ត្រឹមរយៈពេល១ខែប៉ុណ្ណោះ ជីវិតនឹងប្រសើឡើង បើអ្នកអនុវត្តទម្លាប់ ៨ យ៉ាងនេះ

  • 2020-05-07 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទម្លាប់​ប្រចាំ​ថ្ងៃ​អាច​កំណត់​ប្រភេទ​នៃ​មនុស្ស​បាន។ ជា​មធ្យម​មនុស្ស​យើង ត្រូវ​ការ​រយៈពេល​​ចន្លោះ​ចាប់ពី​ ២០-៣០ ថ្ងៃ ដើម្បី​សម្រប​ខ្លួន​​ទៅ​នឹង​ទម្លាប់​ថ្មី​។ ហេតុ​នេះ​ហើយ​ទើប​​បាន​ជា​អ្នក​ត្រូវ​ចាប់​ផ្តើម​​​ចេញ​ពី​រឿង​តូច​ៗ ដែល​តែង​តែ​ធ្វើ​ជា​ប្រចាំ​ជាមុន​សិន នោះ​អ្នក​នឹង​បាន​ឃើញ​ពី​ភាព​រីក​ចម្រើន ចំណុច​វិជ្ជមាន ​ជីវិត​ប្រែជា​​​ប្រសើរ​ឡើង​​​ត្រឹម​រយៈ​ពេល​១​ខែ​តែ​ប៉ុណ្ណោះ។

​១. ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​ចូលចិត្ត​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១​ម៉ោង​​ក្នុង​មួយ​ថ្ងៃ

រូបតំណាង

ចំណាយ​ពេល​១​ម៉ោង ដើម្បី​ផ្គាប់​តាម​បេះដូង ធ្វើ​រឿង​ណា​ដែល​អ្នក​យល់​ថា​ខ្លួន​ឯង​ស្រលាញ់​ចូលចិត្ត​បំផុត ដូច​ជា​ដើរ​ស្រូប​រក​ខ្យល់​អាកាស លេង​កីឡា អាន​សៀវភៅ មើល​រឿង​​ជា​ដើម​។ ទម្លាប់​សាមញ្ញ​​ទាំង​នេះ អាច​ជួយ​​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ កាត់​បន្ថយ​​ទុក្ខ​កង្វល់ និង​កាន់​តែ​មាន​កម្លាំង​ថាមពល​សម្រាប់​ជីវិត​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក​។

២. មាន​ទឹក​ចិត្ត​ល្អ

មាន​ចិត្ត​ទូលាយ មាន​សណ្តាន​ចិត្ត​ល្អ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ឬ​សូម្បី​ចំពោះ​​មនុស្ស​​មាន​ចិត្ត​ចង្អៀត​ក៏​ដោយ។ ព្យាយាម​បន្ត​ភាព​ស្មោះត្រង់ ការ​គោរព​ឲ្យ​តម្លៃ​ចំពោះ​អ្នក​ដទៃ។ ធ្វើ​បែប​នេះ​​មិន​មែន​​ត្រឹម​​តែ​ចង់​​ទទួល​បាន​ពាក្យ​សរសើរ ឬ​ល្អ​មើល​តែ​សំបក​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​ហ្វឹក​ហាត់​​ចិត្ត​គំនិត​ផ្ទាល់​ខ្លួន​​ ឲ្យ​​ស្រស់ថ្លា​បរិសុទ្ធ​ចេញ​​ពី​ខាង​ក្នុង។ បើ​អ្នក​អាច​អនុវត្ត​បាន​ជាប់ ក្នុង​រយៈពេល​១​ខែ ទឹក​ចិត្តល្អ​នឹង​កាន់​តែ​រីក​លូត​លាស់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។

រូបតំណាង

៣. រក្សា​គំនិត​វិជ្ជមាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន

បុគ្គល​ជោគជ័យ​ភាគ​ច្រើន​ជា​មនុស្ស​​ប្រកប​ដោយ​គំនិត​សុទិដ្ឋិនិយម។ ពួក​គេ​តែ​ចេះ​រៀបចំ​ផែន​ការ ពង្រឹង​សមត្ថភាព បង្កើន​ភាព​រីករាយ និង​បណ្តុះ​គំនិត​ច្នៃប្រឌិត​ថ្មីៗ។ ស្ថានភាព​លំបាក​មិន​មែន​ជា​ឧបសគ្គ​​ឡើយ​ សំខាន់​ឲ្យ​​តែ​អ្នក​អាច​រក្សា​គំនិត​វិជ្ជមាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន អ្នក​នឹង​មើល​​ឃើញ​​ពី​ជម្រើស​ត្រឹម​ត្រូវ និង​ដំណោះ​ស្រាយ​ជា​ច្រើន ដើម្បី​ជៀស​​ពី​បញ្ហា​។

៤. រៀន​រស់នៅ​​​ដោយ​ក្តី​រីករាយ

​​​​​​​​​ស្តាប់​ទៅ​ដូច​ជា​មិន​មែន​ងាយ​ស្រួល​ធ្វើ​​ទេ ប៉ុន្តែ​ស្រប​ពេល​ដែល​ជីវិត​កំពុង​តែ​ឆ្ពោះ​​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​មនុស្ស​ជា​ច្រើន​ខំ​​រត់​តាម​​យ៉ាង​ដង្ហក់ ដោយ​ភ្លេច​​ចាប់​អារម្មណ៍​ក្រឡេក​មើល​នូវ​ទិដ្ឋភាព​​ស្រស់​ត្រកាល​ជុំវិញ​ខ្លួន។ ទម្រាំ​អាច​រក​ឃើញ​កំណប់​ធំ​នា​ពេល​អនាគត​ អ្នក​ពិត​ជា​ហត់នឿយ​ខ្លាំង​ណាស់ ដូច្នេះ​គួរ​ចេះ​សប្បាយ​រីករាយ​ជាមួយ​ពេល​បច្ចុប្បន្ន ដែល​អ្នក​កំពុង​តែ​មាន​ក្នុង​ដៃ​ស្រាប់ កុំ​ឲ្យ​កន្លង​ផុត​ទៅ​ទទេ​ៗ​ឥតន័យ​​។

រូបតំណាង

៥. ស្កប់ស្កល់​នឹង​អ្វី​ដែល​ទទួល​បាន

ដរាប​ណា​អ្នក​ចេះ​​ស្កប់ស្កល់​ ពេញ​ចិត្ត​នូវ​អ្វី​ដែល​​ខ្លួន​​ទទួល​បាន​​​មិន​ថា​តូច​ឬ​ធំ​ក្តី ប្រៀប​បាន​ដូច​ជា​អ្នក​បន្ថែម​ពណ៌​ចម្រុះ​ស្រស់​ស្រាយ​​សម្រាប់​ជីវិត។ ជា​រៀង​រាល់​ព្រឹក ក្នុង​រយៈ​ពេល​១​ខែ​នេះ​​ អ្នក​អាច​​កត់​ត្រា​​នូវ​រឿង​៥​យ៉ាង ដែល​ជា​ស្នាដៃ​សមិទ្ធផល​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​កម្លាំង​ចិត្ត​ឲ្យ​ធ្វើ​រឿង​ល្អ​ៗ​បន្តបន្ទាប់​។

៦. ព្យាយាម​ឈប់​​កុហក​ខ្លួន​ឯង​ ក្នុង​អំឡុង​ពេល ៣០​ថ្ងៃ​នេះ

រូបតំណាង

ពាក្យ​កុហក គ្រាន់​តែ​ជា​លេស ដើម្បី​បោក​បញ្ឆោត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​​។ វា​ក៏​ជា​​អាវុធ​ដ៏​សាហាវ​ ដែល​អាច​សម្លាប់​អ្នក​ឲ្យ​នៅ​ជាប់​ផុង​ជាមួយ​ទម្លាប់​អាក្រក់ៗ។ ដូច​ជា​ពេល​ដែល​អ្នក​សន្យា​នឹង​ខ្លួន​ឯង​ថា ឈប់​ខ្ជិល ត្រូវ​ខំ​រៀន ​ត្រូវ​រៀប​ចំ​បន្ទប់ លែង​ខូច​ចិត្ត...ប៉ុន្តែ​​នៅ​តែ​ធ្វើ​មិន​បាន មិន​ព្រម​ផ្លាស់ប្តូរ​ គ្រប់​យ៉ាង​​ក៏​គ្មាន​ថ្ងៃ​ប្រសើរ​ឡើង​ដែរ​​។ ឈប់​បន្ត​កុហក​បោកប្រាស់​ខ្លួន​ឯង​ទៀត​ទៅ ត្រូវ​តាំង​ចិត្ត​មោះមុត ពង្រឹង​ស្មារតី ជំនួស​មក​វិញ​ដោយ​ទម្លាប់​ល្អៗ។

៧. អាន​សៀវភៅ​ឬ​មើល​រឿង​ណា​ដែល​អាច​​ជួយ​លើក​ទឹក​ចិត្ត

នេះ​គឺ​ជា​គន្លឹះ​ដ៏​មាន​ថាមពល​ខ្វះ​ពុំ​បាន ព្រោះ​ការ​​អាន​សៀវភៅ​ឬ​មើល​រឿង​ណា​ដែល​អាច​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក ប្រៀប​បាន​ដូច​ជា​​អ្នក​បាន​ផ្តល់​ចំណី​អាហារ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ៗ​ល្អ​សម្រាប់​ខួរ​ក្បាល​ដូច្នោះ​ដែរ។ ជាពិសេស​​អ្នក​នឹង​អាច​បង្កើន​ចំណេះ​​ដឹង​ កាន់​តែ​ច្រើន អាច​យក​វា​មក​អនុវត្ត​ឬ​ធ្វើ​ជា​ដំណោះ​ស្រាយ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​​ថ្ងៃ​ផង​ដែរ។

រូបតំណាង

៨. ហាត់​ប្រាណ​ឲ្យ​បាន​១០​នាទី​រាល់​ថ្ងៃ

​១០​នាទី​ស្តាប់​ទៅ​ដូច​ជា​​តិច​មែន តែ​បើ​អ្នក​អាច​​អនុវត្ត​​​រាល់​ថ្ងៃ​ វា​ប្រសើរ​ជាង​​មិន​បាន​​​​ធ្វើ​​សូម្បី​១​នាទី។ រាង​កាយ​នឹង​​បាន​បញ្ចេញ​ជាតិ​ពុល មាន​ភាព​រឹងមាំ​ មាន​សុខភាព និង​ធ្វើ​​​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ផង​ដែរ៕

ចុចអានបន្ត៖ ប្រជ្រុយនាំលាភ ៨ ទីតាំងនៅលើរាងកាយ ដែលអ្នកមិនគួរកាត់ចេញឡើយ​​​​​​

ប្រភព៖ Beautyandtips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម