ប្រសិន​បើ​អ្នក​កំពុង​ឆ្លង​កាត់​អារម្មណ៍​ទាំង​នេះ មាន​ន័យ​ថា​អ្នក​ចាស់​ទុំ​ជាង​មុន​ច្រើន​ហើយ

  • 2020-07-06 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធំ​ដឹង​ក្ដី​ហើយ ទាំង​ការ​គិត និង​អារម្មណ៍​សុទ្ធតែ​ត្រូវ​រឹង​មាំ និង​ចាស់​ទុំ​ជាង​មុន។ ប្រសិន​បើ​អ្នក​កំពុង​ឆ្លង​កាត់​អារម្មណ៍​ទាំង​នេះ​ មាន​ន័យ​ថា អ្នក​ពិត​ជា​ចាស់​ទុំ​មែន​ទែន​ហើយ។

១. មាន​អារម្មណ៍​ថា​ពេល​វេលា​របស់​ខ្លួន​ឯង​កាន់​តែ​មាន​តម្លៃ រយៈ​ពេល​ទូរសព្ទ​រក​អ្នក​ដទៃ​ក៏​ធ្លាក់​ចុះ។ មិន​មែន​ក្លាយ​ជា​មនុស្សនិយាយ​​តិច​នោះ​ទេ គ្រាន់​តែ​មាន​អារម្មណ៍​ថា សម្ដី​និយាយ​ច្រើន​លែង​សូវ​មាន​ន័យ និយាយ​តិច​ទៅ ក្រែង​កុំ​ឲ្យ​មាន​រឿង​ច្រើន។

២. ទទួល​ស្គាល់​រឿង​មាន​មិត្តភក្ដិ​តិច ហើយមាន​​អារម្មណ៍​ថា​មាន​ចំណង​ក្នុង​សង្គម​ច្រើន​ ការ​ពិត​ក៏​គ្មាន​ប្រយោជន៍​​អី។ ចំណង​ខ្លះ​មិន​ត្រឹម​តែ​គ្មាន​ប្រយោជន៍​ទេ គឺ​តុកសិក​ជាង​ពេល​មិន​មាន​ទៅ​ទៀត។

៣. ដឹង​ថា​គ្មាន​អ្នក​ណា​សំខាន់​ជាង​សមាជិក​ក្នុង​គ្រួសារ​។ ទោះ​បី​ជា​ពេល​នេះ ពួក​គេ​សាង​កំហុស​អ្វី​ក៏​អាច​​បន្ធូរបន្ថយ​ឲ្យ​បាន លែង​ចាប់​កំហុស​ដូច​មុន។ ឪពុក​ម្ដាយ​កាន់​តែ​ចាស់ ត្រូវ​ការ​ថែទាំ​កាន់​តែ​ច្រើន។

៤. ចាប់​ផ្ដើម​យក​ខ្លួន​ឯង​ជា​ធំ​ជាង​អ្នក​ដទៃ លែង​ដើរ​ផ្គាប់​ចិត្ត​អ្នក​ដទៃ​។ អ្នក​ណា​នៅ​បាន​ក៏​នៅ នៅ​មិន​បាន​ក៏​អញ្ជើញ​ចេញ​ទៅ អត់​បាន​នៅ​ទ្រ​ដូច​មុន​ឡើយ។

៥. មិន​ចាំ​បាច់​ប្រញាប់​ប្រញាល់​រក​សង្សារ មិន​ប្រថុចញុច​រៀបការ។ ព្រោះ​មុន​ពេល​ក្លាយ​ជា​ម្ដាយ និង​ប្រពន្ធ​ល្អ យើង​ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ល្អ​ជា​មុន​សិន។ បើ​រឿង​ផ្ទាល់​ខ្លួន​មិន​ទាន់​ដោះ​ស្រាយ​បាន​ផង រំពឹង​ទៅ​ដោះ​ស្រាយ​រឿង​គេ​យ៉ាង​ម៉េច។

៦. កាល​ពី​មុន​ឃើញ quote លើក​ទឹក​ចិត្ត​មួយ​ៗ សុទ្ធតែ​អាច​មាន​កម្លាំង​ចិត្ត​បាន​យ៉ាង​លឿន តែ​ក្រោយ​ពេល​ឆ្លង​កាត់​រាល់​ឧបសគ្គ​​ហើយ ទើប​ដឹង​ថា ពាក្យ​លើក​ទឹក​ចិត្ត​ខ្លះ ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ ប្រសិន​បើ​យើង​កំពុង​មាន​អារម្មណ៍​ធ្លាក់​ដល់​បាត។

៧. លែង​ច្រណែន​នឹង​ជោគជ័យ​របស់​អ្នក​ដទៃ ព្រោះ​ដឹង​ថា សមត្ថភាព​មនុស្ស​រៀង​ៗ​ខ្លួន​គឺ​ខុស​គ្នា។ គេ​ទទួល​បាន​ដូច​សព្វ​ថ្ងៃ ទាល់​តែ​គេ​​ពូកែ​អ្វី​មួយ​ហើយ ទើប​មានបាន​ដូច​សព្វ​ថ្ងៃ​៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម