ជម្លោះ ៤ឆ្នាំមិនទាន់មានថ្ងៃបញ្ចប់របស់ Zhao Li Ying និង Yang Zi
- 2020-07-01 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្លោះ ៤ឆ្នាំមិនទាន់មានថ្ងៃបញ្ចប់របស់ Zhao Li Ying និង Yang Zi
សុទ្ធតែជាតារាសម្ដែងដែលមានឥទ្ធិពលខ្ពស់នៅក្នុងវិស័យភាពយន្ត និងធ្លាប់សម្ដែងរឿងរួមគ្នា កំពូលតារាសម្ដែងស្រី Zhao Li Ying និង Yang Zi ត្រូវបានគេសន្និដ្ឋានសម្ងំមិនពេញចិត្តគ្នាតាំងពីយូរមកហើយ។
មុននេះបន្តិច បណ្ដាញព័ត៌មាន Sina បានរាយការណ៍ឡើងវិញ ពីជម្លោះអាថ៍កំបាំងរវាងតារាសម្ដែងលំដាប់ A ចិន២រូបគឺ Zhao Li Ying និង Yang Zi។ ប្រភពនេះបានឲ្យដឹងថា រឿងរ៉ាវគ្រប់យ៉ាងចាប់ផ្ដើមឡើងនៅឆ្នាំ ២០១៦ នៅពេលសិល្បការិនីទាំង២ថតរឿង Zhu Xian ជាមួយគ្នា។
នៅពេលនោះ តំណែងនៅក្នុងសិល្បៈរបស់ Zhao Li Ying ខ្ពស់ជាងរបស់ Yang Zi ដូចនេះ អ្នកគាំទ្ររំពឹងថានាងនឹងមានសាច់រឿងសម្ដែងច្រើនជាង ហើយបានដើរតួឯក។ យ៉ាងណាក្ដី អ្នកគាំទ្ររបស់ Yang Zi ហាក់មិនពេញចិត្តជាខ្លាំង ហើយទាមទារឲ្យតារាដែលខ្លួនស្រលាញ់ដើរតួបន្ទាប់ឯកឲ្យទាល់តែបាន។
ហេតុការណ៍ធំបានផ្ទុះឡើង នៅថ្ងៃសន្និសីទកាសែតផ្សព្វផ្សាយរឿង Zhu Xian ដោយសារ តារារៀមច្បង ដែលជា Li Ying មិនខ្វាយខ្វល់នៅពេលសិស្សប្អូនហុចមេក្រូឲ្យនាង។ សកម្មភាពរបស់អ្នកម្ដាយកូន១ ត្រូវគេថាមើលងាយសិស្សប្អូន។
យ៉ាងណាក្ដី ក្រោយមករឿងត្រូវក្រឡាស់មកវិញទាំងស្រុង នៅពេលអ្នកគាំទ្របញ្ចេញវីដេអូថា Yang Zi ហុចមេក្រូឲ្យរៀមច្បងមិនដល់ ១វិនាទីផង។ នៅក្នុងកម្មវិធីដដែល Yang Zi ធ្វើឲ្យគេរឹតតែក្ដៅក្រហាយនៅពេល តារារួមសម្ដែងថា បងស្រីក្បាលធំ ទាំងការពិតនាងមានរាងធាត់ជាង Li Ying ក៏ដោយ។
មិនបញ្ឈប់ត្រឹមនោះ ឆ្នាំ ២០១៩ Zhao Li Ying ជាប់ជាបេក្ខភាពតារាសម្ដែងឆ្នើមឯកសម្រាប់រឿង Story of Minglan រីឯ Yang Zi មានរឿងល្បីឈ្មោះ Ash of Love តែមិនបានជាប់បេក្ខភាព។ ភ្លាមនោះ ស្រីស្អាតកើតឆ្នាំ ១៩៩២ សរសេរលើបណ្ដាញសង្គមថា៖ និយាយមែន! សុភមង្គលក៏បាន វេទនាក៏បាន ត្រូវតែទទួលស្គាល់ ព្រោះគ្មានអ្វីអាចតាមចិត្តយើងរហូតនោះឡើយ។
ការបង្ហោះនេះ ត្រូវគេសន្និដ្ឋានថា តារាស្រីរូបនេះចង់ថា ខ្លួនក៏ស័ក្ដិសមទទួលបានបេក្ខភាពដែរ។ ដោយសារតែមានចម្រូងចម្រាស់ខ្លាំងពេក នាងបានលុបការបង្ហោះនេះ ក្រោយនោះ១០នាទី។ ចាប់តាំងពីពេលនោះមក អ្នកគាំទ្ររបស់តារាស្រីទាំង២តែងឈ្លោះគ្នាឥតឈប់ ហើយទោះជា៤ឆ្នាំកន្លងផុតហើយក៏ដោយ ក៏ពួកគេមិនទទួលពាក្យសម្ដែងរួមគ្នាទៀតដែរ៕