ស្ត្រី​សម័យ​ថ្មី​គួរ​ត្រៀម​រឿង​នេះ​ទើប​ចាប់​ឱកាស​ល្អ​ៗ​ជាប់ មុនឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ជីវិត

  • 2020-07-24 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 65

មនុស្ស​ស្រី​យើង​​​តែង​មាន​ក្ដី​ស្រមៃ​​ខុស​ៗ​គ្នា​ ទៅ​តាម​ចំណង់ចំណូលចិត្ត​ចិត្ត​របស់​បុគ្គល​នីមួយៗ។ ជារឿយៗ ការ​បង្កើត​ក្ដី​ស្រមៃ ឬ​ចង់​ចាប់​យក​ឱកាស​ល្អៗ ​អាច​ងាយ​ស្រួល​ក្នុង​ការ​និយាយ ប៉ុន្តែ​វា​ពិតជា​មាន​ភាព​ពិបាក​ខ្លាំង​ក្នុង​ការ​ធ្វើ និង​​រក​វិធី​ធ្វើ​ម៉េច​ ដើម្បី​ឲ្យ​បាន​សម្រេច​គោលដៅ​ដូច​អ្វី​ដែល​យើង​ស្រមៃ​ចង់​បាន។ ហេតុ​ដូច្នេះ​ហើយ ​ទើប​មាន​អ្នក​ខ្លះ​លើកឡើង​ខុស​ៗ​គ្នា​ទាក់ទង​នឹង​ការ​បង្កើត​ក្ដី​ស្រមៃ​ឲ្យ​ខ្លួន​ឯង។

ក្នុង​មួយ​ឆាក​ជីវិត​របស់​យើង ជាពិសេស​មនុស្ស​ស្រី គួរ​តែ​មាន​ក្ដី​ស្រមៃ​ឲ្យ​ច្រើន! នេះ​ជា​ការ​លើក​ឡើង​របស់​ស្ត្រី​សម័យ​ថ្មី​មួយ​រូប​ដែល​មាន​ភាព​ក្លាហាន និង​តស៊ូ​ស្វិតស្វាញ​សិក្សា និង​បន្ត​ធ្វើការ​លើ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់។

មាន​ឈ្មោះ​ អាត សុធាវី បច្ចុប្បន្ន​កញ្ញា​ជា​ស្ថាបនិក Think Plastic ដែល​តែង​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​ពី​ការ​ថែរក្សា​បរិស្ថាន​តាម​រយៈបណ្ដាញ​សង្គម និងការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផ្លាស្ទិក បាន​ប្រាប់​គេហទំព័រ ​កញ្ញា​ ថា៖ ស្ត្រី​យើង​គួរ​មាន​ក្ដី​ស្រមៃ​ច្រើន​ ធំ ឬ​តូច និង​ខ្លះ​ត្រូវ​ការ​ពេល​វេលា​ខ្លី ឬ​វែង​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ជា​ដើម។

រូបថតផ្តល់សិទ្ធិឲ្យ៖ ដោយ កញ្ញា អាត សុធាវី

ប៉ុន្តែ​ពាក្យ​ថា ច្រើន​ក្នុង​ន័យ​នេះ កញ្ញា​អាត សុធាវី បាន​សង្កត់​ធ្ងន់​ថា ​ក៏​ត្រូវ​ទាមទារ​ឲ្យ​យើង​ចេះ​​កំណត់​ខ្លួនឯង​ឲ្យ​ជាក់លាក់ និង​មិនមែន​ចាប់​នេះ​បន្តិច ចាប់​នោះ​បន្តិច​ ហើយ​ចុង​ក្រោយ​ខ្លោច​ឆៅ ​មិន​ឆ្ពោះ​ត្រង់​ណា​នោះ​ទេ។

ចៀសវាងការយល់ច្រឡំ ពាក្យ​ថា​ច្រើន​ត្រង់​នេះ គឺក៏​សំដៅ​ដល់​ចំនួន​ច្រើន​ ដែល​អាច​លើស​ពី​១ ​​អាច​ចំនួន ២ ឬ៣​ យ៉ាង​ជាក់លាក់​បំផុត​។ ព្រោះ​ថា​មិនមែន​គ្រប់​ពេលវេលា ឬ​រឿង​​អ្វី​ដែល​យើង​ចង់​បាន​ សុទ្ធ​តែ​សម្រេច​បាន​ដូច​ចិត្ត​យើង​នោះ​ទេ។ មាន​ពេល​ខ្លះ រឿង​មួយ​ចំនួន​ក៏​អាច​​ខក​បំណង​ខ្លះ​ដែរ។ ដូច្នេះ​វា​ជា​ជម្រើស​ល្អ បើ​យើង​បាន​ត្រៀម​ ឬ​មាន​ក្ដី​ស្រមៃ​ផ្សេង​មក​ជំនួស​ស្រាប់ ដែល​វា​អាច​ជួយ​ជំរុញ​យើង​បន្ត​ទៅ​រក​គោលដៅ​ ដែល​អាច​ជួយ​យើង​ មិន​ឲ្យ​ជាំ​គាំង​នៅ​ទ្រឹង​១​កន្លែង ឬ​អាច​បាក់​ទឹកចិត្ត​ ពេលបរាជ័យនានា ដែលអាចកើតមានឡើងជា​ដើម។

រូបថតផ្តល់សិទ្ធិឲ្យ៖ ដោយ កញ្ញា អាត សុធាវី

ស្ថាបនិក​ជំរុញ​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​​ល្បី​ឈ្មោះ​រូប​នេះ បាន​បន្ថែម​ថា ដើម្បី​ឲ្យ​ខ្លួន​ឯង​អាច​ឈាន​ដល់​គោល​ដៅ​ជីវិត ស្ត្រី​យើង​គឺ​ត្រៀម​ខ្លួន​ ចំណេះដឹង ជំនាញ​មួយ​ច្បាស់​លាស់ និងបន្ថែមអ្វីថ្មីជានិច្ច កុំគិតថាខ្លួនឯងចេះហើយឲ្យសោះ​។ ឧទាហរណ៍ថា៖ បើសិនជាយើង​អាច​ចេះ​ជំនាញ​នានា ដោយ​ខ្លួនឯង​បន្ថែម ដូចជា​ជំនាញ​កាត់ដេរបែប​នេះ​ស្រាប់ និងអាចរកលុយបានហើយក៏ដោយ ក៏នៅតែទាមទារ​ឲ្យ​បងប្អូន​ជា​ស្ត្រី គួរ​ឆ្លៀត​បង្កើន​រៀន​សូត្រ​បន្ថែម ដើម្បី​ហ្វឹក​ហាត់​ជំនាញ​នោះ​ឲ្យ​កាន់​តែ​ខ្លាំង​ស្រប​នឹង​សម័យ​ថ្មី។ មិន​ថា​សម័យ​កាល​ណា​នោះ​ទេ គឺ​គេ​តែង​ទាមទារ​អ្នក​ចេះ​ប្រាកដ និង​ចេះ​អ្វី​មួយ​ឲ្យ​ថ្នឹក គេ​ដែល​មិន​ត្រូវ​ការ​អ្នក​ចេះ​មិន​ច្បាស់ ឬ​ចេះ​លំ​ៗ​នោះ​ទេ។

ចំណុច​សំខាន់ ដែល​អ្នក​គួរ​តែ​ដឹង គឺ​ការ​ចំណាយ​ពេល​វេលា​ត្រឹមត្រូវ ធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់​ពិត​ប្រាកដ។ ព្រោះ​ថា បើ​យើង​កំពុង​ធ្វើ​រឿង​ដែល​យើង​ស្រឡាញ់​ស្រាប់ ទោះ​ពេល​ខ្លះ​ពិបាក​យ៉ាងណា ក៏​យើង​នៅ​តែ​អាច​ដោះស្រាយ​បាន។ ប៉ុន្តែ​បើ​យើង​កំពុង​បន្ត​ធ្វើ​រឿង​ដែល​រឿង​ដែល​យើង​មិន​ចូលចិត្ត ឬ​មិន​ស្រឡាញ់​ គឺ​វា ពិត​ជា​ខាត​ពេល និង​ជា​សំពាធ​សម្រាប់​ខ្លួនឯង​ដ៏​ធំ​មួយ។

ទន្ទឹម​គ្នា​នេះ​ដែរ បើ​ជា​យើង​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​លទ្ធផល​ល្អ និង​មាន​ការ​ទទួលស្គាល់ គឺ​យើង​ត្រូវ​មាន ចំណេះដឹង ជំនាញ​ច្បាស់លាស់ និង​ឧស្សាហ៍​ព្យាយាម​បន្ត​រៀន​សូត្រ​អ្វី​ថ្មី​ៗ​ជានិច្ច។

រូបថតផ្តល់សិទ្ធិឲ្យ៖ ដោយ កញ្ញា អាត សុធាវី

សូម​បញ្ជាក់​ថា កញ្ញា អាត សុធាវី​ ជា​អតីត​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​មាន​បទពិសោធន៍​ដ៏​សម្បូរ​បែប​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ រួម​នឹង​ធ្វើការ​ក្នុង​ជំនាញ​ព័ត៌មាន និង​ទំនាក់​ទំនាក់​ ឬ​ភាសា​អង់គ្លេស​ហៅថា (Media & Communications) ជាង​១៥​ឆ្នាំ​កន្លង​ទៅ។

ឆ្លង​កាត់​បទពិសោធន៍​ការងារ និង​ការ​អនុវត្ត​ផ្ទាល់​លើ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ កញ្ញា អាត សុធាវី ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម ក៏​ទើប​តែ​បាន​ឈ្នះ​ពាន​ផ្នែក​ព័ត៌មាន និង​ទំនាក់​ទំនាក់​ ពី​ការប្រកួតប្រជែង​«​ពានរង្វាន់​ស្ត្រី​នៃ​ពេល​អនាគត​ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​» (Women of the Future Awards South East Asia)​ ប្រកាស​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ Youtube កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ នេះ​ពី​សណ្ឋាគារ Hilton Singapore ប្រទេស​សិង្ហ​បុរី​។

អត្ថបទ៖ ពៅ រក្សា