សញ្ញា ៧ យ៉ាង បញ្ជាក់ថាអ្នកជាមនុស្សចិត្តចង្អៀតពេកហើយ

  • 2020-04-07 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​ឭ​ពាក្យ​ថា "​ចិត្ត​ចង្អៀត" មនុស្ស​ភាគ​ច្រើន​បាន​​​មាន​គំនិត​អវិជ្ជមាន​ទៅ​លើ​​នរណា​ម្នាក់​បាត់​ទៅ​ហើយ។ តែ​ការ​ពិត​មិន​មែន​សុទ្ធ​តែ​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ។ មនុស្ស​ដែល​មាន​អត្តចរិត​បែប​នេះ​ក្នុង​ខ្លួន អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​គ្នា​ដូចជា បទពិសោធ​ពេលអតីតកាល របៀប​អប់រំ​នៅ​ក្នុង​គ្រួសារ ឬ​​មជ្ឈដ្ឋាន​​ដែល​ពួក​គេរ​ស់​នៅ​​​ជា​ដើម​។

ឥលូវ​សាក​សង្កេត​មើល​ខ្លួន​ឯង​សិន ថា​តើ​អ្នក​ជា​មនុស្ស​​ដែល​មាន​ចិត្ត​ចង្អៀត​ដែរ​ឬ​យ៉ាង​ណា​?

​​​១. ស្តាប់​តែ​​​គំនិត​យោបល់​ខ្លួន​ឯង

រូបតំណាង

ជា​ការពិត​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​​​ចេះ​ពឹង​ផ្អែក​និង​​មាន​​គំនិត​ផ្ទាល់​ខ្លួន ប៉ុន្តែ​សម្រាប់​មនុស្ស​ចិត្ត​ចង្អៀត​​​វិញ តែង​តែ​យក​គំនិត​ខ្លួន​ឯង​ជាធំ ដោយ​មិន​ស្តាប់​ហេតុផល​និង​យោបល់​​បី​​អ្នក​ដទៃ​​ទាល់​តែ​សោះ។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង មាន​បញ្ហា​ដោះ​​ស្រាយ​ពុំ​ចេញ ក៏​មនុស្ស​ប្រភេទ​នេះ​ នៅ​តែ​ជឿជាក់​ខ្លាំង ហើយ​យល់​ថា​គំនិត​ខ្លួន​ឯង​ត្រឹម​ត្រូវ​ជា​​និច្ច​ ថែម​ទាំង​មិន​​ចូល​ចិត្ត​នរណា​ ដែល​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​។

២. ចាត់​ទុក​អ្នក​ផ្សេង​ជា​មនុស្ស​ល្ងង់

​​មនុស្ស​ដែល​មិន​ចេះ​ទទួល​យក​ មិន​​ស្តាប់​គំនិត​ល្អៗ​ពី​​អ្នក​ដទៃ តែង​មើល​ឃើញ​​​​និង​ចាត់​ទុក​​ថា​គេ​ល្ងង់​ជាង​ខ្លួន​ឯង។ ចំណែក​ឯ​ការ​គិត​ដាច់​អហង្ការ​ គឺ​គ្មាន​នរណា​អាច​យក​​ប្រៀប​បាន។

៣. មិន​ចុះ​ចំណោម​ក្នុង​សង្គម

រូបតំណាង

​ដោយ​សារ​តែ​​ភាព​មានៈ មិន​​បើក​ចិត្ត​ឲ្យ​ទូលាយ ធ្វើ​ឲ្យ​មាន​គម្លាត​ឃ្លាត​ឆ្ងាយ​ពី​គេ​ឯង​។ ពួក​គេ​មិន​សូវ​ជា​ចុះ​ចំណោម​​នៅ​ក្នុង​សង្គម​ប៉ុន្មាន​ទេ ព្រោះ​មិន​អាច​បន្ត​ការសន្ទនា​ ចូលរួម​ចែក​រំលែក​គំនិត​យោបល់​ល្អៗ​ជា​មួយ​គេ​ឯង​នោះ​ឡើយ​។ ការនិយាយ​វែក​ញែក​ចង់​ឈ្នះ​ផ្តាច់​មុខ ធ្វើ​ឲ្យ​ពួក​គេ​​​មាន​ភាព​ខ្សោះ​ខ្សោយ ​ក្នុង​ទំនាក់ទំនង​សង្គម​។

៤. មិន​ជឿ​ពាក្យ​សម្តី​អ្នក​ដទៃ

ទោះ​បី​អ្នក​ដទៃ​​និយាយ​អ្វី​ ដែល​មាន​ហេតុផល​​និង​ភស្តុតាង​ច្បាស់​លាស់ ក៏​មនុស្ស​ចិត្ត​ចង្អៀត មិន​អាច​ជឿជាក់​​ទុកចិត្ត​នោះ​ដែរ។

៥. មិន​ទទួល​យក​អ្វី​ថ្មីៗ

​អ្នក​មាន​ចិត្ត​ទូលាយ តែង​ហ៊ាន​ទទួល​យក​ហេតុការណ៍​និង​អ្វី​ដែល​ពុំ​ធ្លាប់​ឆ្លង​កាត់​ពី​មុន។ ខុស​ពី​អ្នក​​មាន​​ចិត្ត​ចង្អៀត ដែល​មិន​ស្វាគមន៍​នូវ​រឿង​ថ្មី​សម្រាប់​ជីវិត ព្រោះ​គិត​ថា​គ្រប់​យ៉ាង​មិន​អាច​ទៅ​រួច និង​ខ្វះ​ភាព​ជឿជាក់​នៅ​ក្នុង​ខ្លួន​។

រូបតំណាង

៦. ទាក់ទង​មិត្តភ័ក្ត​តែ​ពេល​ជួប​បញ្ហា​

ពេល​វេលា​សុខ​ស្រួល គឺ​ពុំ​ដែល​នឹក​គិត​ដល់​នរណា​ម្នាក់​ឡើយ​​។ ដល់​ពេល​ជួប​បញ្ហា មាន​ទុក្ខ​លំបាក ទើប​មាន​ចិត្ត​ចង់​ទៅ​រាប់​អាន ខល​សួរ​សុខ​ទុក្ខ​ដើម្បី​ពឹង​គេ​ឲ្យ​ជួយ។

៧. មិន​ចូលចិត្ត​ឲ្យ​គេ​រិះគន់ ប៉ុន្តែ​ចូល​ចិត្ត​រិះគន់​គេ

​​មនុស្ស​ប្រភេទ​នេះ មិន​ចូលចិត្ត​​ទេ​ពេល​មាន​អ្នក​ផ្សេង​​រិះ​គន់ សូម្បី​តែ​គេ​ចង់​ជួយ​កែលម្អ​សោះ ក៏​ខឹង​អាក់​អន់​ស្រពន់​ចិត្ត​ដែរ។ តែ​បើ​រឿង​និយាយ​រិះ​គន់​គេ​វិញ គឺ​​ប៉ិន​ប្រសប់​លេខមួយ ព្រោះ​គិត​ថា​​គ្រប់​ម៉ាត់​ដែល​ខ្លួន​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ​។

​ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា​ ខ្លួន​ឯង​កំពុង​តែ​មាន​ចំណុច​ណា​មួយ​ដែល​បាន​រៀប​រាប់​ខាង​​លើ គួរ​ព្យាយាម​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​។ រៀន​រស់​​ធ្វើ​ជា​មនុស្ស​ចិត្ត​ទូលាយ ទើប​អាច​បំពេញ​​សុភមង្គល​ឲ្យ​​ខ្លួន​ឯង​និង​​ភាព​ស្រស់​បំព្រង​ដល់​អ្នកដទៃ​​បាន៕​​​​

រូបតំណាង

ចុចអានបន្ត៖ គុណសម្បត្តិ ៥ យ៉ាងនៃការរៀនតាមអនឡាញសម្រាប់សិស្សនិសិត្ស

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី