សំនួរ​ចាក់​ដោត ខំប្រឹង​ធ្វើ​ការ​ដើម្បី​លុយ​ឬ​ដើម្បី​ក្ដី​សុខ មួយ​ណា​សំខាន់ជាង?

  • 2020-07-01 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រាកដ​ហើយ​ថា ពេល​ក្រ​ក៏​មាន​ក្ដី​សុខ​បែប​ក្រ​បាន​ដែរ តែ​វា​បាន​ត្រឹម​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ព្រោះ​ក្រ​មិន​អាច​មាន​ក្ដី​សុខ​រហូត​បាន​ឡើយ

ជីវិត​រស់​នៅ​គឺ​ពោពេញ​ទៅ​ដោយ​ចម្រូង​ចម្រាស។ ជាក់​ស្ដែង គ្រាន់​តែ​រឿង​ធ្វើ​ការ ក៏​បញ្ហា​ចោទ​សួរ​ដែរ​ថា ចុង​បញ្ចប់ជីវិត​ការងារ​ លុយ​សំខាន់​ជាង ឬ​ក្ដី​សុខ​ទើប​សំខាន់? សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​គិត​ថា ទាំង​លុយ និង​ក្ដី​សុខ​គឺ​សំខាន់​ដូច​គ្នា តែ​អ្នក​មិន​អាច​លោភលន់​ពេក​នោះឡើយ។

តែ​បើ​ត្រូវ​រើស​មួយ ក្នុង​ចំណោម​២​ ខ្ញុំ​នឹង​រើស​យក​លុយ។ មនុស្ស​ជា​ច្រើន​នឹង​គិត​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​រាក់​កំផែល គ្មាន​គិត​ជ្រាល​ជ្រៅ។ ប៉ុន្តែ និយាយ​ឲ្យ​ត្រង់​ទៅ នៅ​សម័យ​នេះ​ សួរ​ថា​បើ​គ្មាន​លុយ តើ​អាច​ដោះ​ស្រាយ​បញ្ហា​អ្វី​បាន។ អ្វី​ដែល​ហៅ​ថា ជីវិតនៅ​ក្មេង សប្បាយ​សិន​ទៅ កុំ​គិត​ច្រើន តាម​ការពិត​ក៏​គ្រាន់​តែ​លេស​ដើម្បី​បន្លប់​ភាព​អាត្មានិយម​តែ​ប៉ុណ្ណោះ។

ជីវិត​យើង​មួយ​នេះ មិ​ន​មែន​រស់​នៅ​តែ​ដើម្បី​ខ្លួន​ឯង​នោះ​ទេ គឺ​នៅ​ដើម្បី​មនុស្ស​ជុំវិញ​យើង​ទៀត។ នៅ​ពេល​មិន​ទាន់​ជួប​សម្ពាធ​នៃ​អាយុ និង​ជីវភាព គឺ​មាន​លុយ​ប៉ុណ្ណា​​ចាយ​ប៉ុណ្ណឹង ថ្ងៃ​ស្អែក​​ទៅ​ជា​យ៉ាង​ម៉េច​ក៏​មិន​រវល់។ ប៉ុន្តែ​អ្នក​ច្បាស់​ប៉ុន្មាន​ភាគរយ​ថា​ថ្ងៃ​ស្អែក​​អ្វី​ៗ​នឹង​រលូន​នោះ។

ចុះ​ដល់​ថ្ងៃ​មួយ អ្នក​ចង់​រៀបការ ចង់​មាន​បុត្រ មាន​លុយ​​ឯណា​ទៅ​ធ្វើ? ពីធីអាពាហ៍ពិពាហ៍​ដ៏​តូច​មួយ​ឥលូវ​ក៏​អស់​រាប់​ពាន់ ទៅ​មួយ​ម៉ឺន​ដុល្លារ​ដែរ។ នេះ​គឺ​ជា​មង្គលការ​ដែល​យើង​ចង់​ធ្វើ​ខ្លួន​ឯង ចុះ​ឧទាហរណ៍​ឪពុក​ម្ដាយ​យើង​ឈឺ ត្រូវ​ការ​លុយ​ប្រញាប់ ត្រូវ​បង្វិល​ឯណា​បាន? នៅ​ពេល​នេះ បាន​យើង​ស្ដាយ​ការ​រស់​នៅ​បែប​រស់​មួយ​ថ្ងៃ គិត​មួយ​ថ្ងៃ​របស់​យើង​កន្លង​ទៅ ដ្បិត​​មាន​ប៉ុណ្ណា​យើង​ចាយ​អស់ហើយ។

ពេល​នេះ​ដែរ ការ​គិត​បែប ក្រ​មាន​ក្ដី​សុខ​បែប​ក្រ ក៏​រលាយ​សាបសូន្យ ដោយ​យើង​ចង់​ឲ្យ​ពេល​វេលា​ត្រលប់​ទៅ​ក្រោយ ដើម្បី​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ជាង​នេះ ហើយ​ទោះ​បី​ជា​លំបាក​ក្នុង​ការងារ​ជាង​នេះ​ក៏​ទទួល​យក​បាន។ វ័យ​នៅ​ក្មេង បើ​ស៊ូ​លំបាក​បាន ស៊ូ​សិនទៅ ព្រោះ​បើ​ចាស់​ទៅ​ ប្រាកដ​ជា​មិន​អាច​ស៊ូ​បាន​ឡើយ។ ពិបាក​ដល់​អាយុ ៤០ ក៏​គ្រាន់​ជាង​ស្រណុក​​ដល់​អាយុ ៤០​ហើយ​​លំបាក​វិញ​ដែរ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម