បង្ហាញមុខម៉ូដែលកូនកាត់បីសាសន៍សម្បុរស្រអែមស្រស់គន់យូរកាន់តែស្អាត
- 2020-06-24 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខម៉ូដែលកូនកាត់បីសាសន៍សម្បុរស្រអែមស្រស់គន់យូរកាន់តែស្អាត
ការមានក្តីស្រម៉ៃនិងគោលដៅរបស់ខ្លួនតំាងពីតូចគឺជារឿងមួយដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ មិនថាប្រុសស្រីនោះទេ ការតំាងចិត្តសម្រេចគោលដៅដែលខ្លួនស្រឡាញ់ពេញចិត្តជារឿងមួយដ៏ល្អសម្រាប់ថ្ងៃអនាគត។ ថ្ងៃនេះ ប្រិយមិត្តរបស់ កញ្ញា ទំាងអស់គ្នានឹងបានដឹងខ្លះៗពីម៉ូដែលដ៏វ័យក្មេងជាកូនកាត់បីសាសន៍ឈាមជ័រកម្ពុជាដោយខ្លួនមានស្រឡាញ់វិស័យដើរម៉ូដតំាងតែពីតូចមកម្ល៉េះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារគេហទំព័រ **កញ្ញា** Amélie Delaprée មានអាយុ ១៤ ឆ្នំាជាកូនទីពីរនៅក្នុងចំណោមបងប្អូនបីនាក់ដែលមានប៉ាម៉ាក់កាត់បីសាសន៍បារំាង ខ្មែរ និងកាណាដា។ សព្វថ្ងៃនេះ រូបនាងកំពុងសិក្សានៅសាលាបារំាង Lycée Francais René Descartes (LFRD) ដែលមានទីតំាងនៅរាជធានីភ្នំពេញ។ ក្រៅពីការសិក្សា ខ្លួនក៏ជាតារាម៉ូដែលវ័យក្មេងមួយរូបប្រចំា Perfect 10។ Amélie មានឈាមជ័រកម្ពុជាដោយបានធំធាត់និងចិញ្ចឹមបីបាច់ដោយឪពុកម្តាយរបស់នាងនៅក្នុងទីក្រុងភ្នំពេញតំាងតែពីតូចមកម្ល៉េះ។
មូលហេតុចម្បងដែលធ្វើឲ្យខ្លួនចាប់អាជីពជាតារាម៉ូដែលនៅវ័យ ១៤ ឆ្នំាក៏ដោយសារតែកាលពីតូចខ្លួនចូលចិត្តកម្មវិធីដើរម៉ូដដោយនាងបានឲ្យដឹងថា៖«កាលពីខ្ញុំនៅតូច ខ្ញុំចូលចិត្តតាមដានកម្មវិធីណាដែលមានការដើរបង្ហាញម៉ូដដូចជា America's next top model ជាដើម»។ ក្រោយមកទៀត ខ្លួនក៏មានចិត្តស្រឡាញ់វិស័យដើរម៉ូដរហូតដល់មានការទាក់ទងពី Perfect 10។
រាល់ការងារទំាងឡាយតែងមានភាពងាយស្រួលនិងភាពលំបាក រីឯការដើរម៉ូដសម្រាប់ Amélie វិញខ្លួនក៏បានប្រាប់ថា ការលំបាកដែលខ្លួនជួបប្រទះពេលដើរម៉ូដនោះគឺការពាក់ស្បែកជើងកែងចោត ព្រោះសម្រាប់នាងមិនធ្លាប់មានស្បែកជើងកែងណាមួយពីមុនឡើយ។ នាងបានបន្តទៀតថា ខ្លួនធ្លាប់រអិលពីលើជណ្តើរនៅមុនពេលថ្ងៃបង្ហាញម៉ូដ តែដោយសារតែក្តីស្រឡាញ់គឺមិនអាចបញ្ឈប់ខ្លួនងាយៗពីការដើរម៉ូដទេ។
Amélie បានបន្ថែមឲ្យដឹងថានាពេលឮបច្ចុប្បន្នខ្លួនមានភាពមមាញឹកចំពោះការសិក្សានិងការដើរម៉ូដនានា។ តែសម្រាប់គោលបំណងថ្ងៃអនាគតគឺខ្លួននៅតែបន្តក្តីស្រម៉ៃរបស់ខ្លួនដោយមិនបោះបង់ការសិក្សារៀនសូត្រឡើយ៕