កុំ​បារម្ភ​! មិន​បាន​ទៅ​វត្ត​ អ្នក​អាច​ជំនួស​ដោយ​ ៣ យ៉ាង​នេះ​បាន

  • 2020-04-13 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​អកុសល​មួយ​​ដែរ ដែល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ថ្ងៃ​ឈប់​សម្រាក តែ​នេះ​គឺ​ជា​វិធានការ​ដ៏​ប្រសើរ​មួយ​ ដើម្បី​ទប់​ស្កាត់​នូវ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ពុំ​មាន​ការ​បិទ​​វត្ត​អារាម​នៅ​ឡើយ​ទេ ក៏​ប៉ុន្ដែ​ពលរដ្ឋ​គ្រប់​រូប រួម​ទាំង​ព្រះ​សង្ឃ​​គ្រប់​អង្គ​នៅ​តាម​ទី​វត្ត​អារាម​ គប្បី​ចូលរួម​​អនុវត្ត​នូវ​គម្លាត​សង្គម​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​គ្រប់​ពេល​វេលា​ កុំ​បី​មាន​ការ​ប្រហែស​ឲ្យ​សោះ។

រី​ឯ​ប្រជាពលរដ្ឋ​ដែល​មិន​ហ៊ាន​អញ្ជើញ​ទៅ​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ទៅ​កាន់​ព្រះ​សង្ឃ​ ឬ​ សុំ​ជោគ​រាសី​ឆ្នាំ​ថ្មី ពួក​គេ​អាច​​ជំនួស​ដោយ​ ៣ យ៉ាង​នេះ​បាន​៖

១. ជូន​អំណោយ​ដល់​អ្នក​មាន​គុណ​ទាំង​២

រូបតំណាង

**ឪពុកម្ដាយ​** ជា​អ្នក​មាន​គុណ​ដ៏​ថ្លៃ​ថ្លា​របស់​យើង​គ្រប់​គ្នា ដូចនេះ​ការ​ឲ្យ​ជា​អំណោយ​ដល់​លោក​ទាំង​២ ហាក់​បី​ដូច​ជា​ជូន​ព្រះ​រស់​ដូច្នោះ​ដែរ។ អំណោយ​ដែល​ស័ក្ដិសម​សម្រាប់​ជូន​អ្នក​មាន​គុណ​អាច​រួម​មាន​៖ ផ្លែ​ឈើ អាហារ​បំប៉ន នំ​អន្សម​ ភេសជ្ជៈ​សុខភាព ផ្កា​ ឬ អាច​ជូន​ជា​ម្ហូប​អាហារ​ដែល​អ្នក​ចម្អិន​ផ្ទាល់​ដៃ​ជាដើម ។

២. ធ្វើ​ពិធី​ស្រង់​ព្រះ​នៅ​គេហដ្ឋាន​

រូបតំណាង

ពិធី​ស្រង់​ព្រះ​ គឺ​ជា​ពិធី​ដែល​ប្រជាជន​ខ្មែរ​ច្រើន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​តាម​ទី​ វត្ត​អារាម​។ យ៉ាង​ណា​មិញ​ គេ​អាច​ប្រារព្ធ​នៅ​តាម​ផ្ទះ​បាន ដោយ​ជំនួស​ពី​ការ​ស្រោចទឹក​លើ​ព្រះ​ពុទ្ធ​បដិមា ទៅ​ជា​ការ​ងូត​ទឹក​ជូន​អ្នក​មាន​គុណ​ទាំង​២ ឬ ​អ្នក​ដែល​ចាស់​ទុំ​ជាង​គេ​នៅ​ក្នុង​គ្រួសារ​។ ការ​ធ្វើ​បែប​នេះ​ មាន​ន័យ​ថា​ អ្នក​កំពុង​ស្រោច​នូវ​ភាព​ត្រជាក់ត្រជំ​ដល់​អ្នក​មាន​គុណ​របស់​អ្នក​ ឬ​ព្រះ​រស់​ ហើយ​ជា​លទ្ធផល​គាត់​នឹង​ផ្ដល់​ជា​ពរ​ជ័យសិរី​សួស្ដី ដល់​អ្នក​ដែល​ស្រោច​ទឹក​ជូន​គាត់​ដែល​ជា​កូន​ជា​ចៅ​ ឲ្យ​ប្រកប​ដោយ​ក្ដី​សុខ​រមនា និង ​ចិត្ត​ស្រស់​ស្រាយ​គ្រប់​ពេល​វេលា ដូច​ជា​ធាតុ​ទឹក​ដូច្នោះ​ដែរ។

៣. ចែក​អំណោយ​ដល់​អ្នក​មាន​បន្ទុក​ ឬ ក្រខ្សត់

រូបតំណាង

ការ​ធ្វើ​​ទាន​ ដល់​អ្នក​ដែល​ខ្សត់​ជាង​អ្នក​ក៏​ជា​អំពើ​ល្អ​មួយ​ដែល​គួរ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។ អ្នក​អាច​ជូន​ជា​ របស់​របរ​ប្រើប្រាស់ សំលៀកបំពាក់ ស្បៀង​អាហារ ភេសជ្ជៈ ឱសថ ឬ ជា​លុយ​កាក់​ ជាដើម។ ក្នុង​ព្រះ​ពុទ្ធសាសនា គេ​ហៅ​វា​ថា​ជា "​ទានមយបុណ្យ" ដែល​ជា​បុណ្យ​​សម្រេច​ពី​ការ​ធ្វើ​ទាន គឺ​ការ​លះបង់​ទ្រព្យ​ ដើម្បី​ប្រយោជន៍​អ្នក​ដទៃ។ ជា​លទ្ធផល​ អ្នក​ដែល​តែង​តែ​ដាក់​ទាន​ជួយ​ជន​ក្រ​ខ្សត់ ចាស់​ជរា ជន​ពិការ ឬ ក្មេង​កំព្រា​ជាដើម​ នោះ​នឹង​បាន​ទទួល​នូវ​អានិសង្ស​ច្រើន​ក្រាស់ក្រៃ​ ទៅ​តាម​ទឹក​ចិត្ត​រីករាយ​ និង ជ្រះថ្លា​នោះ​ផង​ដែរ៕​​​

រូបតំណាង

ចុចអានបន្ត៖ គួរដឹង! ភេសជ្ជៈ ៤ ប្រភេទ​ត្រូវត្រៀម សម្រាប់រៀបចំ​សែន​ទទួល​ទេវតា​​ឆ្នាំ​ថ្មី ២០២០ ​ ​​​​

អត្ថបទ៖ Siyou Tang