មនុស្ស​ស្រី​ដែល​រីករាយ​នៅ​ពី​មុខ​មនុស្ស​គ្រប់គ្នា ការ​ពិត​នាង​ឯកា​ណាស់

  • 2020-04-08 11:00:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 33

ដែល​ធ្លាប់​សួរ​ខ្លួន​ឯង​​​ ពេល​ឃើញ​ជីវិត​គេ​រីករាយ​ទេ​ថា «ហេតុអី​មនុស្ស​ស្រី​ម្នាក់​នោះ​អាច​ញញឹម​បាន​រាល់​ថ្ងៃ​អីចឹង ជីវិត​នាង​ម៉េច​ក៏​ល្អ​ម្ល៉េះ ចុះ​ខ្ញុំ​ហេតុ​អី​មាន​រឿង​មិន​ចេះ​ចប់?»

ខ្ញុំ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​ហៅ​ថា «Smile Princess» ព្រោះ​គ្រប់​ពេល​ខ្ញុំ​នៅ​មុខ​មនុស្ស​គ្រប់​គ្នា ខ្ញុំ​មិន​ដែល​ចេះ​កើត​ទុក្ខ​ទេ។ ខ្ញុំ​ញញឹម​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ទឹកមុខ​ខុស​ៗ​គ្នា។ អ្នក​ខ្លះ​ក៏​មុខ​ក្រញូវ​តាំង​ពី​ឈាន​ជើង​ចូល Office អ្នក​ខ្លះ​ក៏​ចង​ចិញ្ចើម​នៅ​ពេល​មក​ដល់​ឃើញ​ការងារ​ច្រើន ហើយ​ខ្លះ​ទៀត​ព្រឹក​ញញឹម តែ​ថ្ងៃ​ឡើង​មុខ​អ្នក​ណា​ក៏​មិន​មើល​ដែរ។

រូបតំណាង

ចុះ​ចំណែក​ខ្ញុំ? ខ្ញុំ​ទម្លាប់​ញញឹម​តាំង​ពី​ខ្ញុំ​ភ្ញាក់​ពី​គេង​មក​ម្ល៉េះ ហើយ​ពេល​នៅ​ក្រៅ​ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​ណា​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ឡើយ។

ខ្ញុំ​ត្រូវ​បាន​គេ​គិត​ថា​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ជីវិត​សុខ​ស្រួល រីករាយ និង​មាន​មនុស្ស​ម្នា​ស្រឡាញ់​ច្រើន ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​នៅ​ចំពោះ​មុខ​គេ​តែ​ប៉ុណ្ណោះ។

ចង់​ដឹង​ទេ​ថា​ការ​ពិត​ខ្ញុំ​ជួប​រឿង​អី​ខ្លះ? ការ​នៅ​ពី​ក្រោយ​ស្នាម​ញញឹម​នោះ​មាន​រឿង​អី​ខ្លះ?

ការ​ពិត​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ទន់​ជ្រាយ​បំផុត ខ្ញុំ​ញញឹម​បាន​តែ​នៅ​មុខ​គេ​តែ​ប៉ុណ្ណោះ តែ​មក​ដល់​បន្ទប់​គេង​វិញ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ស្ទើរ​មិន​ដាច់​គ្នា។

គ្រប់​គ្នា​គិត​ថា​ខ្ញុំ​មាន​មនុស្ស​ម្នា​ស្រឡាញ់​ចូលចិត្ត​ច្រើន​ណាស់ តែ​ការ​ពិត​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ឯកា​ខ្លាំង សឹង​តែ​រក​មិន​បាន​ម្នាក់​សោះ​ពេល​ខ្ញុំ​ពិបាក​ចិត្ត​មក​កំដរ​ខ្ញុំ។

ស្នាម​ញញឹម​ដែល​អ្នក​គ្រប់​គ្នា​ឃើញ​គ្រាន់​តែ​ជា​កំបាំង​មុខ​ដែល​ខ្ញុំ​ពាក់​តែ​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ខ្ញុំ​ពិបាក​ចិត្ត​ជាង​អ្នក​ណា​ទាំង​អស់។

រូបតំណាង

អ្នក​ដឹង​ទេ​ថា​មនុស្ស​ស្រី​ដែល​រឹងមាំ ដែល​រីករាយ​នៅ​ពី​មុខ​គេ ការ​ពិត​នាង​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់ ព្រោះ​ពេល​នាង​ពិបាក​ចិត្ត​ខ្ញុំ​មិន​អាច​យំ​ប្រាប់​អ្នក​ណា​បាន។ ពេល​នាង​ឯកា​នាង​មិន​អាច​រក​អ្នក​ម្នាក់​ម្នាក់​មក​ផ្អែក​ស្មា​បាន។

រយ​លាន​បញ្ហា​បាន​កប់​ទុក​ក្នុង​ទ្រូង​នាង ការ​ឈឺចាប់​ដែល​នាង​មាន​ក៏​ចេះ​តែ​គរ​ទៅៗ រហូត​ធ្វើ​ឲ្យ​នាង​សឹង​តែ​​ក្លាយ​ជា​មនុស្ស​ដែល​លែង​សូវ​ចេះ​មាត់​ក មិន​សូវ​រវល់​ជាមួយ​អ្នក​ណា ហើយ​ក៏​ក្លាយ​ជា​មនុស្ស​ស្ងប់ស្ងាត់​ម្នាក់​ក៏​មាន។

ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​ទៅ​អ្នក​ថា​ ភាព​រឹងមាំ​របស់​មនុស្ស​ស្រី​ម្នាក់​ដែល​អ្នក​ឃើញ​ មិន​មែន​ការ​ពិត​ដែល​ដែល​អ្នក​ដឹង​នោះ​ទេ។

រូបតំណាង

ពេល​ខ្លះ មនុស្ស​ស្រី​កាន់​តែ​រឹង​មាំ ក៏​កាន់​តែ​ឯកា ហើយ​មនុស្ស​កាន់​តែ​រីករាយ​នៅ​មុខ​អ្នក​ដទៃ ក៏​អាច​កាន់​តែមាន​រឿង​ពិបាក​ចិត្តច្រើន​កប់​ក្នុង​ចិត្តដែរ ៕

ចុចអាន៖ពេល​មនុស្ស​កាន់​តែ​ចាស់ចិត្ត​ចាស់​គំនិត​ អារម្មណ៍​បែប​នេះ​នឹង​កើត​ឡើង​ដោយ​ឯកឯង​

អត្ថបទ៖ ផេង ផលធិតា