយមិនតបអ្វីទាំងអស់។ នាងគ្រាន់តែអោនមុខចុះ ហើយដួសអាហារបន្តិចបន្តួចដែលនៅពីមុខចាននាងប៉ុណ្ណោះ។ ឃើញនឹងភ្នែកបែបនេះ ខ្ញុំក៏ដួសម្ហូបខ្លះ ដែលនៅឆ្ងាយដៃសម្រាប់នាង ហើយប្រាប់នាងថា ៖" អូ! ម្ហូបហ្នឹង ខ្ញុំក៏ចង់ញ៉ាំដែរ! តោះ អ៊ីចឹងយើងញ៉ាំទាំងអស់គ្នាម្មងទៅ"។
ពិធីជប់លៀងក៏បានបញ្ចប់ ហើយនៅតាមផ្លូវខ្ញុំបានប្រាប់ប្តីរបស់ខ្ញុំថា ៖ "បើមើលទៅ ប្តីប្រពន្ធហុង ពិបាកនឹងរស់នៅចុះសម្រុងគ្នាណាស់។ មិនស្រួល មិនដល់៣ឆ្នាំទៀត សង្ស័យតែលែងលះគ្នាហើយ"។ ប្តីខ្ញុំក៏សួរវិញថា ៖ "ម៉េចអូនឯងនិយាយចឹង?”។
ខ្ញុំក៏ឆ្លើយតបវិញថា៖ " អាពាហ៍ពិពាហ៍មួយ មានសុភមង្គលឬអត់ មើលត្រឹមតែកាយវិការរបស់ប្តីប្រពន្ធពេលហូបបាយជុំគ្នា គឺល្មមអាចដឹងបាត់ទៅហើយបង"។
ជាទូទៅ ប្តីប្រពន្ធដែលមានអារម្មណ៍ល្អដាក់គ្នា មិនថាពួកគេបានរៀបការអស់៥ឆ្នាំ ១០ឆ្នាំ ឬ២០ឆ្នាំនោះទេ នៅពេលហូបបាយជុំគ្នាម្តងៗ គឺពួកគេនៅតែមានអារម្មណ៍ល្អសម្រាប់គ្នាជានិច្ច។ មិនថាម្ហូបលើតុឆ្ងាញ់ឬអត់ ក៏ពួកគេនៅតែបង្ហាញទឹកមុខសប្បាយឲ្យគ្នាបានដែរ។ ប្តីប្រពន្ធ២នាក់ ពេលវេលាហូបបាយជាមួយគ្នា គឺជាពេលរីករាយមួយសម្រាប់ពួកគេ។
ផ្ទុយទៅវិញ តើហុងយ៉ាងម៉េច? ទំនាក់ទំនងរបស់គ្រួសារគាត់ គឺលែងពឹងគ្នាបានទៅហើយ។ គាត់មិនខ្វល់សូម្បីតែប្រពន្ធបានអីហូបឆ្ងាញ់ឬអត់ គាត់មិនខ្វល់ពីអារម្មណ៍របស់ប្រពន្ធថានាងពិបាកយ៉ាងណា។ បើគ្រាន់តែម្ហូបមួយពេល ធ្វើឲ្យប្រពន្ធខ្មាសគេ ស្ទើរស្រក់ទឹកភ្នែកនៅកណ្តាលចំណោមមនុស្សទៅហើយ តើសុភមង្គលអាពាហ៍ពិពាហ៍របស់ពួកគេអាចរស់បានដោយសប្បាយដែរអី៕