ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ
- 2020-04-04 15:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ
នៅពេលដែលប្ដី ប្រពន្ធ បានសម្រេចចិត្តដឹកដៃគ្នាកសាងគ្រួសារមួយ ប្រាកដណាស់អ្នកបានចំណាយពេលវេលាតិច ឬច្រើនទៅតាមគូស្នេហ៍នីមួយៗ។ មិនថាអ្នកបានស្រឡាញ់គ្នាខ្លាំង ឬល្មមៗនោះទេ អ្នកតែងមានក្ដីប្រាថ្នាចំពោះចំណងស្នេហ៍មួយដែលល្អប្រសើរ និងមានសុភមង្គល ហើយខ្លាចបំផុត គឺការបែកបាក់។ តែជាលទ្ធផល គឺវាមិនអាចចេះតែទទួលបានផលដូចគ្នានោះទេ គឺវាអាស្រ័យលើទង្វើផ្ទាល់របស់អ្នក។
ចំពោះចំណងស្នេហ៍ច្រើនតែបែកបាក់អាចងាយបែកបាក់ ឬដាច់ដោចផុយៗ ប្រសិនបើគូស្នេហ៍របស់អ្នកលេចចេញនូវទង្វើទាំង ៣ដូចខាងក្រោម៖
១. មិនចេះផ្ដល់តម្លៃ និងលែងគោរពគ្នា
ចំណុចនេះវាពិតជាស្មុគស្មាញច្រើន ហើយអាចកើតឡើងខុសៗគ្នា ទៅតាមគូស្នេហ៍នីមួយៗ! អ្នកអាចងាយបែកគ្នា បើអ្នកចូលចិត្តការរក្សានូវគំនិតអវិជ្ជមាន និងមិនចេះផ្ដល់តម្លៃឲ្យគ្នា។ គូស្នេហ៍ខ្លះអាចបែកគំនិត ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ឬមិនចេះយោគយល់គ្នា។ ឧទាហរណ៍៖ បើប្ដីខ្លះ ជាអ្នកធ្វើការងារ និងជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ចំណែកប្រពន្ធជាមេផ្ទះ គ្មានចំណូលសោះ។
ជួនកាលប្ដីហត់នឿយនឹងការងារខ្លាំង អាចខឹងមួម៉ៅ រហូតលែងមានពេលវេលាជាមួយគ្រួសារ។ អ្នកអាចឈានទៅស្ដីថាឲ្យប្រពន្ធ ថាចាំតែគេចិញ្ចឹម មិនចេះធ្វើការរកលុយដូចប្រពន្ធគេ ឬថាឲ្យនាងនៅតែទំនេរដេកផ្ទះ ខណៈអ្នកមិនដែលដឹងថា នាងក៏ហត់នឿយ គ្មានពេលសម្រាក វក់វីនឹងចង្ក្រានជើងឆ្នាំងពេញមួយថ្ងៃៗ។
បើអ្នកមានគំនិតបែបនេះ គឺអ្នកខុសធ្ងន់ហើយ! ព្រោះថាសូម្បីតែច្បាប់ក៏គេឲ្យតម្លៃការងារផ្ទះ ថាមានតម្លៃស្នើនឹងការងារក្រៅដែរ។ ការអត់ធ្មត់របស់មនុស្សស្រី តែងមានកំណត់ បើអ្នកហ៊ាន និយាយបែបនេះ ទាំងទទឹងទិស អ្នកនឹងប្រឈមការបាត់បង់ប្រពន្ធល្អម្នាក់ជាមិនខាន។
២. អស់អារម្មណ៍រៀងខ្លួន
គូស្នេហ៍ដែលមានប្រវត្តិប្រេះឆា ច្រើនតែលែងមានការស្រឡាញ់គ្នាដូចគ្រាដើម។ ដំបូងៗ គ្រប់អ្វីៗក៏ពណ៌ស៊ីជម្ពូ តែក្រោយមកគឺថាប្រែជា ពណ៌ស្វាយ ជាំខ្មៅ។ ពេលខ្លះអាចមកពីអ្នកផ្ដល់តម្លៃលើសម្រស់ខាងក្រៅខ្លាំងពេក ដែលវាងាយបាត់បង់ទៅតាមពេលវេលា។ ភាគច្រើនមនុស្សស្រីតែងងាយប្រឈមក្រោយពេលនាងមានកូន ឬរវល់ខ្លាំងនឹងការងារក្នុង និងក្រៅផ្ទះ ដែលអាចឲ្យនាងអាចងាយធាត់ និងបាត់បង់រូបសម្ផស្ស១ភាគធំ។
៣. គ្មានទិសដៅរួមគ្នា
វាជាចំណុចធំមួយ ដែលវាអាចបង្ហាញពីអនាគតនៃចំណងស្នេហ៍របស់អ្នក ថាអាចបន្ត ឬព្រាត់ប្រាសគ្នា។ វាច្រើនតែលេចចេញ នៅពេលដែលអ្នកទាំងពីរត្រូវសម្រេចចិត្តលើរឿងអ្វីមួយរួមគ្នា មិនថារឿតូច ឬធំ។ អ្នកទាំងពីរ តែងតែមិនអាចសម្រេចវាបាន ព្រោះម្នាក់ចង់ទៅឆ្វេង ហើយម្នាក់ទៀតបែរជាទៅស្ដាំ។
ឧទាហរណ៍៖ ប្រពន្ធចង់ទិញផ្ទះ ប៉ុន្តែប្ដីបែរជាចង់ទុកលុយទិញឡានថ្មី ដូរស៊េរីឲ្យទាន់សម័យ ខណៈខ្លួនស្នាក់ផ្ទះជួលគេនៅឡើយ។ ពេលខ្លះដោយសារហេតុផលខាងលើៗគួបផ្សំផង អ្នកសឹងតែលែងអាចជាដៃគូជជែកគ្នាដើម្បីធ្វើសេចក្ដីសម្រេចចិត្តរួមគ្នា ឬការធ្វើផែនការរួមសម្រាប់គ្រួសារ។ បន្ទាប់មកពួកគេក៏សម្រេចចិត្តចែកផ្លូវគ្នាដើរ ដោយសន្តិវិធី ឬខ្លះឈានទៅជាមានភាពល្អក់កករ សូម្បីតែស្រមោលគ្នាក៏មិនចង់ឃើញក៏មាន។
ទាំងអស់នេះគ្រាន់តែជាចំណុចខ្លះ ក្នុងចំណោម បទពិសោធន៍នៃគូស្នេហ៍ប្រេះឆា ដែលបានចែករំលែកមកកាន់ក្រុមការងារ កញ្ញា ក្នុងចំណោមបញ្ហាដទៃទៀត មុនពួកគេឈានដល់ផ្លូវស្នេហ៍បែកបាក់។ ប្រសិនបើបើប្រិយមិត្តមានមតិយោបល់ ឬបទពិសោធន៍ផ្សេងទៀត សូមចែករំលែកមកកាន់ក្រុមការងារយើង។