ប្រយ័ត្ន​អស់ ១០ម៉ឺនរៀលទទេ បើមិនគោរពគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើង និងសញ្ញាដទៃទៀត

  • 2020-05-15 05:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

យោង​តាម​មាត្រា ៦ថ្មី នៃ​អនុក្រឹត្យ​ស្ដីពី​ការ​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក  ​ចំពោះ​អ្នក​បើក​បរ​ទោចក្រយាយន្ត​(ម៉ូតូ​ មាន​កង់​ពីរ)​ ឬ​ទោ​ចក្រ​យានយន្ត​សណ្ដោង​រឺម៉ក​ ឬ​ត្រូវ​ចក្រ​យានយន្ត​ ឬ​ម៉ូតូ​កង់​បួន​ នឹង​ត្រូវ​ពិន័យ​ចំនួន ១០ម៉ឺន​រៀល​ ប្រសិន​បើ​បើកបរ​មិន​គោរព​ផ្លាក​សញ្ញា​ហាម​ឃាត់​ ឬ​ផ្លាក​សញ្ញា​បញ្ជា​ ​ឬ​ផ្លាក​​សញ្ញា​សិទ្ធិ​អាទិភាព​ ឬ​គំនូស​សញ្ញា​ សម្រាប់​ថ្មើរជើង​ឆ្លង​កាត់ ក៏​ដូច​ជា​​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្សេង​ៗ​ទៀ​ដូច​ខាង​ក្រោម​នេះ​៖​​​​

ក​. បើកបរ​បង្ហោះ​ រេចុះរេឡើង​ ឆាប​ឬ​គៀរ។

ខ. បើក​បរ​អូស​ជន្ទល់​លើ​ផ្លូវ​ថ្នល់​ ឬ​ព្រលែង​ដៃ​ចង្កួត​ ឬ​លើក​ជើង​ដាក់​លើ​ដៃ​ចង្កូត។

គ. បើក​បរ​បញ្ចេញ​សម្លេង​ម៉ាស៊ីន​ខ្លាំង​ ឬ​ផ្សែង​ច្រើន​ ខុស​ពី​បទដ្ឋាន​បច្ចេកទេស។

ឃ.​ បើកបរ​មិន​គោរព​លក្ខខណ្ឌ​សុខភាព​តម្រូវ​ឲ្យ​ពាក់​វ៉ែន​តា​ដែល​មាន​កំណត់​ក្នុង​ប័ណ្ណ​បើកបរ។

ង.​ បើក​បរ​ខុស​ទិស​ចរាចរណ៍​ ឬ​បើក​បរ​ជាន់​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ។​

ច.​ បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​ ៣០​ ទៅ ៣៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​

ឆ. បើកបរ​ល្មើស​នឹង​ការ​​ជៀស ការ​បត់​ និង​ការ​ជែង។​

ជ. បើកបរ​ល្មើស​នឹង​សិទ្ធិ​អាទិភាព​ផ្លូវ​ប្រសព្វ។

ឈ. ​ប្រើ​ភ្លើង​ហ្វាកូត​ ឬ​ភ្លើង​សញ្ញា​ប្ដូរ​ទិស​នៃ​យាន​មិន​ត្រឹមត្រូវ​ ឬ​កែច្នៃ​ភ្លើង​ខុស​បទដ្ឋាន​បច្ចេកទេស។​

ញ. បើក​បរ​ដោយ​គ្មាន​ ឬ​មិន​ដំណើរ​ការ​ភ្លើង​ហ្វាកូត​ ភ្លើង​បំភ្លឺ​ផ្លាក​លេខ​ភ្លើង​សញ្ញា​ប្ដូរ​ទិស​ ភ្លើង​ហ្វ្រាំង​។​

ដ. បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម​ ឬ​ក្រហម​ភ្លឹបភ្លែត​ៗ។

​ឋ. បើកបរ​មិន​គោរព​ផ្លាក​សញ្ញា​ហាម​ឃាត់​ ឬ​ផ្លាក​សញ្ញា​បញ្ជា​ ​ឬ​ផ្លាក​​សញ្ញា​សិទ្ធិ​អាទិភាព​ ឬ​គំនូស​សញ្ញា​ សម្រាប់​ថ្មើរជើង​ឆ្លង​កាត់។

ឌ. បើកបរ​ផ្ទុក​ទំនិញ​ល្មើស​នឹង​ចំណុច​ទី១​ ទី២​ ទី៥ ​នៃ​មាត្រា​៥៦​ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក។​​​

សម្រាប់អ្នកចង់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការផាកពិន័យលម្អីតបន្ថែម ចុចទីនេះ ​ ​

អត្ថបទ៖ ស៊ិន សាវ៉េត