កន្លែងគួររៀបចំទទួលទេវតាឆ្នាំថ្មី ដើម្បីនាំលាភសំណាងចូលផ្ទះ
- 2020-04-07 08:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងគួររៀបចំទទួលទេវតាឆ្នាំថ្មី ដើម្បីនាំលាភសំណាងចូលផ្ទះ
ប៉ុន្មានថ្ងៃមុនពេលបុណ្យចូលឆ្នាំមកដល់ រឿងដែលប្រជាជនខ្មែរភាគច្រើននិយមធ្វើមុនគេបង្អស់ គឺប្រាកដជារៀបចំផ្ទះសម្បែង។ ប៉ុន្តែការរៀបចំផ្ទះសម្បែងនេះ មិនមែនចេះតែធ្វើៗនោះទេ។ ការរៀបចំផ្ទះសម្បែងសម្រាប់ស្វាគមន៍បុណ្យចូលឆ្នាំ ត្រូវបានអាចារ្យវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ លោកតា សៅ សារឿន យល់ថា សំខាន់ណាស់ ព្រោះវានឹងផ្ដល់សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។
លោក តាមានប្រសាសន៍ថា ដំបូង សមាជិកគ្រួសារនីមួយៗគប្បីបោសសំអាតផ្ទះជូតផ្ទះ បោសពីងពាង រៀបចំទុកដាក់របស់របរក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ ជូតលាងជាមួយសាប៊ូ បាញ់ទឹកអប់ឲ្យក្រអូបសាយពេញផ្ទះជាដើម ដើម្បីទទួលបានសិរីជ័យលាភមង្គល និងអារម្មណ៍សប្បាយរីករាយក្នុងឱកាសឆ្នាំថ្មី។
ក្រោយ ពីសម្អាតផ្ទះសម្បែងហើយ លោកអាចារ្យ សៅ សារឿន មានប្រសាសន៍បន្តថា៖ “គេអាចតុបតែងផ្ទះតាមវិធីរបស់គេ ដោយផ្អែកលើលទ្ធភាពគ្រួសារនីមួយៗ។ អ្នកខ្លះជួលគេមកតុបតែងផ្ទះ ដោយទិញគ្រឿងលំអ រៀបបិទបូ ឬទិញបដារនាំងបូដែលមានអក្សរ សួស្ដីឆ្នាំថ្មី មកបិទនៅខ្លោងទ្វារក៏មាន”។
អាចារ្យវត្តដដែល ពន្យល់ពីសិរីសួស្ដីបានមកពីការតុបតែងលំនៅឋាននេះថា៖ “ក្នុងឱកាសចូលឆ្នាំថ្មី អ្វីៗត្រូវផ្លាស់ប្ដូរ លាងជម្រះរឿងអាក្រក់ចាស់ចោល មកចាប់យករឿងល្អថ្មីៗពីឆ្នាំថ្មី ទើបនាំឲ្យចិត្តរបស់យើងជ្រះស្រលះទៅតាមនោះ។ បើសិនជាមានរបស់បែកបាក់ ឬខូច ត្រូវយកទៅជួសជុល ឬផ្លាស់ដោយរបស់ថ្មីទៅតាមលទ្ធភាព”។
លើសពីនេះ អាចារ្យវត្តបន្ថែមថា បើម្ចាស់ផ្ទះនីមួយៗអាចនិមន្តព្រះសង្ឃមកប្រោះព្រំដើម្បីបើក សិរីសួស្ដីទៀត គឺរឹតតែល្អ នឹងនាំសេចក្ដីសុខចម្រើន៕