មកដឹង ៥ ចំណុចធំៗ ដែលបង្ហាញពីភាពថ្លៃថ្នូរពិតប្រាកដរបស់មនុស្សស្រី
- 2020-06-01 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ៥ ចំណុចធំៗ ដែលបង្ហាញពីភាពថ្លៃថ្នូរពិតប្រាកដរបស់មនុស្សស្រី
នៅក្នុងសង្គមមួយដែលពោរពេញទៅដោយការប្រកួតប្រជែង វាពិតជាមិនងាយក្នុងការបែងចែកមនុស្សស្រីណាដែលមានភាពថ្លៃថ្នូរពិតប្រាកដ និង មនុស្សស្រីណាទៀតដែលគ្រាន់តែសម្ដែង។ ជាក់ស្ដែង ធាតុពិតរបស់មនុស្សម្នាក់ៗនឹងលេចចេញមកដោយឯកឯងនៅពេលណាមួយជាក់ជាមិនខាន។ ដើម្បីឲ្យកាន់តែងាយស្រួលក្នុងការកត់ចំណាំថាមនុស្សស្រីណាដែលមានចរិតរម្យទម និង មានភាពថ្លៃថ្នូរក្នុងខ្លួនពិតប្រាកដ គប្បីដឹង ៥ ចំណុចធំៗខាងក្រោមដែលពួកគេតែងប្រកាន់ខ្ជាប់ក្នុងខ្លួនជានិច្ច៖
**១. គ្មានចិត្តច្រណែនឈ្នានីសអ្នកដទៃ៖** មនុស្សស្រីដែលមានភាពខ្ពង់ខ្ពស់ពិតគឺមិនចេះប្រើចិត្តរបស់ខ្លួនទៅច្រណែនឈ្នានីស ឬ សម្លឹងចង់បានអ្វីដែលជារបស់គេនោះទេ ព្រោះពួកគេស្គាល់ច្បាស់ពីតម្លៃរបស់ខ្លួន និង តែងតាំងចិត្តអបអរនូវអ្វីដែលខ្លួនមាន។
២. ប្រើពាក្យសម្ដីល្អៗ និង សមរម្យ៖ មនុស្សស្រីថ្លៃថ្នូរពិតប្រាកដមិនប្រើប្រាស់ពាក្យសម្ដីទៅបំផ្លាញសេចក្ដីសុខរបស់អ្នកដទៃ ក្នុងគោលបំណងចង់ជាន់ពន្លិច ឬ មាក់ងាយគេឯងឡើយ ជាពិសេសទៅកាន់មនុស្សស្រីដូចគ្នា។
៣. ចេះគោរព និង ផ្ដល់តម្លៃឲ្យគេឯង៖ នារីដែលមានសីលធម៌ ចេះឱនលំទោន និងបត់បែនតាមកាលៈទេសៈជាប្រភេទមនុស្សដែលគួរឲ្យស្ញប់ស្ញែង និង កោតសរសើរជាទីបំផុត។ មនុស្សស្រីបែបនេះចេះគិតគូសុខទុក្ខ និង កិត្តិយសរបស់អ្នកដទៃ ជាពិសេសទៅកាន់អ្នកដែលមានអាយុចាស់ជាងខ្លួន។
៤. ចេះដាក់ខ្លួន គ្មានចរិតក្អេងក្អាង៖ ទោះជាមានសម្រស់ស្រស់ស្អាត និង រៀនបានជ្រៅជ្រះយ៉ាងណាក៏ដោយ ការចេះដាក់ខ្លួនជារឿងសំខាន់ដែលមនុស្សស្រីថ្លៃថ្នូរតែងតែប្រកាន់ខ្ជាប់។ ជាក់ស្ដែង ការមានទំនុកចិត្ត និង ភាពជឿជាក់លើខ្លួនឯងជារឿងសំខាន់សម្រាប់មនុស្សស្រី តែក៏មិនដល់ថ្នាក់លេចចេញនូវចរិតក្អេងក្អាង និងមានអំនួតជ្រុលពេកដែរ។
៥. ប្រកាន់ខ្ជាប់លើគោលជំហររបស់ខ្លួន៖ មនុស្សស្រីដែលមានមានចរិតថ្លៃថ្នូរ តែងផ្ដល់តម្លៃឲ្យខ្លួនជានិច្ច ជាពិសេសដោយការឈរលើទស្សនៈ និង គោលជំហររបស់ខ្លួនយ៉ាងពិតប្រាកដ។ នៅក្នុងទំនាក់ទំនងនានា គឺនាងមិនដែលបន្ទាបតម្លៃខ្លួនដើម្បីនរណាម្នាក់ឡើយ ជាពិសេសចំពោះមនុស្សដែលមិនឲ្យតម្លៃលើទឹកចិត្តស្មោះសររបស់នាង៕
ចុចអានបន្ត៖ តោះ! ជ្រើសរើសឈុតមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីអត្តចរិតរបស់អ្នក