បង្ហាញហេតុផល៥យ៉ាង ដែលមនុស្សស្រីមិនគួរចាប់ផ្តើមស្នេហ៍ចាស់ម្តងទៀត

  • 2020-07-14 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​ចិត្ត​អ្នក​​មិន​ទាន់​អស់​ស្រលាញ់​នៅ​ឡើយ ​ហើយ​ស្រាប់​តែ​គេ​វិល​មក​វិញ នោះ​ហើយ​គឺ​ជា​រឿង​ស្ទាក់​ស្ទើរ​បំ​ផុត។ នៅ​ពេល​ដែល​គេ​ទៅ​ចោល​​​អ្នក ​បេះ​ដូង​អ្នក​ប្រាកដ​ជា​ធ្លាប់​រំពឹង​ថា​ថ្ងៃ​ណាមួយ​គាត់​នឹង​វិល​មក​វិញ ដូច្នេះ​ពេល​ដែល​ឱកាស​នេះ​មក​ដល់ អាច​ថា​អ្នក​ច្បាស់​ជា​អរ​បន្តិច​ ​ភ័យ​បន្តិច។ តែ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់ ​មុន​ពេល​អ្នក​ត្រូវ​រឿង​ដដែល លង​បន្លាច ព្រោះ​គុណ​វិបត្តិ​វា​ក៏​នឹង​មក​ជាមួយ​ដែរ។ ​

១. ពិបាក​ទុក​ចិត្ត​

​នៅ​ពេល​ឃើញ​គាត់​ចង់​វិល​មក​ជានា​វិញ ​អារម្មណ៍​របស់​អ្នក​ប្រហែល​ជា​​អរ​​​ជាង​មុន​បន្តិច​ហើយ ​មែន​ទេ?។ ​តាម​ពិត ​ការ​ត្រលប់​មក​ម្តង​នេះ ​ការ​ជឿ​ជាក់​​លើ​គាត់​អាច​ថា​មាន​៥០​%​ប៉ុណ្ណោះ ព្រោះ​ជម្រៅ​ចិត្ត​របស់​អ្នក​ប្រាកដ​ជា​នៅ​តែ​ភ័យ​ខ្លាច ​មិន​ដឹង​ថា​ត្រូវ​រស់​ក្នុង​រណ្តៅ​ទុក្ខ​​បន្ត​ឬ​អត់ ហើយ​តើ​អាច​ជឿ​បាន​កម្រិត​ណា​លើ​មនុស្ស​​ប្រុស​ដែល​ធ្លាប់​បោះ​បង់​អ្នក​ចោល? ​

ថ្វី​បើ​ការ​វិល​មក​ផ្សះ​ផ្សា​គ្នា​វិញ ​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ក្តី ​តែ​តើ​អ្នក​ប្រាកដ​ប៉ុន្មាន​ភាគ​រយ​ថា​គាត់​ពិត​ជា​ស្រលាញ់​អ្នក​មែន? ​តើ​លើក​នេះ ​គាត់​នៅ​តែ​ថែ​ទាំ​អ្នក​ដូច​គ្រាដំបូង​អត់? ​ប្រសិន​បើ​អ្នក​បែក​​គ្នា​មិន​មែន​ដោយសារ​ជន​​ទី​៣​ទេ អូខេ! អ្នក​អាច​ពិចារណា​ត្រលប់​មក​ជានា​ជាមួយ​គាត់​វិញ។ ​តែ​បើ​អ្នក​ទាំង​២​បែក​គ្នា​ដោយសារ​តែ​ការ​ក្បត់ ឬ​អំពើ​​ហិង្សា​មក​លើ​អ្នក នោះ​អ្នក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់។ ​ការ​សម្រេច​ចិត្ត​លើក​នេះ ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ជាមុន​ថា ​តើ​បេះ​ដូង​អ្នក​អាច​ទ្រាំ​ទ្រ​ទារុណកម្ម​ផ្លូវ​ចិត្ត​បាន​ម្តង​ទៀត​ឬអត់?

២. ​អាច​ថា​មក​ពី​គាត់​លែង​មាន​​អ្នក​ណា​នៅ​សល់​ទៀត

ពេល​ខ្លះ​ការ​វិល​​ត្រលប់​របស់​គាត់​សារ​នេះ ដោយសារ​តែ​គាត់​ឯកា ឬ​​គេ​បោះ​បង់​គាត់​ចោល​ជា​ដើម។ ​កុំ​ចាត់​ទុក​ខ្លួន​ឯង​ដូច​តុក្កតា​ជ័រ ​ចង់​គេ​វិល​មក​ឱប​ពេល​ណា​ក៏​បាន ​បោះ​ចោល​ពេល​ក៏​បាន។ ​កុំ​ភ្លេច​ថា ​ថ្ងៃ​ដែល​គេ​ចាក​ចេញ អ្នក​ឯកា​កម្រិត​ណា ​ឈឺ​ប៉ុន​ណា ​ខ្ទេច​ខ្ទាំ​បេះ​ដូង​យ៉ាង​ណា។ ដូច្នេះ ​ទម្រាំ​អ្នក​អាច​វិល​មក​សភាព​ដូច​រាល់​ថ្ងៃ​បាន ​វា​មិន​ងាយ​ស្រួល​ឡើយ។ ​ហេតុ​នេះ ​កុំ​ងាយ​នឹង​យល់​ព្រម​ពាក្យ​ថា​ត្រូវ​គ្នា​វិញ​បាន។ ​កុំ​ឲ្យ​ឱកាស​មនុស្ស​ប្រុស​ដូច​ជា​គាត់​ម្តង​ទៀត ​ព្រោះ​គេ​ជ្រើស​ផ្លូវ​ត្រលប់​វិញ​ដើម្បី​តែ​បំពេញ​ភាព​ឯកា​របស់​គេ​ប៉ុណ្ណោះ។

៣. គ្រាន់​តែ​​ជា​ទំនាក់​ទំនង​ដែល​មាន​តែ​សម្បក​កាយ

​​ការ​ពិត​មួយ ​នៅ​ពេល​មនុស្ស​ស្រី​បាន​បាក់​ចិត្ត​ស្រលាញ់​​បុរស​ណា​ម្នាក់​ហើយ តែ​បែរ​ជា​បែក​គ្នា​វិញ ​នាង​តែង​តែ​​ចោទ​សួរ​សំនួរ​មួយ​ដែល​ពិបាក​រក​ដំណោះ​ស្រាយ។ ​ហេតុ​អ្វី​អ្នក​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ? ​តើ​ពេល​នេះ​ អ្នក​នៅ​ទី​ណា? ហើយ​ចុង​បញ្ចប់ សូម្បី​តែ​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​អាច​រក​​ចម្លើយ​ឃើញ ហើយ​នៅ​តែ​រក្សា​សំនួរ​នេះ​ក្នុង​ចិត្ត​ជា​រៀង​រហូត។ បើ​ទោះ​អ្នក​ព្យាយា​ម​បំភ្លេចក៏​ដោយ ក៏​នៅ​មិន​អាច​ភ្លេច​បាន។ ហេតុ​អ្វី​ក៏​គេ​បោះ​បង់​អ្នក​ចោល​នៅ​ថ្ងៃ​នោះ ​ហើយ​បែរ​ជា​វិល​មក​វិញ​នៅ​ថ្ងៃ​នេះ​ទៅវិញ? ​តើ​មក​ពី​គេ​​រក​មិន​បាន​មនុស្ស​ស្រី​ពិសេស​ម្នាក់​មែន? បើ​សិន​អ្នក​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ឡើយ ​អ្នក​មិន​គួរ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ ចិត្ត​កាយ​ជាមួយ​គាត់​ម្តង​ទៀត​ទេ ព្រោះ​អ្នក​ត្រូវ​រក​តម្លៃ​ឲ្យ​ខ្លួន​ឯង​បន្ត​ទៀត។

​៤. រូបភាព​អាក្រក់​នៅ​ថ្ងៃ​នោះ ​នៅ​តែ​ដិត​ដាម

​មិនដឹង​ថា អត្តចរិត​យ៉ាប់​ៗ​ដែល​​គាត់​ធ្លាប់​សាង តើ​គាត់​នឹង​ផ្លាស់​ប្តូរ​ឬ​អត់ ហើយ​តើ​អ្នក​​អាច​ទទួល​យក​បាន​ឬ​ទេ? បើ​គាត់​គ្រាន់​តែ​ជា​មនុស្ស​ពូកែ​និយាយ ​ហើយ​ចរិត​មិន​កែ​តើ​អ្នក​នឹង​ឈឺ​ម្តង​ទៀត​យ៉ាង​ណា? ​តើ​អ្នក​នៅ​ស្រមៃ​រូប​ភាព​ថ្ងៃ​ដែល​គាត់​ចោល​អ្នក ឃើញ​ឬអត់​ពេល​នេះ? ប្រសិន​បើ​អ្ន​ក​ជ្រើស​រើស​វិល​ជួប​គ្នា​វិញ ​អ្នក​​ដាច់​ខាត​​ត្រូវ​តែ​​ហ៊ាន​ទទួល​យក​​ការ​ឈឺ​ចាប់​បម្រុង​មួយ​ទុក​ឲ្យ​ហើយ ​ការ​ភ័យ​ខ្លាច​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក ត្រូវ​តែ​ហ៊ាន​គ្រប់​គ្រង​វា។ ហេតុ​នេះ ​ត្រូវ​ព្យាយាម​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​លាស់ ​ថា​តើ​អ្នក​ត្រៀម​ខ្លួន​​ទទួល​យក​ហានិភ័យ​ស្នេហា​បែប​នេះ​ម្តង​ទៀត​ហើយ​មែន​ទេ?

៥. វិល​រក​​ស្នេហា​ចាស់​វិញ ​វា​មិន​ខុស​ពី​ក្នុង​សាច់​រឿង​ដែល​បាន​ដឹង​ពី​ចុង​បញ្ចប់​រួច​ទៅ​ហើយ

ត្រូវ​ហើយ! ​ត្រលប់​មក​ជា​នា​គ្នា​វិញ គឺ​ជា​រឿង​ល្អ ​តែ​ត្រូវ​ចាំ​ថា​វា​មិន​មែន​ល្អ​គ្រប់​គូ​នោះ​ទេ។ ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ​គូ​ខ្លះ​ពេល​ត្រូវ​គ្នា​ម្តង​ទៀត​ គេ​អាច​កាន់​ដៃ​រហូត​ដល់​ចាស់ ​តែ​ខ្លះ​វិញ​គ្រាន់​តែ​មួយ​ចំហាយ។ ​នោះ​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​បាន​រស់​នៅ​ក្នុង​បេះ​ដូង​របស់​អ្នក​រួច​ទៅ​ហើយ ​ដូច្នេះ​​នៅ​ពេល​ណាត់​ជួប​គ្នា​ម្តង​ទៀត ​ក៏​មិន​រលូន​ដែរ ហើយ​របួស​បើ​ឈឺ​វិញ ​ក៏​មិន​ងាយ​ជា​សះ​ដូច​មុន​ដែរ។ ​​មិន​ខុស​ពី​សាច់​រឿង​មួយ ​ដែល​យើង​កំពុង​មើល​ បើ​ទោះ​ជា​វា​មិន​ទាន់​ដល់​ភាគ​បញ្ចប់​នៅ​ឡើយ ​តែ​យើង​អាច​ទាយ​ដឹង​មុន​ខ្លះ​ហើយ​ថា ​ចុង​ក្រោយ​គូ​នោះ​បាន​ជួប​គ្នា​ឬអត់? ​ប៉ុន្តែ​សួរ​ថា ​ហេតុ​អី​រឿង​ខ្លះ​យើង​ដឹង​ថា​ចុង​បញ្ចប់​យ៉ាង​ណា​ហើយ ​តែ​នៅ​ទ្រាំ​អង្គុយ​តាម​ដាន​បន្ត​ទៀត? ​តើ​ហេតុ​អ្វី ​យើង​មិន​ទៅ​ប្តូរ​មើល​រឿង​ថ្មី​វិញ? ​

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម