តិចនិកជួយឲ្យមនុស្សស្រីដែលរស់នៅម្នាក់ឯង មានសុវត្ថិភាព មិនខ្លាចជនខិលខូច
- 2020-06-05 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកជួយឲ្យមនុស្សស្រីដែលរស់នៅម្នាក់ឯង មានសុវត្ថិភាព មិនខ្លាចជនខិលខូច
ទោះបីជានៅលីវក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា មនុស្សស្រីនៅពេលនេះមានទំនោររើទៅនៅក្រៅតែម្នាក់ឯង ឬក៏មកពីខេត្ត ក៏ពួកគេសម្រេចយកការស្នាក់នៅតែឯង ព្រោះមិនចង់ប៉ះពារជាមួយមនុស្សច្រើន។ ដើម្បីការពារសុវត្ថិភាពខ្លួនឯង អ្នកគួរដឹងពីវិធីសាស្ត្រទាំងនេះ៖
**១. ស្វែងរកតំបន់ឲ្យច្បាស់**
មុនពេលរើទៅរស់នៅទីណា កត្តាទី១ដែលអ្នកត្រូវចាប់អារម្មណ៍ជាងគេ គឺតំបន់ដែលអ្នកស្នាក់នៅ។ ស៊ើបសួរគេថា តំបន់នោះមានស្ថិរភាព ចោរឆក់ ចោរប្លន់ឬអត់។ ចៀសវាងតំបន់មួយចំនួនដែលហាងផឹកស៊ីច្រើន ដ្បិតចេញពីកន្លែងផឹកស៊ី អាចមានប្រតាយប្រតប់ បង្ករសំឡេងរញ៉រញ៉ៃ។ ធ្ងន់ជាងនេះអាច ប៉ះពាល់ដល់យើងទៀត។ ក្រៅពីនេះ ត្រូវរកទីតាំងដែលជិតមន្ទីរពេទ្យ ផ្សារ និងប៉ុស្តិ៍ប៉ូលិស ដែលបង្ករភាពងាយស្រួលសម្រាប់ខ្លួនឯង។
២. ស្វែងយល់ពីអ្នកជិតខាង
ទន្ទឹមការស្វែងរកតំបន់ដែលសុវត្ថិភាព អ្នកក៏គួរចាប់អារម្មណ៍ដល់អ្នកជិតខាងដូចគ្នា ដ្បិតទោះជាតំបន់ខ្លះល្អក៏ពិតមែន តែអ្នកជិតខាងបែរជាមិនល្អ ដោយសម្បូរទៅដោយអ្នកឡូឡា ហូបចុក ច្រៀងខារ៉ាអូខេ ឬជក់ ចាក់ថ្នាំជាដើម។
៣. ចិញ្ចឹមសត្វ
ក្រៅពីជាសត្វចិញ្ចឹមដើម្បីមានជាគ្នា ចិញ្ចឹមសត្វឆ្កែ និងឆ្មា ក៏ជួយអ្នកបង្ការពីជនខិលខូចដូចគ្នា ព្រោះភាគច្រើន ឆ្កែ និងឆ្មាមានញាណវៃជាងមនុស្ស ដូចនេះបើមានមនុស្សប្លែកចូលមកក្នុងផ្ទះ ក៏សត្វចិញ្ចឹមទាំងនេះ ដឹងមុនយើងដែរ។
៤. ចោះប្រហោងលើទ្វារ
ក្រៅពីចាក់សោរទ្វារឲ្យបានត្រឹមត្រូវមុន និងក្រោយពេលចូលផ្ទះ អ្នកក៏គួរប្រើទ្វារដែលមានប្រឡោះសង្កេតមួយ។ ប្រសិនបើទ្វារ មិនមានប្រឡោះមកស្រាប់ អ្នកអាចចោះកូនប្រឡោះមួយដើម្បីងាយស្រួល។ យប់ព្រលប់ នៅពេលអ្នករក ជំនួសឲ្យការបើកទ្វារភ្លាមៗ អ្នកអាចសង្កេតតាមរន្ធនេះដើម្បីសម្រេចចិត្តថាគួរបើកទ្វារឬអត់។
៥. ទូរសព្ទត្រូវនៅជាប់ខ្លួនជានិច្ច
លេខទូរសព្ទ សមត្ថកិច្ច និងអ្នកស្គាល់គ្នា ដែលអាចទាក់ទងបាន គឺត្រូវ save ទុកក្នុងទូរសព្ទទាំងអស់ ចៀសវាងពេលមានបញ្ហា មិនដឹងទាក់ទងទៅនរណា។ ត្រូវតែច្បាស់ថា ទូរសព្ទត្រូវមានថ្ម និងមានលុយដើម្បីអាចទូរសព្ទចេញបានគ្រប់ពេល៕
អានបន្ត៖ ១០ដំបូន្មានដ៏ល្អសម្រាប់អ្នកត្រូវការរស់នៅប្រកបដោយសេចក្ដីសុខផ្លូវចិត្ត